website_news:2018250405

កម្លាំងសមត្ថកិច្ច ចុះបិទផ្ទះបននៅខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាម ៣នាក់

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៥ មេសា ២០១៨ 13:25 ដោយ: ខា ដា ID:114

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានចុះឆែកឆេរ និងបិទទីតាំងផ្ទះបន មួយកន្លែង ស្ថិតនៅផ្ទះលេខ៧២ E0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជា ជនជាតិវៀតណាម ៣នាក់ ។

ប្រតិបត្តិការចុះបិទ ទីតាំងខាងលើនេះ គឺមានការចូលរួមពីលោកវរសេនីយទោ តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន លោកវរសេនីយឯក ធាន វុធ នាយកការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងប្រទេស និងមានការដឹកនាំដោយ លោក កុល បុន ព្រះរាជអាជ្ញារង នៃអយក្យការអមសាលាដំបូង រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់មានឈ្មោះ៖ ទី១-ង្វៀង ហ៊ីអ៊ិក ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម, ទី២-ង្វៀង មែន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម និងទី៣-ង្វៀង ធូវេ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ។ រីឯជនរងគ្រោះឈ្មោះ ង្វៀង ត្រាវ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ ង្វៀង ធីលីង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ។ សមត្ថកិច្ចបន្តថា វត្ថុតាងដែលរឹបអូសបានរួមមាន៖ ក្នុងបន្ទប់លេខ១ ស្រោមមិនទាន់ប្រើចំនួន ១២, បន្ទប់លេខ២ ស្រោមមិនទាន់ប្រើចំនួន១ និងប្រើរួចចំនួន ១, បន្ទប់លេខ៣ ស្រោមមិនទាន់ប្រើចំនួន២, ក្នុងផ្ទះបាយ មានស្រោមប្រើរួចចំនួន ២, បន្ទប់ផ្ទាល់ដី មានសៀវភៅកត់ត្រា ៤ក្បាល ស្រោមមួយចំនួនធំ និងឧបករណ៍ប្រើប្រាស់ចំនួន ២ផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ និងជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរបំភ្លឺ ៕

website_news/2018250405.txt · Last modified: 2018/04/25 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki