website_news:2018250902

ថៃចាប់ខ្មែរ ៦ នាក់ និងយោធាម្នាក់ តែដោះលែងវិញក្រោយចរចា

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 24 September 2018 | 08:25 ICT

ភ្នំដងរែកៈ មន្ត្រីយោធាការពារព្រំដែនកម្ពុជា-ថៃប្រចាំតំបន់ជួរភ្នំដងរែក បានប្រាប់ឲ្យដឹងនៅថ្ងៃម្សិលមិញថា ក្រុមទាហានឈុតប៉ារ៉ាថៃបានល្បាតបំពានចូលក្នុងទឹកដីកម្ពុជា ហើយបានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរ ៦ នាក់ និងយោធាម្នាក់ដោយចោទប្រកាន់ថា បានព្យាយាមឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីរបស់ពួកគេដោយខុសច្បាប់ថែមទៀត

លោក រស់ សារួម មេបញ្ជាការកងអនុសេនាធំលេខ ១ ប្រចាំតំបន់ជួរភ្នំដងរែក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាកាលពីថ្ងៃទី ២១ និង ២២ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមទាហានឈុតប៉ារ៉ាថៃប្រមាណ ១០ នាក់បានចូលលុកលុយតំបន់ព្រំដែនក្នុងទឹកដីកម្ពុជាក្នុងចន្លោះប្រមាណពី ២០០ ម៉ែត្រទៅ ៣០០ ម៉ែត្រ និងបានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរមួយចំនួនក្នុងនោះមានម្នាក់ជាមន្ត្រីយោធាដែលបម្រើការងារនៅបញ្ជាការដ្ឋានកងអនុសេនាធំលេខ ២ ដោយចោទប្រកាន់ថាបានប៉ុនប៉ងឆ្លងចូលទៅកាប់ឈើនៅក្នុងទឹកដីថៃដោយខុសច្បាប់។ ប៉ុន្តែពួកគេបានដោះលែងវិញភ្លាមៗផងដែរ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីក្រុមមន្ត្រីយោធាទំនាក់ទំនងកិច្ចការព្រំដែននៃប្រទេសទាំង ២ មកសម្រុះសម្រួល និងចុះពិនិត្យយាមកាមនៅលើផែនទីភូមិសាស្ត្រ ហើយបានបង្ហាញថាតំបន់ដែលភាគីថៃបានលុកលុយនោះគឺស្ថិតនៅក្នុងទឹកដីកម្ពុជា។ លោក សារួម ថាមន្ត្រីយោធាដែលត្រូវភាគីថៃចាប់ឈ្មោះ ផល ឡាត់ អាយុ ៣៨ ឆ្នាំបម្រើការនៅអង្គភាពកងអនុសេនាធំទី ២ មានឋានៈជានាយចំណង់។ នៅពេលនេះកម្លាំងយោធាការពារព្រំដែនកម្ពុជាកំពុងបង្កើនការចុះល្បាតតាមព្រំដែនដើម្បីការពារបទល្មើសតាមព្រំដែនផង និងការពារការទន្ទ្រានលុកលុយពីកម្លាំងយោធាឈុតប៉ារ៉ាថៃចូលមកក្នុងទឹកដីកម្ពុជាក្រោមលេសចុះល្បាតតាមព្រំដែនផង។

លោក តូច រ៉ា ប្រធានស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំនៅច្រកទ្វារអន្តរជាតិជាំបានឲ្យដឹងតាមទូរស័ព្ទថា យោងតាមការអះអាងពីខាងភាគីថៃ មន្ត្រីយោធាកម្ពុជាដែលត្រូវភាគីថៃចាប់ខ្លួននោះ គឺដោយសារតែពេលនោះពួកគេបានប្រទះឃើញគាត់ជិះម៉ូតូកាត់តាមដងព្រៃតាមជួរបន្ទាត់ព្រំដែន ដោយសង្ស័យទើបឃាត់ខ្លួនដើម្បីសួរនាំព្រោះកន្លងមកមានបទល្មើសឆ្លងដែនចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ។ លោក រ៉ា ថា៖ «ប៉ុន្តែករណីនេះត្រូវបានដោះស្រាយដោយភាគីថៃបានសុំទោសចំពោះការឃាត់ខ្លួនមន្ត្រីយោធាយើង ព្រោះយើងជិះតែក្នុងទឹកដីយើង តែពួកគេទេដែលបានចុះល្បាតរំលោភចូលក្នុងទឹកដីយើង»៕

website_news/2018250902.txt · Last modified: 2018/09/25 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki