website_news:2018250102

រាជរដ្ឋាភិបាល កម្ពុជាកំពុងពិភាក្សា ជាមួយភាគីថៃ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិការងារឲ្យពលករខ្មែរ

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៤ មករា ២០១៨ 19:24 ដោយ: ដើមអម្ពិល ID:030

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានលើកឡើងថា ក្រៅពីកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំផ្តល់ ភាពស្របច្បាប់ជូនដល់ ពលករកម្ពុជាដែលកំពុង ធ្វើការនៅក្នុងប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិភាក្សាជាមួយភាគីថៃដើម្បីការពារ សុវត្ថិភាព សិទ្ធិការងារ ដែលក្នុងនោះរួមមាន របបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងប្រាក់សោធននិវត្តន៏ ជូនដល់ពលករកម្ពុជា ដូចពលករថៃដែរ។ នេះបើតាមការលើកឡើងរបស់លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:នៅថ្ងៃទី២៤ ខែមករាឆ្នាំ២០១៨ ក្នុងឱកាសដឹកនាំគណប្រតិភូចុះជួបសួរសុខទុក្ខបងប្អូនពលករខ្មែរ ចំនួន៥២៦ នាក់ក្នុងចំណោមពលករខ្មែរចំនួន១៧៣០ នាក់ដែលធ្វើការនៅរោងចក្រផលិតសាច់មាន់របស់ក្រុមហ៊ុនសាន់ហ្វូត អិនធើណាសិនណាល់ ក្នុងខេត្តសារ៉ាក់បុរី នៃព្រះរាជាណាចក្រថៃឡង់ដ៍។

លោករដ្ឋមន្ត្រីបានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ភាគីថៃបានពន្យាពេល៦ខែទៀតរហូតដល់ខែមិថុនា ២០១៨ដើម្បីក្រុមការងាររៀបចំឯកសាផ្តល់ភាពស្របច្បាប់ជូនដល់បងប្អូនពលករដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ហេតុដូចនេះសូមបងប្អូនធ្វើការដោយស្ងប់ចិត្តហើយបើបងប្អូនមិនទាន់មានឯកសារស្របច្បាប់សូមនាំគ្នាទៅធ្វើអោយបានទាន់ពេលវេលា។ លោកបញ្ជាក់ថាទាំងនេះក៏ដោយសារតែមានកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃដែលបានផ្ដល់ឱកាសជូនពលករកម្ពុជាមកធ្វើការងារនៅប្រទេសថៃ ព្រមទាំងបន្តគោលនយោបាយធានា សុវត្ថិភាព និងភាពស្របច្បាប់ចំពោះបងប្អូនខ្មែរនៅទីនេះផងដែរ ។ លោកក៏បានលើកឡើងបន្តថាក្រុមការងារផ្តល់ភាពស្របច្បាប់ យើងកំពុងបន្តការងារដោយ៖

១-ផ្ដល់លិខិតធ្វើដំណើរនិងបណ្ណពលករ ៣ មណ្ឌល ដែលមានទីតាំងនៅទីក្រុងបាងកក ខេត្ត រ៉ាកយ៉ង និងខេត្ត សុងខ្លា ធ្វើមួយថ្ងៃហើយ តម្លៃ ២៣៥០បាត។

២-ចែកឯកសាធ្វើដំណើរ(TD) និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ដែលធ្វើរួចហើយចំនួន១២ម៉ឺន នៅសល់១១ម៉ឺន តម្លៃ៩៥០បាត។

៣-រៀបចំ បន្ថែមក្រុមចលត័២ទៀត ចុះតាមកន្លែងដែលមានពលករខ្មែរច្រើនតាមសំណូមពរភាគីថៃ។

៤-អនុញ្ញាតិឲ្យសុំលិខិតពីមន្ទីរកាងារថៃដោយអាចទៅធ្វើឯកសារពីក្នុងប្រទេសបាន

៥-បើកមណ្ឌលផ្ដល់ឯកសាធ្វើដំណើរ(TD) និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC)ចំនួនបី កន្លែង រយះពេលបីថ្ងៃ នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។

លោករដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនពលករកំពុងធ្វើការ និងរស់នៅប្រទេសថៃគឺត្រូវអនុវត្តច្បាប់របស់ប្រទេសគេអោយបានល្អចៀសវាងកុំធ្វើពលករខុសច្បាប់ ដែលនាំឲ្យគេកេងប្រវ័ញ្ចយកផលប្រយោជន៍ពីបងប្អូន ត្រូវពិន័យ និង ត្រូវជាប់ទោសទៀតផង។ ទន្ទឹមនឹងនេះដែរលោកបានស្នើសុំថៅកែក្រុមហ៊ុនបន្តទទួលពលករខ្មែរនិងផ្ដល់ក្ដីស្រឡាញ់ព្រមទាំងអត្ថប្រយោជន៍ដូចពលករថៃ និង សុំស្ថានទូតបន្តយកចិត្តទុកដាក់តាមដានដោះស្រាយរាល់បញ្ហានានាស្របតាមច្បាប់នៃប្រទេសថៃផងដែរ៕

website_news/2018250102.txt · Last modified: 2018/01/26 11:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki