website_news:2018260213

ហ្វីលីពីននិងកូវ៉ែតកំពុងស្វែងរកការស្រុះស្រួលគ្នាលើការធានាសុវត្តិភាពពលករ

http://km.rfi.fr/asia/ ដោយ អៀង សុខម៉ិញ 25/02/2018

ប្រតិភូជាអ្នកទទួលខុសត្រូវហ្វីលីពីនមួយក្រុមបានធ្វើដំណើរទៅកាន់ប្រទេសកូវ៉ែត ដើម្បីវាយតម្លៃអំពីផលប៉ះពាល់នៃបម្រាមថ្មីរបស់ប្រធានាធិបតី ទៅលើទីផ្សារពលករហ្វីលីពីន នៅកូវ៉ែត។ ប្រធានាធិបតីបានចេញក្រិត្យហាមមិនឱ្យពលរដ្ឋហ្វីលីពីនចេញទៅធ្វើការនៅកូវ៉ែតទេ ក្រោយការរកឃើញសាកសពពលករហ្វីលីពីនម្នាក់ក្នុងទូរកក កាលពីដើមខែ។

បម្រាមរបស់ប្រធានាធិបតី បានប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋហ្វីលីពីននៅកូវ៉ែត។ នេះបើតាមការរៀបរាប់របស់ភ្នាក់ងារជ្រើសរើសពលករហ្វីលីពីន ទៅកាន់ប្រតិភូហ្វីលីពីន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារ នៅក្នុងពេលជួបប្រជុំនៅស្ថានទូតហ្វីលីពីននៅកូវ៉ែត។ ជាឧទាហរណ៍ ភ្នាក់ងារមួយបានជ្រើសរើសគិលានុបដ្ឋាកហ្វីលីពីនជាង១រយនាក់ មកធ្វើការមានតួនាទីច្បាស់លាស់នៅក្នុងមន្ទីរពេទ្យរបស់កូវ៉ែត តែឥលូវត្រូវខកខានអស់។ ភ្នាក់ងារខ្លះទៀត ដែលធ្វើការក្នុងវិស័យជ្រើសរើសពលករដែរ ចង់ដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីឱ្យប្រធានាធិបតីលើកបម្រាមនោះចេញវិញ ព្រោះយល់ថាកូវ៉ែតបានផ្តល់ឱកាសច្រើនដល់ពលករហ្វីលីពីន។ ប៉ុន្តែចម្លើយគឺទេ ! លោកអនុរដ្ឋមន្ត្រីបានប្រកាសថា បម្រាមមិនអាចលើកចេញបានឡើយ ដរាបណាក្រុងម៉ានីល មិនទាន់ទទួលបាននូវការធានាសន្តិសុខពីខាងរដ្ឋាភិបាលកូវ៉ែតចំពោះពលករហ្វីលីពីន។ រដ្ឋាភិបាលហ្វីលីពីនមិនអាចឈរស្ងៀមធ្វើមិនដឹងមិនឮបានឡើយ ! ពេលនេះអាជ្ញាធរហ្វីលីពីនកំពុងតែចរចាសមភាគីកូវ៉ែតហើយ ដូច្នេះបើលក្ខខណ្ឌសុវត្ថិភាពមិនប្តូរប្រែទេ បម្រាមនៅតែមានសុពលភាពដដែល។ នេះជាការបញ្ជាក់អះអាងរបស់លោករដ្ឋមន្ត្រី។

សូមបញ្ជាក់ថាទន្ទឹមនឹងប្រតិភូ ចុះទៅស្ទាបស្ទង់ស្ថានភាពការងារ លក្ខខណ្ឌសន្តិសុខ និងសុវត្ថិភាពរបស់ពលករហ្វីលីពីន ដែលកំពុងបន្តការងារនៅកូវ៉ែត តំណាងរដ្ឋាភិបាលមួយក្រុមទៀតនៃក្រសួងការងារ ក៏នឹងត្រូវមកដល់កូវ៉ែតដែរ ដើម្បីចរចាលើសន្ធិសញ្ញាទ្វេភាគីស្តីពីពលករតាមផ្ទះ។ កម្មវត្ថុចំបងនៃការចរចាគឺហ្វីលីពីនស្នើសុំជាសំខាន់ឱ្យពលករហ្វីលីពីនទាំងអស់អាចមានសិទ្ធិមានទូរស័ព្ទដៃ និងកាន់លិខិតឆ្លងដែនដោយខ្លួន មិនមែនឱ្យម្ចាស់ផ្ទះ(ថៅកែ)រឹបអូសទុកដូចមុនទៀតទេ។ ជាសរុបមានពលរដ្ឋហ្វីលីពីនប្រមាណជាង២៥ម៉ឺនាក់រស់នៅកូវ៉ែត ភាគច្រើនជាអ្នកបម្រើការនៅតាមផ្ទះ។ ហេតុការណ៍មរណៈរបស់អ្នកបម្រើតាមផ្ទះម្នាក់ បានជំរុញឱ្យលោក ឌុយទែរតេ ចេញក្រិត្យហាមឃាត់មិនពលករហ្វីលីពីននៅធ្វើការកូវ៉ែតទៀតទេ។ ដោយឡែក ប្តីប្រពន្ធជាតិកូវ៉ែតជាម្ចាស់ផ្ទះ ដែលជាប់សង្ស័យថាបានធ្វើទារុណកម្ម និងសម្លាប់ពលករអ្នកបម្រើហ្វីលីពីន ក្នុងទូរទឹកកកនោះ ត្រូវប៉ូលិសចាប់ខ្លួនបានហើយ នៅក្រុងដាម៉ាសប្រទេសស៊ីរី ក្រោយពីមានដីកាតាមចាប់របស់ប៉ូលិសអាំងទែរប៉ូល៕

website_news/2018260213.txt · Last modified: 2018/02/26 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki