website_news:2018260104

អង្គការអន្តរជាតិថាពលករខ្មែរជាច្រើននៅលើទូកនេសាទថៃកំពុងរងការរំលោភសិទ្ធិ

http://km.rfi.fr/cambodia/ 25/01/2018

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ កាលពីថ្ងៃអង្គារ បានចេញផ្សាយរបាយការណ៍មួយ ដោយបានរិះគន់លើការអនុវត្តច្បាប់ និងប្រព័ន្ធការពារកម្មករនេសាទក្នុងប្រទេសថៃ និងស្នើឲ្យរដ្ឋាភិបាលប្រទេសនេះ ពង្រឹងការអនុវត្តច្បាប់របស់ខ្លួនឲ្យបានម៉ឺងម៉ាត់។ បើតាមរបាយការណ៍ ការរំលោភសិទ្ធិចំពោះពលករនេសាទក្នុងប្រទេសថៃ នៅតែកើតឡើងដដែល និងច្រើនថែមទៀត ហើយភាគច្រើនកើតចំពោះពលករខ្មែរ និងភូមា។ អត្ថបទដោយ៖ អ៊ឹង ប៊ុនថន

ក្នុងរបាយការណ៍កម្រាស់១៣៤ទំព័រ ដែលមានចំណងជើងថា «ការរំលោភសិទ្ធិ និងការបង្ខំឲ្យធ្វើការ ក្នុងឧស្សាហកម្មនេសាទនៅប្រទេសថៃ» អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch អះអាងថា ពលករដែលធ្វើការលើទូកនេសាទថៃក្នុងនោះមានខ្មែរនិងភូមាផងដែរ ភាគច្រើនប្រឈមនឹងបញ្ហាជួញដូរមនុស្ស ការបើកប្រាក់ខែមិនទៀងទាត់ និងទទួលបានប្រាក់ឈ្នួលទាបជាងប្រាក់ឈ្នួលអប្បបរមា ហើយមិនអាចផ្លាស់ប្ដូរនិយោជក និងមិនទទួលការគាំពារផ្នែកច្បាប់ ឬអាចចូលរួមជាមួយសហជីពដើម្បីជួយការពារសិទ្ធិពួកគេបានឡើយ។

ប្រធានផ្នែកតស៊ូមតិនិងការពារសិទ្ធិស្ត្រីនិងកុមារនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស្រី ឆន សុគន្ធា កត់សំគាល់ប្រហាក់ប្រហែលគ្នានឹងរបាយការណ៍នេះដែរ។ លោកស្រី និយាយថា ពលករខ្មែរដែលទៅធ្វើការលើទូកនេសាទថៃគឺសុទ្ធតែទៅដោយខ្លួនឯងភាគច្រើនខុសច្បាប់ ដែលនេះជាបញ្ហាពិបាកក្នុងការជួយសង្រ្គោះនៅពេលមានបញ្ហាកើតឡើង។ បើតាម លោកស្រី ឆន សុគន្ធា មិនដឹងថាមានក្រុមហ៊ុនណាដែលបញ្ជួនពលករខ្មែរឲ្យធ្វើការនៅលើទូកនេសាទថៃនោះទេ។ អ្នកធ្វើការលើទូកនេសាទគឺពួកគេត្រូវបណ្តែតជីវិតនៅលើទូកគ្មានកោះគ្មានត្រើយរាប់ខែទំរាំបានឡើងគោកម្តងៗ។ ហើយជួនកាលក៏ត្រូវបានថៅកែទូកនេសាទបញ្ជួនបន្តទៅឲ្យថៅកែផ្សេងទៀតរហូតដល់ម៉ាឡេស៊ីក៏មាន។ នេះជាការកត់សំគាល់របស់មន្រ្តីអាដហុកដដែល។

ទោះជាយ៉ាងណា ក្នុងពេលចុះជួបពលករខ្មែរដែលធ្វើការនៅរោងចក្រផលិតសាច់មាន់កាលពីពេលថ្មីៗនេះ ក្នុងខេត្តសារ៉ាក់បុរី ប្រទេសថៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានប្រាប់ពលករខ្មែរនៅទីនោះថា រដ្ឋាភិបាលកម្ពុជាកំពុងតែពិភាក្សាជាមួយភាគីថៃ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិការងារ ក្នុងនោះមានរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ជូនដល់ពលករកម្ពុជា។ នេះបើតាមការផ្សាយរបស់បណ្តាញសារព័ត៌មានដែលស្និទនឹងរដ្ឋាភិបាល។

បើតាម Human Rights Watch កាលពី២០១៥ រដ្ឋាភិបាលថៃ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្ដរជាតិ និងបណ្ដាប្រទេសនាំចូលផលិតផលគ្រឿងសមុទ្រពីប្រទេសថៃ។ ក្នុងនោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានព្រមានហាមឃាត់ការនាំចេញទៅទីផ្សារអន្ដរជាតិ និងបានដាក់បញ្ចូលប្រទេសនេះ ទៅក្នុងបញ្ជីស្ថិតក្រោមការឃ្លាំមើលផងដែរ។ បន្ទាប់ពីមានការព្រមាន និងជំរុញឲ្យគោរពសិទ្ធិមនុស្ស រដ្ឋាភិបាលថៃ បានកែប្រែលក្ខខណ្ឌក្នុងច្បាប់ការងារ កែលម្អប្រព័ន្ធតាមដានការរំលោភសិទ្ធិ និងចាត់វិធានការជាបន្ដបន្ទាប់។

អង្គការ Human Rights Watch រិះគន់ថា ចំណាត់ការទាំងអស់នោះ គឺគ្រាន់ដើម្បីលាក់បាំងភ្នែកអន្ដរជាតិ និងមានតែនៅតែលើក្រដាសប៉ុណ្ណោះ ប៉ុន្ដែមិនបានអនុវត្តឲ្យបានពេញលេញនោះទេ។ Human Rights Watch អះអាងថា នៅឆ្នាំ២០១៥ រដ្ឋាភិបាលថៃ មិនអាចរកឃើញសូម្បីតែមួយករណី ក្នុងចំណោមពលករជាង៤៧ម៉ឺននាក់ ដែលទទួលរងការបង្ខំឲ្យធ្វើការ។ ជាក់ស្តែងថ្មីៗនេះ អង្គការ Human Rights Watch និយាយថា កម្មករធ្វើការលើទូកនេសាទក្នុងប្រទេសថៃ ប្រមាណ៥ម៉ឺននាក់ ក៏បានទទួលរងការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរថែមទៀត៕

website_news/2018260104.txt · Last modified: 2018/01/26 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki