website_news:2018260212

អាជ្ញាធរថៃត្រៀមប្ដឹងថៅកែរោងចក្រទឹកកកមួយករណីបង្ខំកម្មករខ្មែរឲ្យធ្វើការលើសម៉ោង

https://www.rfa.org/ ដោយ អាស៊ីសេរី 2018-02-22

អាជ្ញាធរ និងអង្គការ នៅប្រទេសថៃកំពុងប្រមូលព័ត៌មាន ដើម្បីប្ដឹងថៅកែរោងចក្រទឹកកកថៃមួយកន្លែង អំពីការបង្ខំកម្មករខ្មែរឲ្យធ្វើការលើសម៉ោង និងបង្ខាំងកម្មករមិនឲ្យដើរហើរ។ កម្មករទាំងនេះ ឋិតនៅក្រោមអាជ្ញាធរថៃនៅឡើយ។ កម្មករខ្មែរនៅប្រទេសថៃចំនួន ១៣នាក់ និងកម្មករឡាវ ៦នាក់ ដែលត្រូវបានប៉ូលិស និងអង្គការការពារសិទ្ធិការងារ រំដោះចេញពីរោងចក្រទឹកកកបាងស៊ីមឿង ខេត្តនន់ថៈប៊ុរី នៅថ្ងៃទី១៦ កុម្ភៈ កំពុងឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស (Social Development and Human Security)។ កម្មករទាំងនេះ បានអះអាងប្រាប់ក្រុមអ្នកសង្គ្រោះថា ថៅកែបានបង្ខំកម្មករឲ្យធ្វើការពី ១២ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ ហើយមួយខែ សម្រាកបានមួយថ្ងៃដោយគ្មានប្រាក់ឈ្នួល។ ប៉ុន្តែកម្មករទាំងនេះមិនឲ្យចេញក្រៅបានទេ។ ការរំដោះកម្មករទាំងនេះ ធ្វើឡើងបន្ទាប់ពីមានកម្មករម្នាក់លួចចេញរួច ហើយទៅរាយការណ៍ដល់ប៉ូលិស។

កម្មករឲ្យដឹងថា ថៅកែរោងចក្រនេះ បានជ្រើសរើសកម្មករខ្មែរម្នាក់ឲ្យត្រួតត្រា និងប្រើដាវគំរាមកំហែងកម្មករដទៃទៀតឲ្យខំធ្វើការ។ កម្មករដែលជាអ្នកត្រួតត្រាកម្មករនោះសារភាពថា ខ្លួនពិតជាត្រួតត្រាលើកម្មករទាំងនោះមែន ប៉ុន្តែដាវនោះទុកការពារខ្លួន៖ «ខ្ញុំកាន់បែបនេះ ហើយអើតមើលតាមរន្ធទ្វារ ថាតើពួកគេដេកហើយឬនៅ? គេកំពុងធ្វើអី? គេលេងបៀឬធ្វើអី? ខ្ញុំដើរមើលពីរជុំអី?»។ ក្នុងពេលអាជ្ញាធរ និងអង្គការសង្គ្រោះចុះជួយរំដោះកម្មករទាំងនេះ អ្នកយកព័ត៌មានអាស៊ីសេរីផ្នែកភាសាឡាវ ដែលបានចុះយកព័ត៌មាន បានឃើញ កម្មករត្រូវគេដាក់ក្នុងអាគាររោងចក្រ ដោយចាក់សោទ្វារដែករឹងមាំ និងមានកាមេរ៉ាសុវត្ថិភាពដាក់ត្រួតពិនិត្យនៅច្រកទ្វារចេញចូលផង។ មានដាវសមួយដើម ដែលកម្មករអះអាងថា គេប្រើទុកគំរាមពួកគាត់។

តាមការសម្ភាសនៅមជ្ឈមណ្ឌលប្រតិបត្តិការទប់ស្កាត់ការជួញដូរពលកម្មមនុស្ស នៃនាយកដ្ឋានការពារពលកម្ម និងសង្គមកិច្ច (Prevention of Human Trafficking on Labour Operation Center, Department of Labour Protection and Welfare) កម្មករទាំងនេះប្រាប់ថា ពួកគាត់ចូលទៅធ្វើការនៅប្រទេសថៃ តាមរយៈមេខ្យល់ ដោយមិនមានលិខិតស្នាមអ្វីទាំងអស់។ ពួកគេបានបង់ប្រាក់ម្នាក់ ២.៥០០បាត ទៅមេខ្យល់ដែលនាំទៅធ្វើការនៅទីនោះ។ ថៅកែផ្ដល់ប្រាក់ឈ្នួលឲ្យកម្មករទាំងនេះពី ២០០ ទៅ ៣០០បាតក្នុងមួយថ្ងៃ។ ប៉ុន្តែថៅកែបានកាត់ប្រាក់ឈ្នួលរបស់ពួកគេ ដោយប្រាប់ថា យកទៅធ្វើលិខិតឆ្លងដែន និងប័ណ្ណធ្វើការងារ។ ទោះជាយ៉ាងនេះក្ដី ពួកគាត់មិនដែលបានទទួលប័ណ្ណធ្វើការនេះទេ។

អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ដើម្បីបញ្ជាក់ពីចំណាត់ការលើករណីនេះបានទេ នៅថ្ងៃទី២១ កុម្ភៈ ដោយសារលោកជាប់ប្រជុំ។

របាយការណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា មានកម្មករខ្មែរប្រមាណ ១លាន ២សែននាក់ ធ្វើការនៅប្រទេសថៃ។ កម្មករខ្លះកំពុងធ្វើការខុសច្បាប់ ក្នុងវិស័យផ្សេងៗ ដែលប្រឈមនឹងហានិភ័យដូចករណីកម្មកររោងចក្រទឹកកកនេះដែរ៕

website_news/2018260212.txt · Last modified: 2018/02/26 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki