website_news:2018240107

អនិកជនខ្មែរម្នាក់ ត្រូវជំនុំជម្រះរឿងឆបោកប្រាក់រាប់ម៉ឺនដុល្លារ

http://www.postkhmer.com/ Tue, 23 January 2018 នៀម ឆេង

ភ្នំពេញៈ បុរសអនិកជនម្នាក់ ត្រូវបានតុលាការបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ ពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ ពីជនរងគ្រោះ ៩ នាក់ដោយសន្យាថា នឹងបញ្ជូនពួកគេទៅធ្វើការនៅប្រទេសអូស្ត្រាលី ប៉ុន្តែ មិនបានបញ្ជូនពួកគេទៅតាមការសន្យានោះទេ។

ជនជាប់ចោទមាន ឈ្មោះ វ័ន្ត យ៉េនវីលៀម អាយុ ៤៧ ឆ្នាំ ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនកាលពីចុងខែមិថុនា ឆ្នាំ ២០១៧ តាមបណ្ដឹងរបស់ជនរងគ្រោះ។ សវនាការនេះ មានលោក សេង លាង ចៅក្រមជំនុំជម្រះនិងលោកស្រី ស៊ឺ វណ្ណនី ជាព្រះរាជអាជ្ញា។

លោកស្រី ស៊ឺ វណ្ណនី បានថ្លែងក្នុងសវនាការថា ជនជាប់ចោទ វ័ន្ត យ៉េនវីលៀម ពិតជាបានប្រព្រឹត្តបទល្មើសឆបោកពិតប្រាដកមែន កាលពីអំឡុងឆ្នាំ ២០១៥ ហើយលោកស្រីស្នើឲ្យចៅក្រមផ្តន្ទាទោសជនជាប់ចោទតាមច្បាប់។លោកស្រីថ្លែងថា៖ «កាលពីអំឡុងឆ្នាំ ២០១៥ ឈ្មោះ វ័ន្ត យ៉េនវីលៀម បាន សន្យាថា នឹងបញ្ជូនជនរងគ្រោះ ៩ នាក់ទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយយកប្រាក់ម្នាក់ៗចាប់ពី ៦ ពាន់ដុល្លារដល់ ២ ម៉ឺនដុល្លារ។ បទល្មើសដែលមានចែងក្នុងមាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ»។

ជនជាប់ចោទ វ័ន្ត យ៉េនវីលៀម បានបដិសេធថា ខ្លួនមិនបានឆបោកទេ ហើយការដែលមិនបានបញ្ជូនជនទាំង ៩ នាក់ទៅអូស្ត្រាលី ដោយសារតែភាគីខាងអូស្ត្រាលី បានពន្យារពេលទទួលយកពួកគេ។ ជនជាប់ចោទនិយាយថា ខ្លួនធ្លាប់បញ្ជូនមនុស្សទៅធ្វើការជាច្រើនមកហើយ។ ជនជាប់ចោទនិយាយថា «ខ្ញុំនឹងលក់ដីមួយកន្លែងនៅកំពង់សោម ដើម្បីសងបំណុលគេ។ ដីខ្ញុំបើលក់បានប្រហែល ៧ម៉ឺនដុល្លារ»។

យោងតាមរបាយការណ៍របស់កងរាជាអាវុធហត្ថក្រុងភ្នំពេញ ជនជាប់ចោទ ទទួលបានសញ្ជាតិអាមេរិក ហើយបានមកបើកអង្គការមិត្តភាពកម្ពុជា ជប៉ុន ដោយខ្លួនមានឋានៈជាប្រធានអង្គការ។ ជនរូបនេះ បានជ្រើសរើសមនុស្សទៅធ្វើការនៅអូស្ត្រាលី ដោយប្រមូលប្រាក់កម្រៃជើងសារ ពី១ម៉ឺនទៅ២ម៉ឺនដុល្លារ។ ក្រោយពេលប្រមូលប្រាក់បានហើយ ជនជាប់ចោទ បាមគេចខ្លួន។ របាយការណ៍បន្ថែមថា ជនជាប់ចោទ ធ្លាប់បានទទួលប្រាក់ពីមនុស្សជាង ៣០ នាក់រួចមកហើយ។ ចៅក្រមជំនុំជម្រះ លោក សេង លាង បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី ៧ ខែកុម្ភៈ៕

website_news/2018240107.txt · Last modified: 2018/01/24 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki