website_news:2018240104

សម្តេចក្រឡាហោម ៖ ឆ្នាំ២០១៨ ត្រូវរួមគ្នាបិទច្រករបៀងឱ្យបាន

http://www.rasmeinews.com/ January 24, 2018, 8:03 AM

(បាត់ដំបង)៖នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «ឆ្នាំ២០១៨ ត្រូវបិទច្រករបៀងឱ្យបាន» បើមិនអីចឹងទេ ទំនិញវាមកតាមច្រករបៀង ហ្នឹងធ្វើឱ្យរដ្ឋខាតបង់ថវិការាប់លានដុល្លារ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា មិនមែនតែទំនិញគេចពន្ធទេ វាមានការរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀន វាមកតាមច្រករបៀងហ្នឹងនេះ ជាបញ្ហាដ៍គ្រោះថ្នាក់ បើសិនជាយើងធ្វើមិនបានត្រឹមត្រូវ។ យើងលើកទឹកចិត្ត ដើម្បីឳ្យអាជ្ញាធរខេត្ត អាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធ បន្តធ្វើការងារនេះ ឳ្យបានល្អ។ ការពិតយើងមានយន្តការច្រើនណាស់ តែកិច្ចប្រតិបត្តិការព្រំដែននោះ រួមទាំងយន្តការប្រជុំរវាងខេត្តនិងខេត្តជាប់ព្រំដែនកម្ពុជាថៃ ដែលយើងបានអនុវត្តជាបន្តបន្ទាប់។ ប៉ុន្តែមានការខកខានខ្លះ ដោយព្រះមហាក្សត្រថៃ ចូលទិវង្គត គឺខកខានមួយឆ្នាំហើយ នៅឆ្នាំ២០១៧ យើងប្រជុំនៅភ្នំពេញ ហើយឆ្នាំក្រោយ ២០១៨ យើងនឹងទៅប្រជុំនៅប្រទេសថៃម្តង។ មានបញ្ហាតិចតួចកើតឡើងតាមព្រំដែនមិនបាច់ទៅថ្នាក់លើទេ គឺខេត្តនិងខេត្ត ដោះស្រាយជាមួយគ្នាដូចជាបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសទំនិញរត់ពន្ធ លាងលុយកខ្វក់ ឬក៍បទល្មើសតួចតាចផ្សេងៗទៀត។

សម្តេចក្រឡាហោម បានបន្តថា ក្រោយប្រជុំជាមួយរដ្ឋមន្ត្រី អានុពង្ស ផៅចិន្តា ទាក់ទងនឹងការបាញ់សម្លាប់មនុស្ស ពេលដែលពលរដ្ឋខែ្មរ ចូលទៅកាប់ឈើគ្រញូង នៅក្នុងទឹកដីថៃ។ តើមូលហេតុ ពិតមកពីអ្វី មកពីគ្មានអ្នកទិញឈើគ្រញូងទៀត ដល់អីចឹងទៅ ក៍អត់មានអ្នកចូលទៅកាប់ដែរ។ ទ្រឹស្តីវាឡូស៊ីកអីចឹង «បើគ្មានអ្នកទិញ ក៍គ្មានអ្នកលក់ដែរ»។ មកពីមូលហេតុហ្នឹង ឬមួយក៍មូលហេតុយើងអប់រំប្រជាជន មិនឳ្យចូលដីថៃកាប់ឈើ។ ចំណែកខាងថៃ គេអប់រំកម្លាំងឈរជើងតាមព្រំដែន មិនឳ្យបាញ់សម្លាប់។ ពីព្រោះរឿងកាប់ឈើគ្រញូងនេះ មានអ្នកកាប់ខ្លះមិនទាំងស្គាល់ឈើគ្រញូងផង ពួកគាត់មិនមែនជាអ្នកនៅជាប់ព្រំដែនទេ មានអ្នកខ្លះ មកពីខេត្តព្រៃវែង ស្វាយរៀង មិនដឹងថា ឈើគ្រញូង វាមានពណ៌ខ្មៅ ពណ៌ស ខៀវ ឬក្រហមទេ ម៉េចបានជាដឹងថា ដើមគ្រញូង ដើមពីកន្លែងដើមគ្រញូងដុះទៀត វាមានអ្នកនាំទៅកាប់ ទៅចង្អុលឳ្យកាប់។

ចំពោះអ្នកកាប់ខ្លះបានត្រឹមតែកាប់ ហើយលីមកឳ្យគេ ក្រៅពីហ្នឹងអត់បានអីទេ ក្រៅពីហ្នឹងមានតែបាត់ទៅវិញ បាត់គឺត្រូវគេបាញ់ចោល។ អ្នកដែលបានផលប្រយោជន៍ គឺឈ្មួញខែ្មរនិងឈ្មួញថៃ។ តែឥឡូវវាអត់ានបញ្ហានេះទៀតទេ តាំងពីមុនប្រជុំខែ៧ឆ្នាំ២០១៧ មានម្តងនៅខេត្តព្រះវិហារ ក្រោយមកអត់មានការបាញ់សម្លាប់ប្រជាពលរដ្ឋខែ្មរ ចូលទៅកាប់ឈើទៀតនេះ នេះគឺជាជោគជ័យមួយធំណាស់។ ដូចនៅប្រទេសឡាវ ក៏ដូច្នេះដែរ ដោយយើងស្នើសុំឳ្យទុកជីវិតអ្នកចូលដីគេ គឺខុសហើយសុំចាប់ដាក់គុក ឬផ្តន្ទាទោសតាមច្បាប់ទៅ សុំកុំសម្លាប់ចោល។ មកដល់ឥឡូវ អត់មានទៀតទេ គឺជាជោគជ័យធំមួយទៀត។ ដូច្នេះខេត្តជាប់ព្រំដែន ត្រូវខិតខំហៅរកគ្នាទៅវិញទៅមក ប៉ុន្តែមិនមែនក្នុងន័យ លក់អធិបតេយ្យភាព លក់ឯករាជ្យភាពរបស់យើងទេ ក្នុងន័យការពារផលប្រយោជន៍របស់ប្រជាជន។

ប្រជាជនទាំងសងខាង ខុសឆ្គងតិចតួច ត្រូវចេះអធ្យាស្រ័យឳ្យគ្នា។ កុំគិតថា ខែ្មរយកផលប្រយោជន៍ពីថៃ តាមរយៈពលករ។ ចំណែកថៃ យកផលប្រយោជន៍ពីខែ្មរ ក៍មិនស្ទើរដែរ ដូចជាការនាំទំនិញរបស់គាត់ រាប់ពាន់មុខចូលមកលក់នៅកម្ពុជា បើកម្ពុជាមិនទិញ១ឆ្នាំៗ រាប់ពាន់លាន ចូលមកស្រុកខែ្មរ។ ដូច្នេះទេ វាមានផលប្រយោជន៍ទៅវិញទៅមក។ ចុងក្រោយ សម្តេចក្រឡាហោម បានដាក់ផែនការ ក្នុងឆ្នាំ២០១៨ ត្រូវលុបបំបាត់ឳ្យអស់បទល្មើសគ្រឿងញៀន ធើ្វឳ្យបានជោគជ័យ ដូចគ្នានឹងបញ្ហាចរាចរណ៍ ជួញដូរមនុស្ស ត្រូវតែខិតខំធ្វើឳ្យបានសម្រេច នៅឆ្នាំនេះ។ ក្នុងឳកាសនោះ ក៍មានបំពាក់គ្រឿងឥស្សរិយយស ដល់មន្ត្រីរាជការមួយចំនួនផងដែរ៕ដោយ៖គ្រញូង/sn

website_news/2018240104.txt · Last modified: 2018/01/24 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki