website_news:2018240109

អង្គការសម្ព័ន្ធចាប់ដៃ ៖ មកដល់ឆ្នាំ២០១៧ ករណីជួញដូរស្ដ្រីខ្មែរ ទៅក្រៅប្រទេស នៅតែកើតមាន

http://wmc.org.kh ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ អង្គការ សម្ព័ន្ធចាប់ដៃ ដែលធ្វើការងារលើកិច្ចការពារ ស្ដ្រី ពីការជួញ និងការរំលោភបំពានលើកុមារី ទៅក្រៅប្រទេស បានបង្ហាញរបាយការណ៍របស់ខ្លួនថា ក្នុងឆ្នាំ២០១៧ អំពើជួញដូរស្ដ្រី ទៅក្រៅប្រទេសនៅតែកើតមាន។ ប៉ុន្ដែសកម្មភាពនៃការជួយស្ដ្រីរងគ្រោះត្រូវបានរកឃើញច្រើនជាមុន ព្រោះមានការសហការបានល្អជាមួយរដ្ឋាភិបាលកម្ពុជា។ អង្គការសម្ព័ន្ធចាប់ដៃ មានទស្សនវិស័យ ព្យាយាមលុបបំបាត់រាល់អំពើជួញដូរស្ដ្រី និងការរំលោភបំពានទៅលើកុមារ។ អង្គការសង្គមស៊ីវិល ក្រៅរដ្ឋាភិបាលមួយនេះ បានធ្វើការងារជួយដល់ស្ដ្រីខ្មែរ ដែលត្រូវបានជនខិលខូចបោកយកទៅលក់នៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០០៥។

លោក ស្រ៊ន់ ឡង់ដា ប្រធានគម្រោង ក្នុងគម្រោងគាំទ្រករណី នៃការជួញដូរ របស់អង្គការសម្ព័ន្ធចាប់ដៃ បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ កាលពីដើមខែមករា កន្លងទៅនេះថា បញ្ហាពីការជួញដូរស្ដ្រីនៅទៅក្រៅប្រទេសនៅតែកើតមាន។ ក៏ប៉ុន្ដែមិនមានចំនួនច្រើនដូចកាលពីប៉ុន្មានឆ្នាំមុនឡើយ។ លោកបានបន្ដទៀតថា ក្នុងឆ្នាំ២០១៧ អង្គការសម្ព័ន្ធចាប់ដៃ បានទទួលការសហការកាន់តែល្អពីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិ អន្ដរជាតិនានា ដែលបានធ្វើឲ្យអង្គការសង្គមស៊ីវិលមួយនេះ ជួយស្ដ្រីរងគ្រោះពីការជួញដូរ បានរហូតដល់ជាង ១០០ករណី ពីប្រទេសមួយចំនួន ដែលមានដូចជាប្រទេសចិន ថៃ និងប្រទេសម៉ាឡេស៊ី។ យោងតាមតួលេខ ដែលអង្គការសម្ព័ន្ធចាប់ដៃ សហការជាមួយស្ថានទូតខ្មែរ ប្រចាំប្រទេសទាំងប៉ុន្មាននេះ បានធ្វើអន្ដរាគមន៍ជួយស្ដ្រីខ្មែរ ដែលត្រូវបានជនខិលខូចបោកយកទៅលក់នៅក្រៅប្រទេស ឲ្យវិលត្រឡប់មកកាន់ទឹកដីកំណើតវិញ បានបង្ហាញថា ចំនួននេះ មានការកើនឡើងប្រមាណ ១០ករណី បើធៀបនឹងឆ្នាំ២០១៦។

លោក ស្រ៊ន់ ឡង់ដា ៖«នៅពេលដែលយើងបានជួយច្រើន មិនមែនមានន័យថា ករណីជួញដូរហ្នឹងកើនឡើងច្រើនលើសលប់ បើធៀបនឹងឆ្នាំចាស់ទេ តែមានន័យថា យើងធ្វើការបានច្រើន យើងមានការសហការបានល្អជាមួយនិងអាជ្ញាធរជាមួយនិងស្ថានទូតនិងអង្គការដៃគូ ដើម្បីព្យាយាមលុបបំបាត់ ជួយជនរងគ្រោះទាក់ទងនិងការជួញដូរ»។ស្ដ្រីខ្មែរ មិនថា អ្នករស់នៅទីក្រុង ឬទីជនបទនោះទេ ពួកគេតែងតែងាយត្រូវបានជនខិលខូចលួងលោម ឲ្យស្ម័គ្រចិត្ដទៅធ្វើការងារនៅក្រៅប្រទេស តាមរយៈពួកគេ។ ស្ដ្រី ងាយចាញ់បោកជនខិលខូច ឬហៅថា មេខ្យល់ ដែលលោក ស្រ៊ន់ ឡង់ដា មើលឃើញហេតុផលមួយចំនួនដូចជាស្ដ្រីភាគច្រើនរស់នៅតំបន់ដាច់ស្រយាល ឪពុក ម្ដាយ មានជីវភាពក្រីក្រ ស្ដ្រីខ្វះចំណេះដឹង កត្ដាអត់ការងារធ្វើក្នុងស្រុក និងមួយចំណុចទៀត គឺការខ្វះព័ត៌មានជុំវិញការធ្វើចំណាកស្រុក។

លោក ស្រ៊ន់ ឡង់ដា ៖«ហេតុផលមួយទៀត អាចថា គាត់ខ្វះចំណេះដឹង គាត់ខ្វះប្រព័ន្ទព័ត៌មាន។ អញ្ចឹងប្រព័ន្ធព័ត៌មានគឺជាកត្ដាសំខាន់ណាស់ ដើម្បីឲ្យគាត់សម្រេចចិត្ដបានត្រឹមត្រូវ។ នៅពេលដែលគាត់ខ្វះខាតព័ត៌មាន ថាអ្វីទៅគឺជាការចំណាកស្រុក អ្វីទៅគឺជាការជួញដូរមនុស្ស អញ្ចឹងនៅពេលដែលគាត់ខ្វះខាតព័ត៌មានទាំងអស់ហ្នឹង គឺគាត់ជឿស្លុងទៅលើមេខ្យល់ ឬក៏ក្រុមហ៊ុន បោកបញ្ឆោតឲ្យទៅធ្វើការនៅប្រទេសក្រៅដើម្បីទទួលបានប្រាក់ខែខ្ពស់»។ចាប់តាំងពីឆ្នាំ២០០៥មក អង្គការសម្ព័ន្ធចាប់ដៃ បានជួយស្ដ្រីជាច្រើនពីការជួញដូរទៅក្រៅប្រទេស។ លោក ស្រ៊ន់ ឡង់ដា បានឲ្យដឹងថា ស្ដ្រីចាប់ពីវ័យ ១៨ឆ្នាំឡើងទៅភាគច្រើនត្រូវបានជួញដូរទៅកាន់ បី ប្រទេសសំខាន់ៗ គឺ ប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសចិន។

តែយ៉ាងណាក្រៅតែពីប្រទេសមុខសញ្ញាទាំងបីនេះ អង្គការសម្ព័ន្ធចាប់ដៃ ក៏បានសហការជាមួយអាជ្ញាធរខ្មែរ ជួយស្ដ្រីពីការជួញដូរ ទៅកាន់ទីក្រុងហុងកុង ប្រទេសអារ៉ាប់ប៊ីសាវអូឌីត និងប្រទេសជប៉ុន ផងដែរ តែក្នុងករណីតិចតូចប៉ុណ្ណោះ។ ស្ដ្រីខ្មែរ ដែលត្រូវបានជួញដូរទៅប្រទេសចិន គឺភាគច្រើនបំផុតត្រូវបានមេខ្យល់ លក់ពួកគាត់ឲ្យធ្វើទាសករផ្លូវភេទរបស់បុរសចិន។ ស្ដ្រី ដែលត្រូវលក់ឲ្យបុរសជនជាតិចិនទាំងអស់ ពួកគាត់តែងតែត្រូវបុរសជនជាតិចិន បង្ខំរំលោភ ធ្វើទារុណកម្ម និងជាពិសេសពួកគាត់ត្រូវបង្ខំឲ្យធ្វើការងារផ្ទះច្រើនស្ទើរតែគ្មានពេលឈប់។ លោក លោក ស្រ៊ន់ ឡង់ដា ពន្យល់ បន្ថែមថា ៖«រូបភាពដែលយើងទទួលបាននៅក្នុងប្រទេសចិន ទាំងអស់គឺជាករណីស្រី ហើយករណីស្ដ្រីទាំងអស់ហ្នឹង គឺជាការបង្ខំឲ្យរៀបការជាមួយប្ដីចិន ។ បានន័យថា យកគាត់ទៅរំលោភបំពានហ្នឹង មុនដំបូងភូតគាត់ថា ទៅធ្វើការរោងចក្រ ប្រាក់ខែល្អធ្វើការក្រុមហ៊ុន។

ក៏ប៉ុន្ដែនៅពេលដែលទៅដល់ប្រទេសគោលដៅ គាត់ហ្ននឹងត្រូវបានគេលក់ទៅឲ្យប្ដីចិន បុរសជនជាតិចិន ធ្វើទាសករផ្លូវភេទ នេះជាករណីដែលយើងទទួលបាន»។ អ្នកជំនាញប្រឆាំងការជួញដូរ ស្ត្រី បាន បន្ថែមទៀតថា ចំណែកឯស្ដ្រីខ្មែរ ដែលត្រូវបានមេខ្យល់បោកយកទៅលក់នៅប្រទេសម៉ាឡេស៊ី គឺត្រូវបានយកទៅ ធ្វើជាអ្នកបម្រើតាមផ្ទះ ដោយមិនបានទទួលប្រាក់កម្រៃ ហើយលើសពីនេះ ស្ដ្រីភាគច្រើនត្រូវបានចាប់រំលោភ ឬធ្វើទារុណកម្ម រហូតដល់មានរបួសគ្រាំគ្រា ហើយមានស្ដ្រីខ្លះទៀត បានសម្រេចចិត្ដសម្លាប់ខ្លួន។ ដោយឡែក ប្រទេសថៃវិញ ស្ដ្រីត្រូវបានជួញដូរកម្លាំងពលកម្ម ធ្វើការងារលំបាកៗជាច្រើន ដោយទទួលបានកម្រៃតិចតូច។

លោក ស្រ៊ន់ ឡង់ដា ៖«ដោយឡែកនៅប្រទេសម៉ាឡេ ករណីដែលយើងទទួលបានគឺករណីធ្វើការតាមផ្ទះ។ ធ្វើការតាមផ្ទះពេលខ្លះថៅកែហ្នឹង អត់គោរពតាមពាក្យសន្យាដែលមេខ្យល់បានប្រាប់គាត់ពីខ្មែរទៅទេ បានន័យថា ឲ្យតែមានការងារ គឺប្រគាត់គ្រប់ម៉ោងទាំងអស់។ ពេលខ្លះត្រូវធ្វើការពីម៉ោង ៥ភ្លឺ ៤ភ្លឺ រហូតដល់ម៉ោង ១២យប់ក៏មាន ហើយបាយនៅពេលគាត់ទទួលបាន គាត់ឲ្យហូបតែមីទៀត ហើយធ្វើការមិនល្អគេវ៉ៃទៀត ហើយពេលខ្លះគេវ៉ៃហើយ គេរំលោភបំពានទៅលើផ្លូវភេទទៀត អញ្ចឹង រូបភាពច្រើន ដែលយើងឃើញ ហើយប្រសិនណាគាត់មិនធ្វើតាមថៅកែហ្នឹងទេ គេវ៉ៃគាត់ គេចងគាត់ រហូតដល់ករណីខ្លះគាត់សម្រេចចិត្ដសម្លាប់ខ្លួនក៏មាន»។ ស្ដ្រីខ្មែរ ដែលត្រូវបានជនខិលខូច បោកបញ្ឆោតយកទៅលក់នៅក្រៅប្រទេស ក្រោយពីត្រូវបានជួយសង្គ្រោះត្រឡប់មកកាន់ដែនដីកំណើតវិញ ពួកគេជិត ៧០ភាគរយ បានក្លាយខ្លួនជាមនុស្សមានជំងឺផ្លូវចិត្ដ និងស្ទើរតែទាំងអស់មានរងរបួសគ្រាំគ្រា។

ពាក់ព័ន្ធនឹងការជួញដូរស្ដ្រីខ្មែរ ទៅក្រៅប្រទេសនេះដែរ កាលពីថ្ងៃចន្ទ ទី១៥ មករា អាជ្ញាធរខេត្ដបាត់ដំបងបានចាប់ខ្លួនស្ដ្រីម្នាក់ដែលបានបោកបញ្ឆោតស្ដ្រីខ្មែរ ចំនួន០៥នាក់ យកទៅឲ្យមេខ្យល់នាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រយៈជាង ១ឆ្នាំ។ កញ្ញា ចម្ប៉ា ឈ្មោះអ្នកនិពន្ធដាក់ឲ្យ នាងគឺជាស្ដ្រីម្នាក់ ក្នុងចំណោមស្ដ្រីទាំងប្រាំនាក់នោះ នាងត្រូវបានថៅកែ ម៉ាឡេស៊ី ប្រើឲ្យធ្វើការលីសែង កេះផ្លែងឈើ និងរបស់របរផ្សេងៗ ដែលមានទម្ងន់ពី ៧០ ទៅ ៨០គីឡូក្រាម ហើយមិនតែប៉ុណ្ណោះ ថៅកែម៉ាឡេស៊ី បានវាយដំកញ្ញា ចម្ប៉ា ដោយប្រើដំទឹកកក និងបានយកនាងទៅបង្ខាំងទុកក្នុងទូរទឹកកក ដាក់ផ្លែឈើ នៅពេលដែលស្ដ្រីម្នាក់នោះ មានកំហុសម្ដងៗ។ រយៈពេលជាង ១ឆ្នាំ ដែលកញ្ញា ចម្ប៉ា ត្រូវបាននាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នាងបានជួបផលលំបាក និងការវាយដំជាទម្ងន់ រហូតដល់នាង មានបញ្ហាសុខភាពធ្ងន់ធ្ងរ របួសគ្រាំក្នុង និងបត់ជើងតូចមានលាយឈាម។

ជុំវិញបញ្ហានេះ លោក ស្រ៊ន់ ឡង់ដាប្រធានគម្រោង ក្នុងគម្រោងគាំទ្រករណី នៃការជួញដូរ របស់អង្គការសម្ព័ន្ធចាប់ដៃ អំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ បង្កើនការយកចិត្ដទុកដាក់ឲ្យខ្ពស់បន្ថែមទៀត ដោយត្រូវប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានច្បាស់រាល់ឯកសារមុនពេលចុះហត្ថលេខា នៅពេលដែលមានអ្នកទៅស្នើសុំនាំស្ដ្រីទៅក្រៅប្រទេស។ លោកបន្ដថា បញ្ហាជួញដូរស្ដ្រីគឺជាបញ្ហាសកល ដែលមិនមែនជាបញ្ហា ឬក៏ជាទំនួលខុសត្រូវរបស់នណាម្នាក់នោះទេ តែវាគឺបញ្ហាដែលត្រូវរួមគ្នាដើម្បីដោះស្រាយ។ បន្ថែមពីលើនេះ លោក ស្នើសុំអាជ្ញាធរមូលដ្ឋាន បង្កើនសកម្មភាពចុះផ្សព្វផ្សាយឲ្យបានច្រើនជាងសព្វថ្ងៃ ដោយត្រូវពន្យល់ពលរដ្ឋឲ្យបានយល់កាន់តែច្បាស់ ពីគ្រោះថ្នាក់នៃការចំណាកស្រុកទាំងប្រថុយប្រថាន៕

website_news/2018240109.txt · Last modified: 2018/01/24 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki