website_news:2018260304

កម្មករចំណាកស្រុកជិត១លាននៅថៃមិនទាន់ចុះបញ្ជី តែរយៈពេលសល់តែមួយអាទិត្យ

http://www.rasmeinews.com/ March 24, 2018, 9:56 AM

កម្មករចំណាក់ស្រុកបរទេសជាង៩៥០.០០០នាក់នៅមិនទាន់ចុះបញ្ជីនៅក្រសួងការងារថៃនៅឡើយទេ ខណៈដែលនៅសល់ពេលតែមួយសប្តាហ៍ប៉ុណ្ណោះសម្រាប់ការចុះឈ្មោះដើម្បីបានការអនុញ្ញាតអោយធ្វើការនៅថៃដោយស្របច្បាប់។ រដ្ឋមន្ត្រីក្រសួងការងារ ឧត្តមសេនីយ៍ អាប់ឌុល សាងស៊ីងកែវ កាលពីថ្ងៃសុក្រម្សិលមិញបានប្រកាសថា ដើម្បីត្រៀមទទួលពលករចំណាកស្រុកដ៏៏ច្រើនដែលនឹងសំរុកមកចុះឈ្មោះនៅសប្តាហ៍ចុងក្រោយនៃកាលកំណត់នៅចុងខែនេះ ក្រសួងដាក់វិធានការបី រួមមាន ១.កាត់បន្ថយដំណើរការចុះបញ្ជី ២.បន្ថែមម៉ោងធ្វើការនៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយ(OSS)និងទី៣គឺ បន្ថែមកន្លែងចុះឈ្មោះ។ លោកអាប់ឌុល បាននិយាយថា មានពលករកម្មករបរទេសប្រមាណ១,៧លាននាក់ដែលត្រូវចុះឈ្មោះសុំប័ណ្ណការងារ។ តែទោះជាយ៉ាងណាគិតមកត្រឹមថ្ងៃសុក្រទី២៣ មីនា មានតែ៧២៧.៩០២ នាក់បានឆ្លងកាត់ដំណើរការនេះ មានន័យថា នៅសល់៩៥៩.៥៧១នាក់ទៀត។

ក្រសួងការងារថៃបានចាប់ផ្តើមការងារចុះបញ្ជីពលករនេះចាប់តាំងពីថ្ងៃ៥ កុម្ភៈ និងរំពឹងថា នឹងបញ្ចប់នៅត្រឹមថ្ងៃ៣១ មីនា។ វិធានការនេះមានបំណងអោយកម្មករពលករដែលចូលមកធ្វើការនៅថៃដែលមិនឆ្លងតាមអនុស្សារណៈនៃការយោគយល់គ្នាណាមួយ បានសិទ្ធិធ្វើការដោយស្រច្បាប់នៅថៃ និងទទួលលិខិតការងាររយៈពេល២ឆ្នាំ។ រដ្ឋមន្ត្រីការងារថៃបានបញ្ជាក់ថា ពលករដែលមិនបានចុះឈ្មោះនឹងមិនបានបន្តទិដ្ឋាការការងាររបស់គេទេ នឹងត្រូវចាកចេញពីប្រទេសថៃ ហើយអាចត្រូវចោទប្រកាន់ពីបទស្នាក់នៅក្នុងប្រទេសថៃដោយខុសច្បាប់ និងអាចរងការពិន័យ៥០.០០០បាត។ យោងតាមរដ្ឋាភិបាលថៃ នេះជាឱកាសចុងក្រោយសម្រាប់ពលករកម្មករបរទេសដែលធ្លាប់តែធ្វើការដោយខុសច្បាប់នៅថៃដើម្បីផ្លាស់ប្តូរឋានៈរបស់គេមកជាពលករស្របច្បាប់មុនច្បាប់ការងារបរទេសចូលជាធរមាននៅចុងខែមិថុនា៕ដោយ៖វាសនា

website_news/2018260304.txt · Last modified: 2018/03/26 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki