website_news:2018250104

ថៃច្រានចោលការរិះគន់ថាប្រទេសថៃបរាជ័យក្នុងការលុបបំបាត់អំពើជួញដូរមនុស្សនិងកម្លាំងពលកម្ម

https://www.rfa.org/khmer/news/ ដោយ មាន ឫទ្ធិ 2018-01-24

អាជ្ញាធរថៃ កាលពីថ្ងៃពុធ ទី២៤ ខែមករា បានច្រានចោលការរិះគន់ពីសំណាក់ក្រុមឃ្លាំមើលសិទ្ធិមនុស្ស ដែលចោទថា ប្រទេសថៃបរាជ័យក្នុងការលុបបំបាត់ចោលអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្មនៅលើទូកនេសាទថៃ។ ការច្រានចោលនេះ ធ្វើឡើងក្រោយពេលដែលក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សរកឃើញថា ឧស្សាហកម្មនេសាទរបស់ប្រទេសថៃ គឺជាសំបុកនៃអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់។ អាជ្ញាធរថៃ បានអះអាងមូលហេតុដែលអាជ្ញាធរមិនអាចទទួលយករបាយការណ៍អង្គការសិទ្ធិមនុស្សបាន ដោយសារតែអាជ្ញាធរនេះអះអាងថា ជោគជ័យនៃការបង្ក្រាបលើអំពើជួញដូរមនុស្ស បានបណ្ដាលឲ្យមានការកាត់ទោសជនសង្ស័យជាង ១០០នាក់ និងជួយសង្គ្រោះជនរងគ្រោះ ១៦០នាក់ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ ក្រោយពេលដែលសហភាពអឺរ៉ុប បានចេញ «កាតលឿង» ដែលជាការព្រមានដល់ប្រទេសថៃ។

អាជ្ញាធរថៃ អះអាងបន្តថា បានដកហូតអាជ្ញាប័ណ្ណពីទូកនេសាទចំនួនជាង ៤.២០០អាជ្ញាប័ណ្ណ ដោយសារតែម្ចាស់ទូកទាំងនេះបានប្រព្រឹត្តិល្មើសច្បាប់ រួមមានដូចជា នេសាទក្នុងដែនទឹកខុសច្បាប់ និងខកខានមិនបានដំឡើងឧបករណ៍ប្រព័ន្ធតាមដាន GPS ជាដើម។ មេបញ្ជាការថៃ ទទួលបន្ទុកនាយកដ្ឋានពង្រឹងការអនុវត្តច្បាប់ លោក ចារុវាត វៃស្សាយ៉ា (Jaruvat Vaisaya) ត្រូវបានទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) ស្រង់ប្រសាសន៍ថា ក្រោយពេលដែលប្រទេសថៃ ទទួលបានកាតលឿងពីសហភាពអឺរ៉ុប ដែលជាការព្រមានថា ប្រទេសនេះអាចប្រឈមនឹងការបិទមិនឲ្យនាំចេញផលិតផលអាហារសមុទ្រទៅដាក់លក់នៅសហភាពអឺរ៉ុប អាជ្ញាធរថៃ បានចុះអនុវត្តយ៉ាងតឹងតែង និងធ្វើបច្ចុប្បន្នភាពច្បាប់ស្ដីពីឧស្សាហកម្មនេសាទរបស់ខ្លួន។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅដើមសប្ដាហ៍នេះ បានបញ្ចេញរបាយការណ៍បង្ហាញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនអស់រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ កម្រាស់ជាង ១០០ទំព័រស្ដីពី «ការកេងប្រវ័ញ្ចកម្លាំងពលកម្មដោយអាថ៌កំបាំង» ដែលលាតត្រដាងអំពីការរំលោភបំពានសិទ្ធិមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្មនេសាទរបស់ប្រទេសថៃ។ របាយការណ៍លើកឡើងថា ឧស្សាហកម្មនេសាទដែលផ្ដល់ផលកម្រៃយ៉ាងច្រើនក្រាស់ក្រែលនេះ គឺជាសំបុកនៃអំពើរំលោភបំពាន រួមមានការប្រព្រឹត្តអំពើនេសាទខុសច្បាប់យ៉ាងរីករាលដាល និងការពឹងផ្អែកលើកម្មករដែលត្រូវបានជួញដូរកម្លាំងពលកម្មមកពីប្រទេសជិតខាងរួមមាន ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសឡាវ ជាដើម។

របាយការណ៍ដដែលនេះ រកឃើញថា ពលករចំណាកស្រុកមកពីតាមបណ្ដាប្រទេសទាំងនេះ ត្រូវបានថៅកែទូកនេសាទរបស់ថៃ រំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរ ដោយមិនបើកប្រាក់ខែឲ្យបានទៀងទាត់ ផ្ដល់ប្រាក់ខែទាបជាងប្រាក់ឈ្នួលអប្បបរមា ការមិនអាចបង្កើតសហជីព និងភាពខ្វះកិច្ចការពារដោយប្រព័ន្ធច្បាប់របស់ថៃ ជាដើម។ របាយការណ៍ដដែលនេះ គូសបញ្ជាក់ថា ការធ្វើការនៅលើទូកនេសាទថៃ គឺជាការងារដ៏គ្រោះថ្នាក់ ព្រោះមិនមានប្រព័ន្ធការពារសុខភាព និងសុវត្ថិភាព ហើយអ្នកនេសាទត្រូវធ្វើការជាមួយគ្រឿងម៉ាស៊ីន បណ្ដាញអគ្គិសនី និងបំពង់ផ្សែងក្ដៅខ្លាំង ដែលងាយប្រឈមនឹងគ្រោះថ្នាក់។ ការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជំនួយកម្លាំង និងអំហ្វេតាមីន ច្រើនលើសកម្រិត បានក្លាយជារឿងធម្មតាទៅហើយនៅលើទូកនេសាទថៃ។

ប្រទេសថៃ គឺជាប្រទេសនាំចេញទី៤ ធំបំផុតនៃផលិតផលអាហារសមុទ្រតាមរយៈការផ្គត់ផ្គង់ទីផ្សារទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ សហភាពអឺរ៉ុប នឹងធ្វើបច្ចុប្បន្នភាពការវាយតម្លៃរបស់ខ្លួនអំពីស្ថានភាពឧស្សាហកម្មនេសាទនៅប្រទេសថៃ នាខែមេសា ខាងមុខនេះ។ នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ជំរុញសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងក្រុមអ្នកបញ្ជាទិញអន្តរជាតិ ឲ្យដាក់សម្ពាធជាបន្ទាន់មកលើប្រទេសថៃ ដើម្បីការពារសិទ្ធិ សុខភាព និងសុវត្ថិភាពរបស់កម្មករនេសាទទាំងនេះ៕

website_news/2018250104.txt · Last modified: 2018/01/26 12:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki