website_news:2018240701

សាធារណរដ្ឋឆេក បញ្ឈប់ការចេញវីសាការងារសម្រាប់ជនជាតិវៀតណាម

http://kleykley.sabay.com.kh/ ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង ២០:០៧ ប្រែសម្រួល៖ អ៊ឹម ម៉េងស៊ាង

ប្រជាជនវៀតណាម មិនអាចស្នើសុំទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈពេលវែង ឬការចូលរួមក្នុងសកម្មភាពជំនួញណាមួយបន្តទៀតទេ នៅសាធារណរដ្ឋឆេក។ រដ្ឋមន្ត្រីការបរទេសស្ដីទីសាធារណរដ្ឋឆេក លោក Jan Hamacek បាននិយាយថា ចំនួនស្នើសុំទិដ្ឋាការការងារ ដែលបានដាក់ស្នើដោយប្រជាជនវៀតណាម ទៅកាន់ស្ថានទូតឆេកប្រចាំវៀតណាម គឺច្រើនលើសលប់ និងពុំមានសញ្ញាណនៃការថមថយសោះឡើយ។ ការណ៍នេះ អាចនាំឲ្យមានបញ្ហាសន្តិសុខផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានវៀតណាម នៅថ្ងៃទី២៣ កក្កដានេះ។ បច្ចុប្បន្ននេះ ស្ថានទូតឆេកប្រចាំវៀតណាម នឹងផ្ដល់អាទិភាពតែមួយគត់ សម្រាប់ពលរដ្ឋវៀតណាមរូបណា ដែលចង់ស្នើសុំទិដ្ឋាការសម្រាប់ការជួបជុំគ្រួសារឡើងវិញប៉ុណ្ណោះ។

ជុំវិញរឿងនេះ អគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆេក លោក Ho Minh Tuan បាននិយាយថា រដ្ឋាភិបាលវៀតណាម បានព្យាយាមចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ តាមរយៈការចរចាការទូត។ គួរបញ្ជាក់ថា សព្វថ្ងៃនេះ ប្រជាជនវៀតណាមច្រើនជាង ៦៥ ០០០ នាក់ កំពុងរស់នៅក្នុងសាធារណរដ្ឋឆេក ដែលក្លាយជាក្រុមភាគតិចដ៏ធំបំផុតលំដាប់ទី ៣ ក្នុងប្រទេសនេះ។ យោងតាមការឲ្យដឹងពីក្រសួងការងារវៀតណាម ប្រជាជនវៀតណាមប្រមាណកន្លះលាននាក់ កំពុងរស់នៅ និងធ្វើការ នៅក្រៅប្រទេស។ ជាមធ្យម ពលករវៀតណាមច្រើនជាង ៩ ម៉ឺននាក់ ចាកចេញពីប្រទេសជារៀងរាល់ឆ្នាំ ជាពិសេសពលករខាងផ្នែក អតិពលកម្ម និងការងារមានជំនាញកម្រិតទាប។ កម្លាំងពលកម្មសរុបរបស់វៀតណាម មានចំនួនប្រមាណជាង៥០ លាននាក់៕ ប្រភព៖ Vietnam Express

website_news/2018240701.txt · Last modified: 2018/07/24 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki