website_news:2018260301

ក្រសួងការងារជំរុញឲ្យពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រញាប់ទៅធ្វើបណ្ណស៊ីជម្ពូ

http://km.rfi.fr/cambodia/ ដោយ អេង គីមហុង 25/03/2018

អ្នកនាំពាក្យក្រសួងការងារកម្ពុជានៅថ្ងៃអាទិត្យនេះ បានជំរុញទៅពលករខ្មែរធ្វើការនៅថៃ ឲ្យប្រញាប់ទៅធ្វើបណ្ណស៊ីជម្ពូដើម្បីទទួលបានការស្នាក់នៅបណ្ដោះអាសន្ននៅក្នុងទឹកដីថៃ។ ការជំរុញដូច្នេះធ្វើឡើងបន្ទាប់ពីថៃគ្រោងចាត់វិធាការយ៉ាងតឹងរ៉ឹងចំពោះពលករបរទេសទាំងអស់ដែលរស់នៅខុសច្បាប់ ចាប់ពីដើមខែមេសាខាងមុខតទៅ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានអះអាងប្រាប់វិទ្យុបារាំងថា បើពលករដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មិនទៅបន្តសុពលភាពបណ្ណពណ៌ស៊ីជម្ពូទេ នោះអាជ្ញាធរថៃនឹងមិនអនុញ្ញាតឲ្យពលករទាំងនោះស្នាក់នៅនិងធ្វើការនៅប្រទេសថៃបន្តទៀតឡើយ។ លោក ហេង សួរ គូសបញ្ជាក់បន្ថែមថា ពលករកម្ពុជាចំនួន៦៣ម៉ឺននាក់ មានបណ្ណស្នាក់នៅពណ៌ស៊ីជម្ពូបណ្ដោះអាសន្ន។ ក្នុងចំណោម៦៣ម៉ឺននាក់នេះអាជ្ញាធរបានធ្វើលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរជូនដល់ពលករចំនួន៤៣ម៉ឺននាក់រួចរាល់ហើយ។ ចំនួនសល់ពីនេះ ប្រមាណ១៩ម៉ឺននាក់ផ្សេងទៀត អាជ្ញាធរកម្ពុជាកំពុងធ្វើលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរជូន។

គួរជម្រាបជូនថា បណ្ណស៊ីជម្ពូ គឺជាបណ្ណស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ។ ហើយគ្រប់ពលករខ្មែរដែលមានបណ្ណពណ៌ស៊ីជម្ពូនៅក្នុងដៃ អាចនៅស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសថៃ បានត្រឹមថ្ងៃទី៣០មិថុនាឆ្នាំ២០១៨។ ដូច្នេះ លោក ហេង សួរ បានរំឭកឲ្យពលករខ្មែរ ប្រញាប់ស្វែងរកភាពស្របច្បាប់ឲ្យបានពេញលេញ តាមរយៈលិខិតធ្វើដំណើរចេញដោយអាជ្ញាធរកម្ពុជា និងបណ្ណពលករកម្ពុជា ទើបទទួលបានការស្នាក់នៅប្រទេសថៃស្របច្បាប់។ គួររម្លឹកថា ការជំរុញរបស់ក្រសួងការងារកម្ពុជានាពេលនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញសេចក្ដីប្រកាសថា ភាគីថៃនឹងបិទដំណើរការបន្តសុពលភាពបណ្ណពណ៌ស៊ីជម្ពូ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ ហើយចាប់ពីខែមេសាតទៅ អាជ្ញាធរថៃនឹងចាត់វិធានការយ៉ាងតឹងរឹង និងពុំអនុញ្ញាតឲ្យពលករទាំងនោះស្នាក់នៅ និងធ្វើការនៅប្រទេសថៃនោះឡើយប្រសិនបើគ្មានភាពស្របច្បាប់។

ជាការកត់សម្គាល់ ដើម្បីឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលថៃយ៉ាងដូច្នេះ ភាគីកម្ពុជាបានបើកយុទ្ធនាការ១០០ថ្ងៃ ផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅប្រទេសថៃ។ គិតត្រឹមថ្ងៃទី១៩ ខែមីនា គណៈកម្មការផ្ដល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជានៅប្រទេសថៃ បានផ្ដល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជាសរុបចំនួន ៣០៩,៧៧២នាក់ ហើយយុទ្ធនាការនេះ នៅតែអនុវត្តជាបន្តទៀត៕

website_news/2018260301.txt · Last modified: 2018/03/26 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki