website_news:2018240106

មនុស្សរាប់សិបនាក់ ត្រូវគេឆបោកដោយសន្យានាំទៅធ្វើការនៅ ជប៉ុន

http://www.postkhmer.com/ Tue, 23 January 2018 យន់ ស៊ីនាត

កណ្តាលៈមានមនុស្សរាប់សិបនាក់ នៅក្នុងខេត្តកណ្តាល បានធ្វើការចោទប្រកាន់ ឈ្មួញកណ្តាល ក្នុងមូលដ្ឋានម្នាក់ថា បានឆបោកប្រាក់ពួកគាត់ អស់ប្រាក់រាប់ពាន់ដុល្លារ ដោយបានសន្យាថា នឹងផ្តល់ការងារឱ្យពួកគេនៅប្រទេសជប៉ុន ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមិនដែលបានទទួលការងារនោះទេ។ អ្នកស្រី រ័ត្ន សុភឿន អាយុ ៣៨ ឆ្នាំដែលតំណាងឱ្យជនរងគ្រោះ មកពីឃុំបន្ទាយដែក ស្រុកគៀនស្វាយបានឱ្យដឹងថា អ្នកស្រីបានចំណាយប្រាក់អស់ ៣ ពាន់ដុល្លារ ទៅឱ្យឈ្មួញកណ្តាលម្នាក់នោះ ដែលមកពីឃុំជិតខាង ដើម្បីរកការងារឲ្យរូបគាត់ និងប្តីរបស់គាត់ កាលពីឆ្នាំ ២០១៦។

អ្នកស្រី សុភឿន ថ្លែងថា អ្នកស្រីចាប់ផ្តើមមានការសង្ស័យ បន្ទាប់ពីឈ្មួញកណ្តាលរូបនោះ បានពន្យារពេលពីដំបូងរហូតដល់ខែមីនាឆ្នាំ ២០១៧ និងបន្ទាប់មកទៀត ពន្យារហូតដល់ខែតុលាឆ្នាំ ២០១៧។ អ្នកស្រីសុភឿនបញ្ជាក់ថា អ្នកស្រីក៏មានការសង្ស័យផងដែរ ពីព្រោះអ្នកស្រីត្រូវបានគេបញ្ជូនឲ្យទៅរៀននៅសាលាភាសាជប៉ុនមួយ ដែលមើលទៅហាក់ដូចជាផ្ទះរបស់នរណាម្នាក់។ បើតាមអ្នកស្រី សុភឿន អ្នកភូមិប្រមាណ ៣០ នាក់ នៅក្នុងឃុំរបស់អ្នកស្រី បានសំរេចចិត្តដាក់ពាក្យបណ្តឹងបន្ទាប់ពីពួកគេ បានរកឃើញថា ស្ត្រីម្នាក់ឈ្មោះ អៀត សារឹម អាយុ ៥៣ ឆ្នាំ ត្រូវបានចាប់ខ្លួននិងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំ ពីបទលួចបន្លំមួយផ្សេងទៀត ដែលមិនទាក់ទឹននឹងករណីនេះកាលពីខែវិច្ឆិកា។

អ្នកនាំពាក្យតុលាការខេត្តកណ្តាល លោក ទិន សុចិត្រា បានឲ្យដឹងថា តុលាការបានទទួលពាក្យបណ្តឹងរបស់អ្នកស្រីសុភឿនរួចហើយ ដែលបានចុះហត្ថលេខា ដោយជនរងគ្រោះ ៥ នាក់ ប៉ុន្តែលោកបញ្ជាក់ថា តុលាការនៅតែស៊ើបអង្កេតនៅឡើយ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ក៏បានរំលឹកដល់អ្នកស្វែងរកការងារធ្វើទាំងនោះ ឲ្យមានការប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានហ្មត់ចត់ មុនពេលសម្រេចចុះឈ្មោះជាមួយ ឈ្មួញកណ្តាលឯករាជ្យណាមួយនោះ។ លោកថ្លែងថា៖«នោះហើយជាមូលហេតុដែលយើងតែងតែស្នើឱ្យអ្នកដែលកំពុងស្វែងរកឱកាសបណ្តុះបណ្តាល ទៅធ្វើការនៅប្រទេសជប៉ុន ត្រូវតែត្រួតពិនិត្យឈ្មោះភ្នាក់ងារទាំងនោះ ឲ្យបានហ្មត់ចត់មុនពេលពួកគេ សម្រេចចិត្តចុះឈ្មោះជាមួយភ្នាក់ងារណាមួយ ឬមនុស្សណាម្នាក់»៕ NS

website_news/2018240106.txt · Last modified: 2018/01/25 10:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki