website_news:2018240105

លោកជំទាវ ម៉ែន សំអន៖ រាជរដ្ឋាភិបាលនៅតែបន្ដយកចិត្ដទុកដាក់ជាមួយពលករ ពលការិនីខ្មែរនៅប្រទេសថៃ

http://www.akp.gov.kh/ AKP ភ្នំពេញថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូទៅជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដជាមួយពលករ ពលការិនីខ្មែរប្រមាណជាង ៧០០នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតអាហារសមុទ្រនៅខេត្ដសមុទ្រសាខនប្រទេសថៃ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។

តាមការឱ្យដឹងពីឯកឧត្តម ចាប សុថារិទ្ធ នាយកខុទ្ទកាល័យលោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថាថ្លែងក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តល់កម្លាំងចិត្តឱ្យពលករ ពលការិនីខ្មែរទាំងអស់ប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្មថែមទៀត ដើម្បីទទួលបានប្រាក់ខែខ្ពស់ និងទទួលការពេញចិត្តពីថៅកែរោងចក្រ។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជានិច្ចកាលតែងតែមានមនោសញ្ចេត នាជិតស្និទ្ធជាមួយប្រជាជន និងពលករ ពលករ ពលការិនី ដែលកំពុងធ្វើការនៅក្នុងស្រុក និងនៅក្រៅប្រទេស។

លោកជំទាវបានបន្តថា ជាក់ស្តែងដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តីក៏សម្តេចនៅតែគិតគូរ និងបានចាត់តាំងថ្នាក់ដឹកនាំមួយចំនួនទៀតរួមមាន៖ រូបខ្ញុំម៉ែន សំអន,លោកជំទាវ បាន ស្រីមុំ, ឯកឧត្ដម អ៊ិត សំហេង ឯកឧត្ដម ហ៊ុន ម៉ាណែត ឯកឧត្ដម ហ៊ុន ម៉ានី និង ឯកឧត្ដម ព្រុំ សុខា ជាតំណាងមកជួបសំណេះ សំណាលជាមួយបងប្អូនដើម្បីសាកសួរសុខទុក្ខ និងចែករំលែកព័ត៌មាន និងជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបងប្អូន ពលករ ពលការិនីជួបប្រទះ។ លោកជំទាវបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ដល់លិខិតឆ្លងដែនជូនពលករ ពលការិនីយើងដោយឥតគិតថ្លៃ និងបានរៀបចំគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេសជួយសម្រួលឱ្យបងប្អូនពលករ ពលការិនីយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។

ដោយឡែក ភាគីកម្ពុជាបានបើកយុទ្ធនាការ ១០០ថ្ងៃ ដោយផ្ដល់ឯកសារជាលិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស(OCWC) ជូនពលករពលការិនីយើងបានចំនួន១៦ ទៅ១៧ម៉ឺននាក់រួចហើយ។ ការធ្វើ TD និង OCWC ថ្មី ដោយប្រើរយៈពេលតែមួយថ្ងៃ តម្លៃ២.៣៥០បាត និងបញ្ជូនបុគ្គលិក ៣៦០នាក់ មកបំពេញបេសកកម្មនេះ។ សូមបញ្ជាក់ថា រហូតមកពេលនេះពលករ ពលការិនីកម្ពុជា មកធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបប្រមាណជាង ១លានាក់។ រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើទំនាក់ទំនងការងារឱ្យស្របច្បាប់ និងផ្ដល់សិទ្ធិឱ្យពលករ ពលការិនីកម្ពុជារស់នៅ ធ្វើដំណើរ និងធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃ អាចសុំទិដ្ឋាការស្នាក់នៅ (Stay Permit) និងសៀវភៅការងារ (Work Permit) ពីអាជ្ញាធរថៃប្រមាណ៨០ភាគរយហើយ។ នៅសល់តែ២០ភាគរយទៀត រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញឱ្យមន្ដ្រីពាក់ព័ន្ធ សហការជាមួយអាជ្ញាធរភាគីថៃ ផ្ដល់លិខិតស្នាក់នៅនិងធ្វើការដោយស្របច្បាប់ ឱ្យបានរួចរាល់នៅឆ្នាំ២០១៨នេះ ។

លើសពីនេះទៀតបងប្អូនក៏អាចទទួលបាននូវការការពារសិទ្ធិតាមច្បាប់ ទទួលបានប្រាក់ឈ្នួលសមស្រប មានសិទ្ធិបើកគណនីធនាគារ និងអាចធ្វើប័ណ្ណបើកបរបាន ។ជាមួយគ្នានោះដែរ លោកជំទាវមានប្រសាសន៍ផ្ដាំផ្ញើរថា បងប្អូនពលករខ្មែររស់នៅនិងធ្វើការងារត្រូវគោរពច្បាប់ប្រទេសថៃ ដាច់ខាតមិនត្រូវប្រព្រឹត្តិបទល្មើសដូចជា អំពើហឹង្សាគ្រឿងញៀនជាដើម ។ កុំជឿតាមការញុះញង់របស់គណបក្សប្រឆាំងដែលមានបំណងបំផ្លាញសន្តិភាព និងរារាំងដល់ការអភិវឌ្ឍប្រទេស ។

ចំណែកឯថៅកែក្រុមហ៊ុនសូមបន្តទទួលយកពលករខ្មែរបន្ថែមទៀត និងត្រូវអាណិត ស្រឡាញ់ពលករខ្មែរ ដូចពលករថៃផងដែរ ។ ដោយឡែកស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ សូមបន្តការយកចិត្តទុកដាក់តាមដាន និងជួយដោះស្រាយរាល់បញ្ហានានារបស់ពលករខ្មែរ ស្របតាមច្បាប់អន្តរជាតិ ច្បាប់ប្រទេសថៃ និងស្មារតីនៃអនុស្សរណៈយោគយល់គ្នា( MOU) ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នាកន្លងម៕ដោយសួស សំរិត

website_news/2018240105.txt · Last modified: 2018/01/24 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki