website_news:2018250501

ប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកនិងធ្វើការខុសច្បាប់នៅប្រទេសថៃចាប់បញ្ជូនក្នុងខែមេសាឆ្នាំ២០១៨មានចំនួន៤,២៦៨នាក់

http://cambodiapolice.com/ 5:04 pm 24 ឧសភា 2018

បន្ទាយមានជ័យ ៖ យោងតាមរបាយការណ៍ការិយាល័យនគរបាលប្រឆាំងការជួញដូរនិងការពារអានីតិជនខេត្តបន្ទាយមានជ័យក្នុងខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធរថៃចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកនិងធ្វើការដោយខុសច្បាប់នៅប្រទេសថៃដែលចាប់បញ្ជូនមកវិញមានចំនួន៤,២៦៨នាក់ ស្រី១,៤៧៣នាក់កុមារចំនួន៤៣៩នាក់ កុមារី១៦៧នាក់តាមរថយន្តភាគីថៃចំនួន១០២គ្រឿង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ស្ថិតិពលរដ្ឋក្នុងខេត្តចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃមានចំនួនសរុប៥០៤នាក់ ស្រី២៣៣នាក់ ក្នុងនោះស្របច្បាប់ចំនួន៦០នាក់ ស្រី២២នាក់ មិនស្របច្បាប់ចំនួន៤៤៤នាក់ ស្រី២១១នាក់ ត្រឡប់មកវិញ២,៤២៧នាក់ស្រី១,១៦៨នាក់ កុមារ៤០នាក់។

គួររំលឹកថាៈបញ្ហាពលករចំណាកស្រុកខុសច្បាប់ដែលប្រឈមគ្រោះថ្នាក់និងសុវត្ថិភាពរាល់ប្រជុំគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យលោក សួន បវរ អភិបាលខេត្តបានលើកឡើងជារឿយៗដល់កម្លាំងសមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែន និងកម្លាំងជំនាញត្រូវលុបបំបាត់ច្រករបៀងខុសច្បាប់ និងទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ ការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ។ ដាស់តឿនដាក់វិធានការត្រូវចាប់មេខ្យល់និងអប់រំណែនាំប្រជាពលរដ្ឋឱ្យមានការយល់ដឹងត្រូវបញ្ឈប់ការចាញ់បោកមេខ្យល់ទៅរកការងារធ្វើដោយស្របច្បាប់។

ព័ត៌មានបានឱ្យដឹងថាការដែលពលករចំណាកស្រុកខុសច្បាប់នៅតែបន្តលួចចេញតាមច្រករបៀងខុសច្បាប់នៅតែកើតមានគឺបណ្តាលមកពីកម្លាំងសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនឃុបឃឹតជាមួយមេខ្យល់ ហើយកម្លាំងនិងមន្ត្រីជំនាញដើរដាក់ខែជាមួយមេខ្យល់ឬបង់ចំនួនពលករម្នាក់១៥,០០០រៀលទៅ២០.០០០រៀល អាច១ខែមេខ្យល់ម្នាក់បង់១លានទៅ២លានរៀលជាប្រចាំខែបើមិនបង់គឺចាប់ពលករអប់រំឱ្យត្រឡប់ទៅវិញ តែមេខ្យល់រួចខ្លួនរហូតនៅតែបន្តរកស៊ីដោយរលូន ៕ ចន្ត្រា

website_news/2018250501.txt · Last modified: 2018/05/25 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki