website_news:2018241202

កូរ៉េ នឹងទទួលពលករបរទេស ៥៦ ពាន់នាក់នៅឆ្នាំ ២០១៩

https://www.postkhmer.com/ Publication date 21 December 2018 | 15:15 ICT

ក្រុងសេអ៊ូលៈ ប្រទេស កូរ៉េខាងត្បូង នឹងទទួលយកពលករបរទេសចំនួន ៥៦ ០០០ នាក់ស្ថិតក្រោមប្រព័ន្ធអនុញ្ញាតការងារឆ្នាំ ២០១៩ ដែលជាចំនួនដូចគ្នាទៅនឹងឆ្នាំនេះ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសនេះ។

រដ្ឋាភិបាលកូរ៉េ បានសម្រេចលើកូតាការងារនេះកាលពីថ្ងៃអង្គារនៅកិច្ចប្រជុំមួយដែលដឹកនាំដោយការិយាល័យសម្របសម្រួលគោលនយោបាយរបស់រដ្ឋាភិបាល។ ស្ថិតក្រោមផែនការនេះ កូរ៉េនឹងទទួលយកពលករថ្មីចំនួន ៤៣ ០០០ នាក់ និងពលករដែលវិលត្រឡប់មកវិញចំនួន ១៣ ០០០ នាក់ ដែលតួលេខនេះបានធ្វើឲ្យចំនួនពលករថ្មីមានតិចជាងឆ្នាំ ២០១៨ ចំនួន ២ ០០០ នាក់ ខណៈដែលអ្នកវិលត្រឡប់មកវិញមានច្រើនជាងមុន ២ ០០០ នាក់ដែរ។ ស្ថិតក្រោមប្រព័ន្ធអនុញ្ញាតការងារនេះ ពលករបរទេសម្នាក់អាចធ្វើការក្នុងប្រទេស កូរ៉េ ក្នុងរយៈពេលរហូតដល់ ៤ ឆ្នាំនិង ១០ ខែដោយកាន់ទិដ្ឋាការ E-9 ប៉ុន្តែមិនអាចចាកចេញ ឬចូលប្រទេស កូរ៉េ វិញដោយកាន់ទិដ្ឋាការដូចគ្នាក្នុងអំឡុងពេលនោះទេ។ បន្ទាប់ពីរយៈពេល ៤ ឆ្នាំ និង ១០ ខែ អ្នកកាន់ទិដ្ឋាការ E-9 ដែលឆ្លើយតបទៅនឹងលក្ខខណ្ឌមួយចំនួនមានសិទ្ធិចាកចេញ និងចូលប្រទេស កូរ៉េ វិញ ដើម្បីវិលត្រឡប់ទៅធ្វើការជាមួយនិយោជកចាស់របស់ពួកគេ។

ពលករបរទេសប្រហែល ២៨ ៨៨០ នាក់នឹងចូលប្រទេស កូរ៉េ នៅខែមករា មេសា កក្កដា និងតុលា ដើម្បីធ្វើការងារក្នុងវិស័យផលិតកម្ម ដោយ ៦០ ភាគរយនឹងចាប់ផ្តើមធ្វើនៅឆមាសទី ១ ឆ្នាំក្រោយ៕ ANN/KC

website_news/2018241202.txt · Last modified: 2018/12/24 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki