website_news:2018251201

ក្រសួងចំនួន២ ប្រកាសជាផ្លូវការនូវផែនការយុទ្ធសាស្ដ្រ និងផែនការប្រតិបត្ដិច្បាប់ស្ដីពីយុត្ដិធម៌អនីតិជន

http://wmc.org.kh/ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ លៀ ស៊ីណា

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ និង ក្រសួងសង្គមកិច្ច បានរៀបចំប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិច្បាប់ស្តីពីយុត្តិធម៌អនីតិជនចាប់ពី ២០១៨ ដល់ឆ្នាំ ២០២០។ រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចបញ្ជាក់ថា គោលបំណងនៃផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិនេះ គឺធ្វើឲ្យជីវិតរបស់អនីតិជនទំនាស់នឹងច្បាប់បានប្រសើរឡើង ដោយផ្តោតលើគោលដៅពីរ។

ក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងការគាំទ្រពីយូនីសេហ្វ បានរៀបចំរួមគ្នា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដើម្បីណែនាំពីការអនុវត្តច្បាប់នេះ ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង កាលពីពេលនោះ បានលើកឡើងថា ចំណុចគន្លិះមួយនៅក្នុងផែនការនេះ គឺផ្តោតជាសំខាន់ទៅលើការឲ្យមានការយល់ដឹងពីផលប្រយោជន៍នៃការអនុវត្តនូវវិធានការបង្វែរ និងវិធានការផ្សេងក្រៅពីការឃុំខ្លួន ដែលអាចកាត់បន្ថយការប្រព្រឹត្តបទល្មើសសារជាថ្មី និងកាត់បន្ថយចំនួនអនីតិជនជាប់ឃុំ ហើយក៏អាចឈានទៅកាត់ន្ថយបន្ទុកចំណាយរបស់រដ្ឋ ក្នុងការគាំទ្រទៅលើការងារឃុំឃាំងផងដែរ។

ច្បាប់ស្តីពីយុត្តិធម៌អនីតិជនត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៧ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌អនីតិជននៅកម្ពុជា។ ច្បាប់នេះផ្តោតលើការបង្វែរ ដែលជាការឆ្លើយតបដ៏ត្រឹមត្រូវចំពោះអនីតិជនទំនាស់នឹងច្បាប់ ជាជាងការដាក់ទណ្ឌកម្មដែលជាអភិក្រមកំពុងបច្ចុប្បន្ន ដោយមិនអាចឆ្លើយតបនឹងតម្រូវការរបស់អនីតិជន។

មានប្រសាសន៍ក្នុងពិធីនោះលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា គោលបំណងនៃផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិនេះ គឺនឹងធ្វើឲ្យជីវិតរបស់អនីតិជនទំនាស់នឹងច្បាប់បានប្រសើរឡើង ដោយផ្តោតទៅលើគោលដៅពីរ ទី ១. កសាងប្រព័ន្ធយុត្តិធម៌អនីតិជនទំនើបមួយ ប្រកបដោយចីរភាព និងមានការកែលម្អជាបន្តបន្ទាប់នាពេលអនាគត និងទី ២. ផ្ដល់កិច្ចការពារ និងគាំទ្រសិទ្ធិរបស់អនីតិជនទំនាស់នឹងច្បាប់ ប្រកបដោយប្រសិទ្ធភាព។

តាមការប៉ាន់ប្រមាណ ក្នុងចំណោមកុមារ ១០០.០០០នាក់ មានកុមារប្រហែល២៣នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារនាពេលបច្ចុប្បន្ន។ ចំនួនកុមារក្នុងពន្ធនាគារបានកើនឡើងពី ៣៣៦ ក្នុងឆ្នាំ២០១៤ ដល់ ១.៥៣៥ ក្នុងឆ្នាំ២០១៨នេះ។ នេះជាសញ្ញាមួយទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតជាបន្ទាន់ ដើម្បីឲ្យអនីតិជនទំនាស់នឹងច្បាប់ ត្រូវបានបង្វែរចេញពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ទៅកាន់យន្តការកុមារមេត្រីដូចជាកម្មវិធីបង្វែរជាដើម។

ក្នុងពេលដែលច្បាប់យុត្តិធម៌អនីតិជន គឺជាគោលដៅដ៏សំខាន់នៅក្នុងកិច្ចការកំណែទម្រង់យុត្តិធម៌អនីតិជននោះ ទស្សនៈទានស្តីពីយុត្តិធម៌អនីតិជននេះក៏ជាបញ្ហាថ្មីមួយសម្រាប់កម្ពុជា ដែលជាហេតុនាំឲ្យមានការយឺតយ៉ាវក្នុងការអនុវត្តច្បាប់។ ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិនេះ ផ្តល់ជាផែនទីចង្អុលផ្លូវមួយសម្រាប់កម្ពុជាក្នុងការអនុវត្តច្បាប់នេះ និងកសាងប្រព័ន្ធយុត្តិធម៌អនីតិជនទំនើបមួយស្របតាមការអនុវត្តល្អៗរបស់អន្តរជាតិ។

ដើម្បីសម្រេចបានគោលដៅទាំងពីរដូចដែលលោក វង សូត បានលើកទ្បើង ផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះបានផ្តោតលើកម្មវិធីយុទ្ធសាស្ត្រចំនួន៩ ដែលរួមមាន ការសម្របសម្រួល ការគ្រប់គ្រង និងការទំនាក់ទំនង ការអប់រំ និងការបណ្តុះបណ្តាលភ្នាក់ងារសង្គមកិច្ច ការបង្វែរ ការធ្វើសមាហរណកម្ម ការឃុំខ្លួន ការទប់ស្កាត់បទល្មើស ក្របខណ្ឌគោលនយោបាយនិងប្រព័ន្ធប្រតិបត្តិ និងការពិនិត្យតាមដាន និងវាយតម្លៃ៕

website_news/2018251201.txt · Last modified: 2018/12/25 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki