website_news:2018241002

ស្រ្ដីម្នាក់ត្រូវបានឃុំខ្លួន រឿងជួញដូរមនុស្ស និងកូនស្រីបង្កើត ៣ នាក់ទៅចិន

https://www.postkhmer.com/ វ៉ន ដារ៉ា Publication date 23 October 2018 19:05 ICT

ក្រចេះ: ស្រ្ដីម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ដក្រចេះចេញដីកាឃុំខ្លួននៅថ្ងៃទី២៣ខែតុលានេះពីបទជួញដូរមនុស្សឆ្លងដែនបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនតាមបណ្ដឹងពីឪពុកម្ដាយជនរងគ្រោះដែលត្រូវជនសង្ស័យក្លែងឯកសារនាំយកកូនស្រីពួកគាត់ទៅលក់នៅចិន។ នេះបើតាមមន្ត្រីនគរបានខេត្ត។ លោកស្រី នៅ រតនា ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ដក្រចេះបានប្រាប់ភ្នំពេញបុស្ដិ៍នៅថ្ងៃទី២៣ខែតុលានេះថា ស្រី្តជាជនសង្ស័យខាងលើ ឈ្មោះ ឌី ចាន់ធី អាយុ៥៦ ឆ្នាំ មានទីលំនៅមិនពិតប្រាកដត្រូវបានសាលាដំបូងខេត្តឃុំខ្លួន។ គាត់ធ្លាប់បានរកស៊ីរត់ពន្ធមនុស្សឆ្លងដែនឲ្យទៅយកប្តីនៅចិន និងធ្លាប់លក់កូនស្រីខ្លួនឯង៣នាក់ទៅចិនហើយក៏ធ្លាប់ឱ្យកូនរកស៊ីផ្លូវភេទតាំងពីអាយុ១៤ឆ្នាំផងដែរនៅខេត្តបាត់ដំបង។ លោកស្រីបានបន្ថែមថា៖«ការឃាត់ខ្លួនជនសង្ស័យគឺបន្ទាប់ពីឪពុកម្ដាយជនរងគ្រោះ៣នាក់ផ្សេងទៀតនៅខេត្ដក្រចេះដាក់ពាក្យបណ្ដឹងបន្ទាប់ពីជនរងគ្រោះម្នាក់បានបង្ហោះសារលើហ្វេសប៊ុកពីប្រទេសចិនឱ្យជួយពួកគេ»។ លោកស្រីស្នងការរងបានបន្តថា ជនសង្ស័យរូបនេះត្រូវបាននគរបាលឃាត់ខ្លួននៅស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី១៨តុលានិងបញ្ជូនមកសាលាដំបូងខេត្តក្រចេះកាលពីថ្ងៃទី២២ខែតុលាឆ្នាំនេះហើយក៏ត្រូវចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនតាមមាត្រាទី១១នៃច្បាប់ស្ដីពីការប្រឆាំងការជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទកាលពីម្សិលមិញ។

លោកស្រីថា៖«ឥឡូវចៅក្រមស៊ើបសួរបានចេញដីកាឲ្យឃុំខ្លួននៅពន្ធនាគារខេត្ដក្រចេះហើយក្រោមបទចោទជួញដូរមនុស្សឆ្លងដែន»។ បើតាម លោកស្រី រតនា ក្រៅពីបញ្ឆោតកូនខ្លួនឯង៣នាក់ឲ្យរកស៊ីផ្លូវភេទនិងនាំយកទៅលក់នៅប្រទេសចិន ជនសង្ស័យបានបោកស្រី៣នាក់ផ្សេងទៀតនៅស្រុកស្នួល ខេត្ដក្រចេះ ក្នុងរូបភាពទៅយកប្តីនៅចិន។ លោកស្រីស្នងការបន្តថា៖«យើងព្យាយាមសួរគាត់ពីចំនួនមនុស្ស ដែលគាត់នាំយកទៅលក់ តែគាត់ព្យាយាមមិនឆ្លើយនិងបដិសេធសំណួររបស់យើង។ យើងគ្រាន់តែដឹងថាក្រៅពីកូនស្រីគាត់៣នាក់ដែលចូលមកបំភ្លឺដល់សមត្ថកិច្ច…គឺមានអាណាព្យាបាលជនរងគ្រោះ៣នាក់ទៀតបានប្ដឹងជនសង្ស័យពីករណីនាំកូនគាត់ទៅលក់នៅប្រទេសចិននេះដែរ»។

ដោយផ្អែកលើចម្លើយក្មេងស្រីរងគ្រោះនៅស្នងការដ្ឋានខេត្ត លោកស្រីស្នងការរងបានឱ្យបញ្ជាក់ដែរថា ស្ត្រីសង្ស័យរូបនេះធ្លាប់បានលក់ព្រហ្មចារី កូនស្រីបង្កើតម្នាក់ឈ្មោះ ស.ន អាយុ ១៤ឆ្នាំ ទៅខេត្តបាត់ដំបងឲ្យបម្រើសេវាកម្មផ្លូវភេទ។ ក្រោយលក់ព្រហ្មចារីកូនស្រីបានមួយរយៈស្ត្រីរូបនេះបាននាំនាងទៅបម្រើនៅបនស្រីនៅកន្លែងផ្សេងទៀតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយរូបគាត់ជាអ្នកហៅម៉ូយនិងជាអ្នកយកលុយដោយខ្លួនផ្ទាល់ ហើយក្នុងមួយថ្ងៃៗឲ្យកូនស្រីកំដរភ្ញៀវរួមភេទចាប់ពី៥-៦នាក់។

លោកស្រី នៅ រតនា បានថ្លែងថា តាមចម្លើយ ក្រោយមកនាងបានរត់ចេញពីបនទៅធ្វើការនៅប្រទេសម៉ាឡេស៊ីរហូតបន្តដល់ប្រទេសចិនដោយសារមិនអាចទ្រាំនឹងការគាបសង្កត់ពីម្ដាយ ដែលបង្ខំឲ្យបម្រើសេវាកម្មផ្លូវភេទបាន។ ក្រោយពីស្ត្រីជាម្តាយដឹងថាកូនស្រីដែលគេចខ្លួននោះបានទៅយកប្តីនៅចិនស្ត្រីរូបនេះបានបោកបញ្ឆោតកូនស្រីបង្កើត២នាក់ទៀតដោយម្នាក់មានអាយុ២០ឆ្នាំ និងម្នាក់អាយុ២៣ឆ្នាំឲ្យទៅយកប្តីនៅចិនខុសច្បាប់បន្តទៀតដោយក្លែងឯកសារជាមួយនឹងការគំរាមឱ្យឈប់រៀន ខណៈពួកគេនៅជាសិស្សនៅឡើយ។ បើទោះបីជាកូនស្រីទាំង២នាក់ បានរត់ត្រឡប់មកដល់កម្ពុជាវិញដោយសារអត់ទ្រាំការធ្វើបាបពីប្តីជនជាតិចិនមិនបានក៏ដោយ តែត្រូវបានស្ត្រីជាម្តាយរូបនេះបង្ខំនិងបោកបញ្ឆោតយកទៅលក់ឱ្យបុរសចិនម្ដងទៀតតែត្រូវលួចរត់មកវិញជាថ្មី។ នេះបើតាមលោកស្រី នៅ រតនា ដែលផ្អែកតាមចម្លើយជនរងគ្រោះ។ យ៉ាងណាក្ដីលោកស្រី នៅ រតនា ស្នងការរងខេត្តក្រចេះបានបញ្ជាក់ថា ករណីនារី៣នាក់ផ្សេងទៀតដែលឪពុកម្ដាយប្ដឹងឱ្យជួយនោះនៅមិនទាន់បានត្រឡប់មកវិញទេខណៈសមត្ថកិច្ចនិងអង្គការសង្គមស៊ីវិលកំពុងសហការជាមួយស្ថានទូតដើម្បីជួយពួកគេ៕

website_news/2018241002.txt · Last modified: 2018/10/24 12:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki