website_news:2018241004

ជប៉ុនកំពុងស្រេកឃ្លាន ពលករ

http://www.cen.com.kh/ October 24, 2018

ជប៉ុននឹងពិនិត្យទទួលយកជនអន្តោប្រវេសន៍មកពីទ្វីបអាស៊ី ចាប់ពីឆ្នាំ២០២០តទៅ ដើម្បីបង្កើនចំនួនពលករទ្វេដងប្រៀបនឹងបច្ចុប្បន្ននេះ សំដៅឆ្លើយតបនឹងកង្វះពលករយ៉ាងធ្ងន់ធ្ងរ។ តាមក្រសួងយុតិ្តធម៌ជប៉ុន នៅឆ្នាំ២០១៧ ប្រទេសនេះទទួលយកមនុស្សតែ២០នាក់ ក្នុងចំណោមមនុស្សប្រមាណ ២០.០០០នាក់ ដែលដាក់ពាក្យសុំជ្រកកោនហើយអនុញ្ញាតឱ្យមនុស្ស៤៥នាក់រស់នៅលើមូលដ្ឋានមនុស្សធម៌។ គោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែង បានធ្វើឱ្យជប៉ុនក្លាយជាសង្គមមួយមានពលរដ្ឋចំណាស់បំផុតពិភពលោក។ ជនជាតិបរទេសប្រមាណតែ ១,៧ភាគរយ ប្រៀបនឹងចំនួនប្រជាជនជប៉ុន ក្នុងពេលដែលនៅកូរ៉េខាងត្បូងគឺ ៣,៤ភាគរយ ហើយនៅអាល្លឺម៉ង់ប្រមាណ ១២ភាគរយ។

ក្រៅពីរឿងទទួលយកជនអន្តោប្រវេសន៍ ផែនការថ្មីរបស់នាយករដ្ឋមន្ត្រី Shinzo Abe អំពីការនាំចូលពលករពីប្រទេសក្រៅអាចមានចំនួនដល់ទៅ ៥សែននាក់ ។តាមការប៉ាន់ស្មាន ពលករបរទេសនឹងធ្វើ ឱ្យកើនឡើង៤០ភាគរយ ឬប្រមាណ៥២០.០០០នាក់ ដែលប្រៀបនឹងបច្ចុប្បន្នមានតែ១លាន៣សែននាក់ប៉ុណ្ណោះ។ជាការលើកទឹកចិត្តដល់ពលករបរទេសនោះ កម្មករដែលមានមុខជំនាញឯកទេសអាចនាំយកគ្រួសារមកនៅរយៈពេលវែង ក្នុងពេលដែលពលករសាមញ្ញ ឬសមត្ថភាពជំនាញទាប អាចមកបានតែម្នាក់ឯងហើយរស់នៅជប៉ុនមិនលើសពី៥ឆ្នាំ។

អ្នកគាំទ្រគោលនយោបាយថ្មីនេះលើកឡើងថា ជប៉ុនមិនអាចរារែកចិត្តក្នុងការទទួលយកពលករបរទេសនោះឡើយព្រោះតែកម្លាំងពលកម្មនៅប្រទេសកំពុងថមថយចុះ ធ្វើឱ្យឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចជាតិ។តាមការអង្កេតរបស់ការិយាល័យពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនប្រកាសកាលពីខែមិថុនាឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនចំនួន២ភាគ៣ដែលខ្វះពលកម្ម ហើយក្រុមហ៊ុនជប៉ុនដែលខ្វះពលកម្មបានកើនឡើង៤០ភាគរយគិតមកទល់ឆ្នាំហិរញ្ញវត្ថុ 2017-2018 ។

កម្ពុជាគួរចាប់យកឱកាសនេះ ដើម្បីបណ្តុះបណ្ដាលជំនាញនិងភាសា ក៏ដូចជាត្រៀមខ្លួនរៀបចំលក្ខខណ្ឌសម្រាប់នាំចេញពលករ ចៀសវាងការនាំចេញពលករគ្មានជំនាញនាំឱ្យចំណូលពួកគេស្ថិតក្នុងកម្រិតទាប៕ សូយន

website_news/2018241004.txt · Last modified: 2018/10/24 12:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki