website_news:2018240501

ករណីជួញដូរមនុស្ស ត្រូវបានរកឃើញមានការកើនឡើង

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 23 May 2018 | 17:03 ICT

ភ្នំពេញៈបណ្ដាញប្រតិបត្តិការប្រឆាំងនឹងអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទបានរកឃើញថា ករណីនេះកំពុងមានការកើនឡើង។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយ កាលពីម្សិលមិញ ដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស(គជបជ)។ កាលពីឆ្នាំមុន អគ្គស្នងការនគរបាលជាតិ ក៏ដូចជា សមាជិកក្នុងក្រុមការងារអនុវត្តន៍ច្បាប់ បានសហការជាមួយព្រះរាជអាជ្ញាតាមបណ្តា រាជធានី ខេត្ត បង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន ១៥៩ ករណីលើ ៩២ ករណី បើធៀបនឹងឆ្នាំ ២០១៦ គឺកើនឡើងចំនួន ៦៧ ករណី ស្មើនឹង ៧២,៨២ ភាគរយ។

តាមរបាយការណ៍នៅក្នុងឆ្នាំ ២០១៧ ចាប់ខ្លួនបាន ២០៣ នាក់ ខណៈដែលឆ្នាំ ២០១៦ ចាប់ខ្លួនបានតែចំនួន ១១៣ នាក់ប៉ុណ្ណោះ។ ក្នុងនោះមានជនបរទេស ២០ នាក់ និងមាន ៨ សញ្ជាតិ គឺវៀតណាម ៣ នាក់ អង់គ្លេស ២ នាក់ ហូឡង់ ២ នាក់ ជប៉ុន ១ នាក់ អាមេរិក ១ នាក់ រុស្ស៊ី ១ នាក់ ចិន ៩ នាក់ និងឆេក ១ នាក់។ ជាមួយគ្នានេះសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះពីអំពើរជួញដូរនេះបាន ៣៤៥ នាក់នៅក្នុងឆ្នាំ ២០១៧ ខណៈឆ្នាំ ២០១៦ ជួយសង្គ្រោះបាន ២៩៨ នាក់។ របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងនោះមានអ្នកអាយុ ក្រោម ១៥ ឆ្នាំ ១៣៨ នាក់ អាយុចន្លោះពី ១៥-១៧ ឆ្នាំ ៤០ នាក់ និងអាយុ ១៨ ឆ្នាំឡើងទៅមាន ១៦៧ នាក់។ បញ្ជូនទៅមន្ទីរសង្គមកិច្ច ១២០ នាក់ បញ្ជូនទៅអង្គការក្រៅរដ្ឋាភិបាល ៥នាក់និងបញ្ជូនទៅក្រុមគ្រួសារវិញ ២២០ នាក់។ ក្រៅពីនោះអំពើជួញដូរមនុស្សបង្រ្កាបបាន ៤៨ក រណីដោយចាប់ខ្លួនបាន ៧២ នាក់ និង ជួយសង្គ្រោះជនរងគ្រោះបាន ១២៩ នាក់ក្នុងឆ្នាំ ២០១៧ ខណៈដែលនៅឆ្នាំ ២០១៦ បង្ក្រាបបាន ២៧ ករណី។ ចំពោះអំពើធ្វើអាជីវកម្មផ្លូវភេទបង្រ្កាបបាន ១១១ ករណីចាប់ខ្លួនបាន ១៣១ នាក់និងជួយសង្គ្រោះជនរងគ្រោះបាន ២១៦ នាក់ ខណៈនៅឆ្នាំ ២០១៦ បង្ក្រាបបាន ៦៥ ករណី។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គជបជ) បានថ្លែងនៅក្នុងកិច្ចប្រជុំថា៖ «ឆន្ទៈ និង ការប្តេជ្ញាចិត្ត គឺជាគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលដាក់អំពើជួញដូរមនុស្ស ជាអាទិភាពមួយដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយឱ្យបានឆាប់រហ័ស ហើយ មិនត្រូវលាក់បាំងចំពោះករណីនេះទេ ពីព្រោះវាឲ្យប៉ះពាល់ដល់អាយុជីវិត សិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់មនុស្ស»។ លោកស្រីបានបន្ថែមថា យុទ្ធសាស្រ្តរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនគឺដោះស្រាយបញ្ហាពលករចំណាកស្រុក ការលើកកម្ពស់ជីវភាពរស់នៅនិងការកាត់បន្ថយការធ្វើចំណាកស្រុកក៏ដូចជាកាត់បន្ថយជនរងគ្រោះ នៃអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចគ្រប់ប្រភេទ។ លោកស្រីបន្តថា៖ «ប្រជាពលរដ្ឋបន្តចាញ់ការបោកបញ្ឆោតពីជនល្មើសដែលមានល្បិចកល្បខ្ពស់ និង មានបណ្តាញស្មុគស្មាញក្នុងអំពើកេងប្រវ័ញ្ច និង ជួញដូរមនុស្ស។ ការតាមដាននិងត្រួតពិនិត្យពលករចំណាកស្រុកនៅតាមបណ្ដោយព្រំដែន គឺនៅមិនទាន់មានលក្ខណៈល្អប្រសើនៅឡើយទេដែលបង្កឱ្យមានជនរងគ្រោះ … ហើយការផ្តល់ព័ត៌មាននិងការបញ្ជូនរបាយការណ៍របស់ក្រសួងស្ថាប័ន អង្គភាព និង ខេត្តមួយចំនួន នៅតែមានភាពយឺតយ៉ាវ រីឯ ខេត្តក្រុង អង្គភាព និង ស្ថាប័នមួយចំនួន នៅតែមិនទាន់រៀបចំផែនការ និង កញ្ចប់ថវិកាច្បាស់លាស់នៅឡើយ។ សេវាកម្មកម្សាន្ត «ភ្លើងពណ៌» ដែលកំពុងរីកកើនឡើង គឺជាប្រភពនៃអំពើជួញដូរមនុស្សនិងធ្វើឲ្យប៉ះពាល់ដល់កុមារដែលឪពុកម្តាយរបស់ពួកគេបានធ្វើចំណាកស្រុកអស់គឺកំពុងរីកធំឡើងៗ… កុមារទាំងនោះនឹងមិនមានឱកាសរៀនសូត្រ ថែទាំសុខភាពនិងសុវត្ថិភាពរបស់ពួកគេដូចកុមារដទៃទៀតទេ»។

ទោះយ៉ាងណាក៏ដោយ របាយការណ៍នោះបានឱ្យដឹងថា រាជធានីភ្នំពេញ មានករណីជួញដូរមនុស្សច្រើនជាងគេ គឺមានជនរងគ្រោះ ៥៧ នាក់ ត្រូវបានជួយសង្គ្រោះកាលពីឆ្នាំមុន។ របាយការណ៍ក៏បានឲ្យដឹងដែរថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលពលរដ្ឋខ្មែរដែលរងគ្រោះដោយអំពើជួញដូរមនុស្សមកកម្ពុជាវិញ ចំនួន ៧៥៧ នាក់ ក្នុងនោះមកពីប្រទេសម៉ាឡេស៊ីមាន ៣៥១ នាក់ មកពីប្រទេសថៃ មាន ២៦០ នាក់ មកពីប្រទេសចិន មាន ៥០ នាក់ មកពីប្រទេសឡាវមាន ៣៣ នាក់ មកពីប្រទេសសូម៉ាលី ១៨ នាក់ មកពីឥណ្ឌូណេស៊ី មាន ១៨ នាក់ មកពីវៀតណាមមាន ១៧ នាក់ មកពីជប៉ុនមាន ៥ នាក់ មកពី សិង្ហបុរី មាន ៤ នាក់ និងមកពី អារ៉ាប៊ី សាអូឌីត មាន ១ នាក់។

ដោយឡែក ចំនួនស្ត្រីខ្មែរដែលត្រូវបាននាំទៅឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិ ចិន ជាញឹកញាប់ត្រូវបានគេមើលឃើញថា ពួកគេរងការរំលោភបំពានឬលក់ទៅឱ្យអំពើជួញដូរផ្លូវភេទគឺបានកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រីឯ ស្ត្រីដែលទៅបម្រើការងារតាមផ្ទះនៅបរទេសងាយទទួលរងការរំលោភបំពាននិងការជាប់បំណុល។បច្ចុប្បន្នរដ្ឋាភិបាលកំពុងចរចាជាមួយប្រទេសចិន ម៉ាឡេស៊ី និង អារ៉ាប៊ី សាអ៊ូឌីត ដើម្បីបើកផ្លូវសម្រាប់ពលករបម្រើការងារតាមផ្ទះដែលប្រទេសទាំងនោះមានកំណត់ត្រាមិនល្អក្នុងការការពារពលករចំណាកស្រុក ។ កាលពីឆ្នាំ ២០១៦ ការិយាល័យអង្គការសហប្រជាជាតិ ស្តីអំពីគ្រឿងញៀន និង ឧក្រិដ្ឋកម្មបានចេញរបាយការណ៍មួយមានចំណើងជើងថា «ការពារសន្តិភាព និង វិបុលភាព នៅតំបន់អាស៊ីអាគ្នេយ៍ ដោយការធ្វើសមាហរណកម្មសេដ្ឋកិច្ច និង សន្តិសុខនៅអាស៊ីអាគ្នេយ៍» ដោយបានដាក់ប្រទេសកម្ពុជា ក្នុងចំណោមបណ្តាប្រទេសដែលពលរដ្ឋមានហានិភ័យខ្ពស់នៃអំពើជួញដូរមនុស្សជាពិសេសពលករចំណាកស្រុកដែលមិនមានជំនាញទៅធ្វើការនៅប្រទេស ថៃ សិង្ហបុរី ឥណ្ឌា និងចិន ដែលភាគច្រើននៃពួកគេមកពីប្រទេសដែលមានការអភិវឌ្ឍតិចតួចដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជាដើម ហើយភាពធូររលុងនៃការត្រួតពិនិត្យតាមព្រំដែនរវាងប្រទេសក្នុងតំបន់នោះគឺពិបាកបញ្ឈប់អំពើជួញដូរនេះណាស់ហើយវាធ្វើឱ្យតួនាទីនៃការអនុវត្តច្បាប់កាន់តែពិបាក។

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា (GADC) បានថ្លែងថា៖« មានអំពើជួញដូរមនុស្សជាច្រើនប្រភេទជាពិសេសតាមរយៈការរកការងារឲ្យធ្វើ…ហើយស្ត្រីក៏ក្លាយទៅជាជនរងគ្រោះនៃអំពើជួញដូរមនុស្សដោយសារស្ថានភាពរស់នៅរបស់ពួកគេជួបការលំបាក»។ លោកស្រីថ្លែងថា៖ «ដោយមិនទទួលបានព័ត៌មានត្រឹមត្រូវនិងចាញ់ការបោកបញ្ជោតរបស់ឈ្មួញកណ្តាល… ម្យ៉ាងវិញទៀតដោយសារពួកគេនៅឆ្ងាយពីក្រុមគ្រួសារ ហើយការទទួលបានព័ត៌មានគឺត្រូវពឹងផ្អែកលើអាជ្ញាធរខណៈដែលអាជ្ញាធរមិនអាចជួយពួកគេបានហើយបញ្ហាផ្សេងទៀតគឺការរៀបចំឯកសារដែលមានការស៊ីសំណូកសូកប៉ាន់ ចំណុចទាំងនេះហើយធ្វើឲ្យពួកគេងាយរងគ្រោះពីការបោកបញ្ជោតរបស់ឈ្មួញកណ្តាល»។ លោកស្រីបន្ដថា៖«ច្បាប់របស់យើងគឺនៅមានចន្លោះប្រហោងដូច្នេះហើយឈ្មួញកណ្តាលអាចប្រើប្រាស់លុយកាក់ដើម្បីរំលោភបំពាននិងធ្វើអាជីវកម្មលើអ្នកដទៃ… »។ លោកស្រី ថ្លែងថា៖«សម្រាប់ត្រីតូចយើងអាចចាប់បានប៉ុន្តែត្រីធំយើងកម្រនឹងចាប់បានណាស់នៅក្នុងប្រទេសយើង»៕ NS

website_news/2018240501.txt · Last modified: 2018/05/24 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki