website_news:2018251001

កម្ពុជានឹងបញ្ជូន ពលករ៥ពាន់នាក់ ទៅបម្រើការ នៅប្រទេសគុយវ៉ែតជាលើកដំបូង នាឆ្នាំ២០១៩ខាងមុខ

https://www.dap-news.com/ ByID:114 Posted on 24 October 2018 | 17:11

ភ្នំពេញ៖លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាការងារជាមួយ លោកស្រីHend Subaih B ALSUBAIH រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការសេដ្ឋកិច្ចនៃប្រទេសគុយវ៉ែតថា កម្ពុជានឹងបញ្ជូនពលករ ចំនួន៥ពាន់នាក់ ទៅបម្រើការងារលើកដំបូង នៅប្រទេសគុយវ៉ែត នៅឆ្នាំ២០១៩ខាងមុខ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សាការងារ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ប្រមុខក្រសួងការងាររបស់កម្ពុជា និងគុយវ៉ែត បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយវិនិយោគិនគុយវ៉ែត ក៏មានបំណងចង់ស្វែងរកឱកាស វិនិយោគនៅកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «កម្ពុជានឹងរៀបចំកម្លាំងពលកម្មរបស់ខ្លួន ដែលបានជ្រើសរើសគ្រប់លក្ខខណ្ឌចំនួន ៥ពាន់នាក់ ជាលើកដំបូង ទៅបម្រើការងារនៅប្រទេសគុយវ៉ែត ហើយកម្លាំងពលកម្មនេះ ជាកម្លាំងពលកម្មគ្រប់ផ្នែក ទាំងផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម”។ លោករដ្ឋមន្ត្រី បានបន្តថា ប្រសិនបើស្ថានភាព នៅប្រទេសគុយវ៉ែតល្អប្រសើរ ស្របទៅនឹងអ្វីដែលពលករកម្ពុជា ទទួលយកបាន មានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យនោះ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញ ឱ្យមានការបញ្ជូននេះឱ្យបានកាន់តែច្រើន។

ចំពោះលក្ខខណ្ឌជ្រើសរើសពលករ ទៅបម្រើការងារនៅប្រទេស ក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ត្រូវមានការ បណ្ដុះបណ្ដាលជាមុន ដើម្បីឱ្យស្គាល់ពីស្ថានភាពប្រទេស ទទួលស្គាល់ពីវប្បធម៌ និងជំនាញការងារ ពិសេសលក្ខខណ្ឌក្នុងការរស់នៅទីនោះផងដែរ។ លោកបានសង្កត់ធ្ងន់ថា ទាំងនេះគឺស្របទៅនឹងគោលនយោបាយ «បើកចំហទៅកាន់តំបន់មជ្ឈិមបូព៌ា» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

website_news/2018251001.txt · Last modified: 2018/10/25 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki