website_news:2018240108

រដ្ឋាភិបាលជប៉ុនអនុញ្ញាតឱ្យនិសិ្សតកម្ពុជាអាចទៅធ្វើការ និងរស់នៅប្រទេសជប៉ុនបានអស់មួយជីវិត

http://www.akp.gov.kh/kh/ AKP សៀមរាប ថ្ងៃទី២៣ ខែមករា ឆ្នំា២០១៨

ប្រធានសហជីពទទួលពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសជប៉ុន បានអះអាងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋជប៉ុនភាគច្រើនមានវ័យចំណាស់ ដែលមិនអាចធ្វើការបាន ហើយដើម្បីឱ្យសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជប៉ុន ចេះតែទៅបានល្អ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យពលករនៃបណ្តាប្រទេសផ្សេងៗ ក្នុងនោះ ក៏មានកម្ពុជាដែរ ចូលទៅនៅប្រទេសជប៉ុនបាន។

នៅក្នុងឱកាសជួបជាមួយនិស្សិតសកលវិទ្យាល័យអង្គរខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក Harima Hiroki ប្រធានសហជីពទទួលពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសជប៉ុន បានបញ្ជាក់ថា ពលករទំាងនោះអាចទៅធ្វើការនៅប្រទេសជប៉ុន បានត្រឹមតែ៣ទៅ៥ឆ្នំាប៉ុណ្ណោះ គឺត្រូវត្រឡប់មកកម្ពុជាវិញ។ តែឥឡូវនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចអនុញ្ញាតឱ្យនិសិ្សតកម្ពុជា ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្ម និងស្ថាបត្យកម្ម នៅសកលវិទ្យាល័យអង្គរអាចទៅធ្វើការ និងរស់នៅប្រទេសជប៉ុនអស់មួយជីវិតបាន។ លោកបានបន្តថា ដោយសារមានកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅក្នុងជំនួបជាមួយនិស្សិតលើកនេះ ខាងសហជីពទទួលពលករ នៃប្រទេសជប៉ុន បាននំាប្រធានក្រុមហ៊ុនសំណង់ធំៗ នៅជប៉ុនប្រមាណជា៤ ក្រុមហ៊ុនឱ្យមកជួបជាមួយនិសិ្សតនៅសកលវិទ្យាល័យអង្គរនេះដោយផ្ទាល់ ដើម្បីធ្វើការទំនាក់ទំនងជាមួយនិស្សិតទាំងអស់នេះដោយផ្ទាល់។

លោកប្រធានសហជីពបានលើកឡើងទៀតថា នៅពេលដែលនិស្សិតណាម្នាក់យល់ព្រមទៅធ្វើការជាមួយក្រុមហ៊ុនណាមួយហើយនោះក្រុមហ៊ុននោះ នឹងចេញថវិកាថ្លៃការសិក្សាទំាងអស់រហូតទល់បញ្ចប់ការសិក្សារួចមកខាងក្រុមហ៊ុន និងរៀបចំឯកសារយកនិសិ្សតនោះទៅធ្វើការនៅប្រទេសជប៉ុនតែម្តង ហើយទៅធ្វើការនេះនិស្សិតអាចទៅរស់នៅមួយជីវិតបាន ឬអាចធានាយកម្តាយឪពុកទៅរស់នៅជាមួយគ្នាក៏បាន។ ទន្ទឹមនេះបច្ចុប្បន្ននៅមានក្រុមហ៊ុនចំនួន៣.០០០ក្រុមហ៊ុនលើគ្រប់វិស័យចាំទទួលពលករ និងអ្នកជំនាញពីកម្ពុជាទៅធ្វើការនៅទីនោះ ហើយមានពលករខ្មែរប្រមាណជា១៥០នាក់ហើយ ដែលបានទៅធ្វើការនៅតាមបណ្តាក្រុមហ៊ុនទំាងនេះ។

លោក សុខ តុញ អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យអង្គរ បានមានប្រសាសន៍ថា នេះជាឱកាសល្អសម្រាប់និសិ្សតទំាងក្នុងការចាប់យកអាជីព ឬជំនាញណាមួយឱ្យច្បាស់លាស់សម្រាប់អនាគត ព្រោះឱកាសទទួលបានទំាងអាហារូបរកណ៍សម្រាប់ការសិក្សា និងមានការងារធ្វើល្អមានកម្រៃខ្ពស់ទៀត បែបនេះមិនងាយ មាននោះទេ។ លោកបានបន្ថែមថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន និស្សិតទំាងអស់ដែលរៀន នៅក្នុងសកលវិទ្យាល័យអង្គរមានឱកាសទៅបន្តការសិក្សាឬទៅធ្វើការនៅប្រទេសជប៉ុនគ្រប់មុខជំនាញ។ ជាមួយគ្នានេះ ក្រៅពីប្រទេសជប៉ុន សាលកវិទ្យាល័យអង្គរ ក៏មានប្រទេសដៃគូធ្វើកិច្ចសហប្រតិបត្តិការ ចំនួន២៣ផ្សេងទៀត ក្នុងនោះមានដូចជា កូរ៉េ ចិន អូស្រ្តាលី និងថៃជាដើម ៕ ដោយ ឃុត សៅ

website_news/2018240108.txt · Last modified: 2018/01/24 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki