website_news:2018250110

យ៉ាន មួន វិវត្តខ្លួនពីពលករត្រូវគេបំពានទៅជាអ្នកជួយពលករ

http://www.postkhmer.com/ យន់ ស៊ីនាត and Andrew Nachemson Publication date 25 January 2018 10:55 ICT

ភ្នំពេញៈ ដូចប្រជាពលរដ្ឋកម្ពុជាជាច្រើនដែរលោក យ៉ាន មួន បានធ្វើចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកការងារធ្វើរកប្រាក់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែផ្ទុយទៅវិញបានជួបការរំលោភបំពាន និងខ្វះកិច្ចអន្តរាគមន៍ជួយដោះស្រាយសម្រាប់ពលករចំណាកស្រុកប្រឆាំងនឹងនិយោជក «ព្រៃផ្សៃ» ដែលរំលោភបំពាន។

អង្គុយនៅលើឥដ្ឋពណ៌សក្នុងផ្ទះរបស់លោកនៅជាយរាជធានីភ្នំពេញលោក មួន បាននិយាយភាសាខ្មែរផងអង់គ្លេសទៅមុខថយក្រោយតាមដែលលោកបានចាំកាលពី ៤ ឆ្នាំមុនដែលបានធ្វើការនៅរោងចក្រអេឡិចត្រូនិកមួយក្នុងប្រទេសម៉ាឡេស៊ី។ លោក មួន ថ្លែងថា ប្រាក់ខែគោលរបស់លោកត្រូវបានរំពឹងថានឹងមានប្រហែល ២២៧ ដុល្លារ ប៉ុន្តែនិយោជករបស់លោកបានបើកប្រាក់ខែដល់លោកតែប្រហែល ១៥១ ដុល្លារប៉ុណ្ណោះ។ «ខ្ញុំឈឺចាប់ណាស់»។ ផ្ទះរបស់លោក មួន គឺជាបន្ទប់រាងការ៉េដែលមានទំហំប្រហែល ៨ ម៉ែត្រការ៉េ ដំបូលប្រក់ស័ង្កសី ហើយស្ទើរតែគ្មានអ្វីបិទបាំងដោយឃើញឆ្នាំងបាយត្រូវបានព្យួរនៅលើជញ្ជាំងពណ៌សដែលមានស្នាមប្រេះនៅពីលើចង្ក្រាន ខណៈអង្រឹង ២ ត្រូវបានចងផ្ទប់នឹងជញ្ជាំង។ លោកនិយាយថានៅប្រទេសម៉ាឡេស៊ី និយោជកព្រៃផ្សៃ និងមហិច្ឆតាបានកេងប្រវ័ញ្ចលើកម្មករ និងបានកាត់ទុកប្រាក់ខែជាច្រើនខែ ដើម្បីតម្រូវឲ្យកម្មករធ្វើការងារថែមម៉ោងដោយមិនមានប្រាក់ថែមម៉ោង និងថែមទាំងប្រើហិង្សាទៅលើពួកគេទៀតផង។

លោក មួន រំឭកថា៖ «ពួកគេមិនទទួលបានប្រាក់ខែរហូតដល់ជាង ៦ ខែ។ និយោជកតែងតែរក្សាទុកប្រាក់ខែរបស់យើងដោយនិយោជកមិនចង់ឲ្យយើងទៅណា»។ លើសពីនេះនិយោជកមួយចំនួនក៏ដកហូតលិខិតឆ្លងដែនរបស់ពលករផងដែរ។ នៅពេលទៅដល់ម៉ាឡេស៊ីដំបូងក្នុងឆ្នាំ ២០១៣ លោក មួន មិនមានបណ្តាញ និងទំនាក់ទំនងជាមួយពលករចំណាកស្រុកកម្ពុជាទេ ហើយពួកគេជាច្រើនមិនបានដឹងអំពីសិទ្ធិរបស់ខ្លួននោះទេ។ ដោយមិនចង់ទទួលរងការរំលោភបំពានតទៅទៀត និងដើម្បីជួយសម្រួលការឈឺចាប់របស់ពលករផ្សេងទៀតលោក មួន បានទៅអង្គការក្រៅរដ្ឋាភិបាលមួយដើម្បីស្នើសុំឲ្យមានការជួយ។ «ពួកគេបានផ្តល់ដំបូន្មានអំពីច្បាប់ និងអ្វីដែលយើងគួរធ្វើ»។

លោក Adrian Pereira នាយកប្រតិបត្តិនៃអង្គការគំនិតផ្តួចផ្តើមជើង ត្បូង ដែលជាអង្គការសិទ្ធិមនុស្សម៉ាឡេស៊ីបានថ្លែងថាការរំលោភបំពានដូចជាការរក្សាទុកលិខិតឆ្លងដែន និងប្រាក់ខែ គឺកើតមានច្រើនណាស់ដែលបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាបានព្យួរការបញ្ជូនពលករទៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០១១ ហើយមិនទាន់បន្តជាផ្លូវការនៅឡើយទេ។ លោក Pereira ថ្លែងថា របាយការណ៍នៃការរំលោភផ្លូវភេទគឺកម្រជាងករណីរំលោភបំពានផ្សេងៗទៀតដោយសារមិនបានកើតឡើង ប៉ុន្តែដោយសារ «វាកម្រមានកម្មករប្តឹង»។ លោក Pereira ថ្លែងថាការរក្សាទុកប្រាក់ខែ និងឯកសារ «គឺកើតមានស្ទើរតែទូទៅដើម្បីគ្រប់គ្រងកម្មករឲ្យពួកគេបន្តនៅធ្វើការ»។ លោកបន្តថាមិនមានប្រព័ន្ធសម្រាប់កម្មករប្តូរនិយោជក នៅពេលធ្វើការនៅម៉ាឡេស៊ី។ លោកថ្លែងថាការដោះស្រាយរបស់រដ្ឋាភិបាលម៉ាឡេស៊ីចំពោះស្ថានភាពនេះ ជាទូទៅគឺ «មិនជោគជ័យ»។ «រដ្ឋាភិបាលមិនបានបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចឲ្យបានគ្រប់គ្រាន់… នៅពេលមានការរំលោភបំពានកើតឡើងគ្មាននរណាម្នាក់ដឹងរហូតទាល់តែកម្មកររត់ចេញ»។ លោក Pereira បានថ្លែងផងដែរថាអាជ្ញាធរកម្ពុជាមិនបានធ្វើការណែនាំចង្អុលបង្ហាញដល់ពលករពីមុនពេលចាកចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីអំពីសិទ្ធិរបស់ពួកគេឬថាតើត្រូវទាក់ទងនរណានៅពេលពួកគេទទួលរងការរំលោភបំពាន។

លោក មួន បានសម្រេចចិត្តប្រតិកម្មតបតវិញដោយធ្វើការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានកម្មករហើយបង្កើតមូលនិធិផ្ទាល់របស់លោកដើម្បីប្រមូលកម្លាំងកម្មករ ហើយក្នុងករណីធ្ងន់បំផុតជួយពួកគេឲ្យរត់គេចចេញពីប្រទេសម៉ាឡេស៊ី។ មូលនិធិសប្បុរសធម៌ពលករចំណាកស្រុកត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយក្រុមមួយដែលមានសមាជិក ២០ នាក់។ មេដឹកនាំនីមួយៗក្នុងចំណោមមេដឹកនាំទាំង ២០ នាក់បានចំណាយប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេចំនួន ១០ រ៉ីងហ្គីតនៃប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេក្នុងមួយខែហើយធ្វើការរៃអង្គាសថវិកាពីប្រភពផ្សេងៗផងដែរ។សមាជិកស្ថាបនិកម្នាក់ៗអាចដកប្រាក់រហូតដល់ ២០% នៃមូលនិធិសរុបនៅពេលណាមួយដើម្បីសម្រួលដល់ការរត់គេចខ្លួនរបស់ពលករ។ ១០% អាចដកដើម្បីជួយគ្រួសារបន្ទាប់ពីការស្លាប់។ លោក មួន បន្តថា៖ «ប្រសិនបើពួកគេមិនរួបរួមគ្នានៅពេលមានបញ្ហាបុគ្គល ពួកគេមិនអាចជួយគ្នាបាន។ និយោជកអាចធ្វើអ្វីមួយ។ ការរួមកម្លាំងគ្នាយើងមានអំណាចជាងមុន»។ សរុបទៅលោក មួន បានជួយដល់ការវិលត្រឡប់មកវិញរបស់ពលករចំណាកស្រុកចំនួន ៧ នាក់មកប្រទេសកម្ពុជាវិញដែល ៤ នាក់បានជាប់ពន្ធនាគារបន្ទាប់ពី «បំពាន» កិច្ចសន្យារបស់ពួកគេ។

លោក មួន ថ្លែងបន្តថា៖ «ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីបម្រើការងារតាមផ្ទះបានទទួលរងការរំលោភបំពានលើរាងកាយ»។ លោកបានពន្យល់ថាអ្នកនាង កែវ ស្រីធា បានទទួលរងការវាយដំ និងរំលោភសេពសន្ថវៈរហូតដល់មានផ្ទៃពោះនៅអាយុប្រហែល ១៩ ឆ្នាំ។ «ខ្ញុំបានទាក់ទងមេខ្យល់ឲ្យបញ្ជូននាងត្រឡប់មកវិញតាមរយៈប្រទេសថៃ»។ នាងត្រូវបានជួញដូរចេញពីប្រទេសដោយថៅកែបានដកហូតលិខិតឆ្លងដែនរបស់នាង។

អ្នកនាង ស្រីធា បានថ្លែងថានាង «សំណាង» ដែលបានជួបលោក មួន ។ នាងនិយាយដោយយំតាមទូរស័ព្ទថា៖ «ខ្ញុំមិនចង់រំឭកអំពីការឈឺចាប់នោះទេ… ខ្ញុំបានព្យាយាមគេចចេញពីផ្ទះនោះ ប៉ុន្តែជាអកុសលបុរសនោះបានចាប់ខ្ញុំ និងវាយខ្ញុំពេញរាងកាយ ហើយចាប់រំលោភខ្ញុំ»។ អ្នកនាងបានពន្យល់ថាអ្នកនាងបានជួយក្មេងស្រីបួននាក់ដទៃៗទៀតគេចចេញពីផ្ទះតែមួយនោះនៅមុនពេលនាងរត់ចេញពីផ្ទះនោះ ហើយម្នាក់ក្នុងចំណោមពួកគេ បានបាក់ជើងនៅពេលលោតចុះពីជញ្ជាំង។ អ្នកនាងបន្តថា៖ «[លោក មួន] ល្អណាស់ លោកបានផ្តល់អាហារ និងកន្លែងស្នាក់នៅដល់ខ្ញុំ។ នៅពេលខ្ញុំរត់ចេញពីថៅកែ ខ្ញុំមិនមានលិខិតឆ្លងដែននៅនឹងខ្លួនដូច្នេះគាត់បានឲ្យលុយខ្ញុំ និងទាក់ទងស្ថានទូតដើម្បីស្វែងរកជំនួយ»។ «គាត់មើលថែខ្ញុំដូចបងប្រុសមើលថែប្អូនស្រី»។ ស្រីធា បានថ្លែងថា នាងបានស្វះស្វែងរកជំនួយពីស្ថានទូតកម្ពុជាដែលអ្នកនាងយល់ឃើញថាស្ថានទូតមិនស្វះស្វែងជួយអ្នកនាង។ «ដំណើរការទាំងមូលនៃការបញ្ជូនខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញគឺតាមរយៈការជួយរបស់លោក មួន។ តាមរយៈលោក មួន ខ្ញុំទទួលបានកន្លែងមួយដើម្បីស្នាក់នៅ។ លោកបានប្រមូលប្រាក់ពីបណ្តាញពលករចំណាកស្រុកដទៃៗទៀតនៅម៉ាឡេស៊ី ហើយបានឲ្យប្រាក់នោះមកខ្ញុំ»។

លោក មួន បានរំឭកអំពីពលករម្នាក់ទៀតដែលលោកបានជួយឲ្យរត់គេចខ្លួន ក្នុងអំឡុងជើងហោះហើរពេលយប់។ «នាងធ្វើការនៅប្រទេសម៉ាឡេស៊ីអស់រយៈពេល ៦ ឆ្នាំ ជាពលករបម្រើការងារតាមផ្ទះ។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំ នាងបានទៅធ្វើការនៅក្រុមហ៊ុនផ្សេង ប៉ុន្តែនាងមិនដែលទទួលបានប្រាក់ខែទេ។ នាងមិនត្រូវបានអនុញ្ញាតឲ្យទាក់ទងគ្រួសារ និងមិនអនុញ្ញាតសូម្បីតែនិយាយជាមួយពលករដទៃទៀត»។ លោកបន្ថែមថា កាលពេលលោក ជួបនាង ដំបូងនាង «ស្គមណាស់»។ លោក មួន បានថ្លែងថានារីម្នាក់នោះត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងរោងចក្រមួយ ហើយបន្ទាប់មកបង្ខំឲ្យធ្វើការងារផ្ទះបន្ថែមពីលើការងាររោងចក្រ ដោយមិនទទួលបានប្រាក់ឈ្នួលបន្ថែមនោះទេ។ ជាមធ្យម នាងធ្វើការពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ១២ យប់។ «នៅពេលយើងឃើញពីស្ថានភាពអាក្រក់របស់នាង យើងបានព្យាយាមជួយនាង និងបានសួរនាងថា តើនាងចង់ចាកចេញឬអត់? នាងភ័យខ្លាចណាស់»។

ពលករចំណាកស្រុកម្នាក់ឈ្មោះ សាន កុសល បានថ្លែងថាលោក មួន មិនត្រឹមតែជួយពលករទេ ប៉ុន្តែថែមទាំងចំណាយពេលវេលាធ្វើការអប់រំនៅតាមសហគមន៍។ «ខ្ញុំពិតជាបានឃើញថាគាត់ជាមនុស្សល្អណាស់ ហើយចង់ជួយអ្នកដែលទន់ខ្សោយ។ គាត់យកចិត្តទុកដាក់ចំពោះពលករចំណាកស្រុកនៅប្រទេសម៉ាឡេស៊ី ហើយជួយពលករផ្សេងៗដែលទទួលរងការរំលោភបំពាន…»។ ខណៈលោក មួន មានអារម្មណ៍ក្រៀមក្រំចំពោះការចាកចេញពីប្រទេសម៉ាឡេស៊ីលោកបានថ្លែងថាលោកត្រឡប់មកស្រុកកំណើតវិញគឺដោយសារម្តាយរបស់លោកមានជំងឺជាទម្ងន់ ដែលលោកត្រូវមើលថែគាត់។ ក្តីសុបិនរបស់លោកគឺចង់ចូលនយោបាយ ប៉ុន្តែដំបូងលោកត្រូវរៀនច្បាប់ និងធ្វើការងារជាមួយអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការងារកម្មករក្នុងប្រទេសកម្ពុជា។

លោក កៅ ពឿន អនុប្រធាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ អាយឌៀ ថ្លែងថាអង្គការរបស់លោកជាញឹកញាប់ពឹងផ្អែកលើលោក មួន កាលពេលលោកនៅប្រទេសម៉ាឡេស៊ី។ «អង្គការរបស់យើង និងអង្គការដៃគូរបស់យើងក្នុងប្រទេសម៉ាឡេស៊ីទទួលបានការគាំទ្រច្រើនពីលោក មួន យើងកំពុងខិតខំតស៊ូដោយសារឥឡូវនេះលោកត្រឡប់មកកម្ពុជា»។ «ឥឡូវនេះអង្គការរបស់យើងកំពុងស្វែងរកថវិកាដើម្បីជួលគាត់ឲ្យធ្វើការជាមួយយើង ដូច្នេះគាត់អាចធ្វើការងារក្រៅម៉ោងបាននៅប្រទេសម៉ាឡេស៊ី និងក្រៅម៉ោងនៅកម្ពុជា»។

ទន្ទឹមនេះលោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានទំនាក់ទំនងជាមួយលោក មួន អស់រយៈពេលជាច្រើនឆ្នាំ និងគិតថាលោក មួន នឹងមានអនាគតល្អប្រសិនបើនៅជាមួយគណបក្ស។ «កាលពេលគាត់ជាពលករនៅប្រទេសម៉ាឡេស៊ី គាត់ចាប់អារម្មណ៍គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដូច្នេះគាត់នៅបន្តទាក់ទងជាមួយខ្ញុំតាមរយៈហ្វេសប៊ុក»។ «គាត់ទើបតែត្រឡប់មកកម្ពុជា… គាត់បានចាប់ផ្តើមមកប្រជុំ និងចាប់អារម្មណ៍ចង់ក្លាយជាសមាជិកផ្លូវការ»។ លោក អ៊ីន បានថ្លែងបន្តថា៖ «យើងស្វាគមន៍គាត់ដោយកក់ក្តៅ យើងអញ្ជើញគាត់ និងលើកទឹកចិត្តគាត់ឲ្យក្លាយជាផ្នែកនៃក្រុមការងាររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងក្រុមយុវជនថ្នាក់ជាតិ»៕ PS

website_news/2018250110.txt · Last modified: 2018/01/25 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki