website_news:2018250907

មុខអាក្រក់ហើយ ចិត្តក៏កាន់តែអាក្រក់…ចេះធ្វើដាក់សាច់ឈាមឯងទៅរួច

https://kohsantepheapdaily.com.kh/article/ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ ម៉ោង ១៦:៥៣ ប៊ុន លីនណា

រាជធានីភ្នំពេញ ៖ ជនប្រុសស្រី២នាក់បងប្អូន ដែលនគរបាលកំណត់ថាជាមុខសញ្ញារកស៊ីជួញដូរមនុស្សទៅក្រៅប្រទេស បានត្រូវចាប់ខ្លួននិងបញ្ជូនបន្តទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីបើកការស៊ើបអង្កេតបឋមមួយដោយនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនហើយរកឃើញថា ពួកគេទាំង២នាក់ធ្លាប់បានធ្វើសកម្មភាពលក់ក្មួយស្រីបង្កើត ឲ្យទៅបុរសជនជាតិចិននៅប្រទេសចិនកាលពី២ឆ្នាំមុន ។

នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា ក្រោយបើកការស៊ើបអង្កេតនិងនាំខ្លួនមកសាកសួរ ជនសង្ស័យប្រុសស្រីទាំង២នាក់បងប្អូនបង្កើតត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទក្លែងឯកសារ ហើយក៏ត្រូវបានតុលាការឃុំខ្លួនពួកគេទាំង២នាក់នៅពន្ធនាគារខេត្ត នារសៀលថ្ងៃទី២១ ខែកញ្ញា ។ ស្នងការរងនគរបាលទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកស្រីវរសេនីយ៍ឯក នៅ រតនា បានឲ្យដឹងថា ស្ត្រីរងគ្រោះអាយុ២១ឆ្នាំ ត្រូវជាក្មួយស្រីបង្កើតរបស់ជនសង្ស័យទាំង២នាក់ ដែលមានទីលំនៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង បានរងគ្រោះដោយត្រូវពួកគេល្បួងយកទៅលក់ឲ្យបុរសជនជាតិចិននៅប្រទេសចិន តាមរយៈខ្សែបណ្តាញរបស់ពួកគេតាំងពីឆ្នាំ២០១៦ ។ លោកស្រីស្នងការរងបន្តថា ក្មួយស្រីម្នាក់នេះបានរងគ្រោះដោយសារពួកគេជួញដូរទៅលក់ឲ្យបុរសជនជាតិចិនចំនួន២ដង ។

រហូតមកទល់នឹងពេលនេះ ស្ត្រីរងគ្រោះមានកូនក្នុងពោះចំនួន៨ខែ និងត្រូវបានបញ្ជូនមកស្រុកកំណើតវិញ កាលពីពាក់កណ្តាលឆ្នាំ២០១៨ ។ជនសង្ស័យប្រុសស្រីជាបងប្អូនបង្កើតទាំង២នាក់នេះ ម្នាក់ឈ្មោះ ពៅ សារ៉ាត់ ភេទប្រុស អាយុ៤៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៥៥ឆ្នាំ ។ ពួកគេទាំង២នាក់ត្រូវជាបងប្អូនបង្កើតជាមួយម្តាយស្ត្រីរងគ្រោះ។ប្រភពពីនគរបាលបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៦ ពួកគេបានល្បួងស្ត្រីរងគ្រោះយកទៅលក់ឲ្យបុរសជនជាតិចិន នៅប្រទេសចិនតាមរយៈខ្សែបណ្តាញរបស់ពួកគេនៅប្រទេសចិន។មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានក្លែងឯកសារមួយចំនួន សម្រាប់សម្រួលដល់ការឆ្លងដែនរបស់ស្ត្រីរងគ្រោះទៀតផង ។ ពេលទៅដល់ប្រទេសចិន នាងត្រូវបានបង្ខំឲ្យយកប្តីជនជាតិចិន និង រងការវាយធ្វើបាបពីប្តីជនជាតិចិន ហើយនាងបានរត់គេចតែក៏ត្រូវពួកគេលក់បន្តទៅឲ្យបុរសជនជាតិចិនម្នាក់ផ្សេងទៀត ។

ដោយសារការអត់ទ្រាំនឹងការវាយធ្វើបាបពីសំណាក់ប្តីជាជនជាតិចិនលើកក្រោយនេះមិនបាន នាងក៏បានរត់ទៅរកអាជ្ញាធរឲ្យជួយហើយក៏ត្រូវបានអាជ្ញាធរចាត់បញ្ជូនមកស្រុកវិញ ។ នគរបាលបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលជាង២ឆ្នាំដែលស្ត្រីរងគ្រោះត្រូវជនសង្ស័យជួញដូរឲ្យទៅយកប្តីចិននៅក្រៅប្រទេស នាងមិនបានប្រាក់កម្រៃអ្វីនោះទេ ដោយសារលុយទាំងអស់ត្រូវបានជនសង្ស័យទាំង២នាក់បងប្អូនកេងប្រ វ័ញ្ចយកអស់ ។ អ្វីដែលគួឲ្យអាសូរនោះគឺចុងក្រោយស្ត្រីរងគ្រោះគ្មានសល់អ្វីក្រៅពីកូននៅក្នុងពោះដែលនឹងជិតគ្រប់ខែដោយគ្មានអ្នកទទួលខុសត្រូវ៕

website_news/2018250907.txt · Last modified: 2018/09/25 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki