website_news:2018250903

ពលករខ្មែរជាង១ម៉ឺននាក់ជាអ្នកនេសាទសមុទ្រនៅប្រទេសថៃ

http://www.rasmeinews.com/ September 24, 2018, 5:00 PM

អត្តបទៈសុផានីតា/កោះកុងៈ តាមរយៈប្រធានរដ្ឋបាលជលផលខេត្តត្រាត ប្រទេសថៃមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងថា បច្ចុប្បន្នខេត្តត្រាតមានពលករខ្មែរជាង១ម៉ឺននាក់កំពុងធ្វើការលើទូកនេសាទសមុទ្ររបស់ថៅកែថៃ។ភាគច្រើនពលករកម្ពុជាមានឯកសារបញ្ជាក់ស្របច្បាប់ក្រោយពីមន្ត្រីក្រសួងការងារ និងអគ្គនាយកដ្ឋានអត្តសញ្ញាកម្មចុះសម្រប សម្រួលដោះស្រាយជូនពួកគាត់។ ពលករនេសាទកម្ពុជាប្រមាណជាង១ម៉ឺននាក់ដែលកំពុងបម្រើការងារជាអ្នកនេសាទសមុទ្រនៅខេត្តត្រាត ប្រទេសថៃ ជាប់នឹងខេត្តកោះកុងព្រំដែនអន្តរជាតិប្រទេសកម្ពុជា។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃពលករខ្មែរភាគច្រើនមានឯកសារបញ្ជាក់ស្របច្បាប់ គឺនៅតែចំនួនតូចប៉ុណ្ណោះដែលអាជ្ញាធរ ស្វែងរកផ្តល់ភាពស្របច្បាប់ជូនពួកគាត់។

ក្នុងដំណើរបេសកម្មការងាររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកញ្ញាថ្មីៗនេះទៅកាន់ខេត្តត្រាត ប្រទេសថៃ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា។ អមដំណើរដោយលោកស្រីអភិបាលខេត្តកោះកុងផងនោះបានថ្លែងថា ការងារនេសាទរបស់ពលករខ្មែរនៅប្រទេសថៃការងារមួយដ៏ស្មុគស្មាញនិងលំបាកគ្រប់គ្រងដែលរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយ។ ដូច្នេះទើបកម្ពុជាចង់ទទួលព័ត៌មានផ្លូវការមួយលើដំណើរការរៀបចំប្រព័ន្ធការពារសុវត្ថិភាពរបស់ភាគីថៃសម្រាប់ផ្តល់ប្រយោជន៍ជូនពលករខ្មែរនិងថៅកែក្រុមហ៊ុន។ លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ថែមទៀតថា កន្លងទៅ លោកស្រីមានព័ត៌មានថា ពលករខ្មែររហូតដល់ទៅជាង១.៧០០នាក់ នៅសមាគមនេសាទសមុទ្រខេត្តត្រាតពុំទាន់មានឯកសារបញ្ជាក់ផ្លូវច្បាប់ត្រឹមត្រូវ និងអាចរង់ការ រំលោភបំពានសិទ្ធិជាដើម។ប៉ុន្តែជាង១មុននឹងលោកស្រីចុះមកពិនិត្យត្រូវបានមន្ត្រីកម្ពុជា និងភាគីថៃផ្តល់ដំណឹងថាបានរៀបចំបែបបទធ្វើលិខិតឯកសារស្របច្បាប់ជិតបញ្ចប់អស់ហើយ។ ទោះយ៉ាងណាលោកស្រីនៅតែចង់សិក្សាស្វែងបន្ថែមទៀតអំពីនីតិវិធីទាំងនោះហេតុអីឆាប់រហ័សដូច្នេះ។ ជាក់ស្តែងការបំពេញឯកសារខាងលើជា BorderPassព្រំដែនប៉ុណ្ណោះ។ហើយការប្រើប្រាស់បណ្ណព្រំដែននៅមិនទាន់គ្រប់លក្ខណៈចំពោះយន្តដោះស្រាយភាពស្របច្បាប់ជូនពលករខ្មែរនៅឡើយទេ។ លោកស្រី ជូ ប៊ុនអេង ក៏បានស្នើទៅអាជ្ញាធរភាគីថៃដែរ បើពលករខ្មែររស់នៅក្នុងប្រទេសថៃ មានបញ្ហាអ្វីមួយសូមឱ្យភាគីថៃជួយសម្របសម្រួលដល់ពលករខ្មែរផងឬផ្តល់ជាព័ត៌មានពិតប្រាកដមកអាជ្ញាធរកម្ពុជាភ្លាមៗ ដើម្បីរួមគ្នាដោះស្រាយបញ្ចប់។

លោក សាន់សេន សេរីរ៉ាត់ ប្រធានរដ្ឋបាលជលផលខេត្តត្រាត ប្រទេសថៃ បានឱ្យដឹងថា អាជ្ញាធរថៃកំពុងរៀបចំនីតិវិធីចុះបញ្ចីទូកនិងកម្មករនេសាទដោយច្បាស់លាស់ដោយអាចភាគីអាជ្ញាធរកម្ពុជាទទួលយកបាននាពេលបច្ចុប្បន្ននេះផងដែរខណៈពលករខ្មែរដែលបម្រើការងារនេសាទសមុទ្រចាប់ពី២ទៅ៣ឆ្នាំឡើងខ្លះមាននិងខ្លះទៀតនោះពុំទាន់មានឯកសារស្របច្បាប់នៅឡើយ។ លោក សេរីរ៉ាត់ ក៏ពេញចិត្តនឹងដំណើរបេកសកម្មរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា លើសិក្សាស្វែងយល់ និងដោះស្រាយផ្តល់ឯកសារស្របច្បាប់ជូនពលករខ្មែរជៀសវាងមានបញ្ហាលំបាកជួយសង្គ្រោះនៅពេលមានបញ្ហាណាមួយកើតមានឡើង។

ដោយឡែកលោក សេង ផាត ពលរដ្ឋមកពីខេត្តបាត់ដំបងនិងយុវជនតាន់ឡាមកពីខេត្តកំពតសព្វថ្ងៃជាពលករខ្មែរដែលបម្រើការចុះទូកនេសាទនៅខេត្តត្រាតបានលើកឡើងថា ពួកគាត់មានប័ណ្ណការងារលិខិតឆ្លងដែនដែលទទួលស្គាល់ពីក្រសួងការងារ និងរដ្ឋាភិបាលកម្ពុជា ទើបអាចធ្វើការជាអ្នកនេសាទនៅប្រទេសថៃបាន។ ករណីផុតកំណត់ប្រើប្រាស់ ពួកគាត់នឹងបំពេញបែបបទបន្តទៀត។ ក្រុមពលករ ឱ្យដឹងដែរថា រីឯថៅកែក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ទៀងទាត់ជួន១ម៉ឺនបាត ក្នុង១ខែ ឬលើសនេះក៏មានគ្មានបង្គំឱ្យធ្វើការលើសម៉ោងទេគឺមានពេលវេលាសម្រាកត្រឹមត្រូវ។ប្រាក់ខែដែលបានមកផ្ញើមកម្តាយឱពុកនិងប្រពន្ធនៅស្រុកកំណើត ក៏ដូចជាទុកនៅខ្លួនឯងខ្លះ។

បើតាមលោកស្រី រដ្ឋលេខាធិការក្រសួងមហាផ្ទៃដើម្បីកាន់តែទទួលព័ត៌មានច្រើនពីភាពល្អប្រសើរ និងចង់ដឹងបញ្ហាប្រឈមនានារបស់ពលករខ្មែរពិសេសបញ្ហាការជួញដូរមនុស្សលោកស្រីដឹកនាំក្រុមការងារជំនាញនឹងបន្តទៅបេសកម្មទៅកាន់ខេត្តដ៏ទៃទៀតក្នុងប្រទេសថៃនាពេលខាងមុខ៕S/

website_news/2018250903.txt · Last modified: 2018/09/25 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki