website_news:2018260401

យ៉ាងយូរដំណាច់ខែមិថុនា ពលករខ្មែរ ធ្វើការនៅថៃទាំងអស់ នឹងទទួលបានទិដ្ឋាការ ស្នាក់នៅ និងប័ណ្ណការងារស្របច្បាប់

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៥ មេសា ២០១៨ 16:18 ដោយ: ដើមអម្ពិល ID:11

ភ្នំពេញ៖ កម្ពុជា-ថៃនឹងរួមគ្នាធ្វើយ៉ាងណាផ្តល់ទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ ដល់ពលករ ខ្មែរឱ្យរួចរាល់នៅដំណាច់ខែមិថុនាខាងមុខនេះ ដើម្បីឱ្យពលករទាំងនោះទទួលភាពស្របច្បាប់។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨នេះថា រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយភាគីថៃ នឹងផ្តល់ឯកសារស្រប ច្បាប់ជូនដល់ពលករខ្មែរ ដែលនៅមិនទាន់ស្របច្បាប់ប្រមាណ១២ម៉ឺន នាក់ទៀត ដែលកំពុងធ្វើការនៅ ប្រទេសថៃ ឱ្យបានរួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។ លោកបានបន្ដថា ដើម្បីសម្រេចតាមគោលដៅនេះ ភាគីទាំងពីរបានរៀបចំ កំណត់ទីតាំងបញ្ជីឈ្មោះ ពលករកម្ពុជា និងផ្ដល់ទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការការងារជូនដល់ ពលករកម្ពុជា ដែលរៀបចំក្រុម ការងារចល័តនិងមជ្ឈមណ្ឌលធ្វើឯកសារលិខិតធ្វើដំណើរ និងប័ណ្ណអនុវត្តការងារដល់ពលករខ្មែរបន្ថែមទៀត ដើម្បីបង្កើនផ្តល់ភាពស្រប ច្បាប់ដល់ពលករ។

សូមជម្រាបថាកាលពីពេលថ្មីៗនេះ ភាគីថៃបានបើកដំណើរការច្រកចេញចូលតែ ចំនួន៨០កន្លែង បន្ថែមទៀតនៅទូទាំងប្រទេស ក្នុងនោះមាន៤កន្លែង នៅទីក្រុងបាងកកនិង៧៦កន្លែងទៀត នៅតាម បណ្តាខេត្តដើម្បីផ្តល់ប័ណ្ណមិនមែនសញ្ជាតិថៃ ឬប័ណ្ណស៊ីជម្ពូ ដល់ ពលករខ្មែរដែលបានចុះបញ្ជី ឬបញ្ជាក់អត្ថសញ្ញាណរួច ផ្តល់ទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារដល់ពលករដែលមានលិខិត ធ្វើដំណើរនិងលិខិតឆ្លងដែនផងដែរ។

លោក ហេងសួរបានស្វាគមន៍ ចំពោះភាគីថៃដែលបានពង្រីកសេវា ច្រកចេញចូលតែមួយនេះ ព្រោះ ជួយឱ្យការផ្តល់ឯកសារស្របច្បាប់ ដល់ពលករកម្ពុជាកាន់តែលឿនជាងមុន។ ជាក់ស្តែងគណៈកម្មការ ផ្តល់ភាពស្របច្បាប់របស់កម្ពុជាអាចទទួលពលករខ្មែរ មកធ្វើឯកសារបញ្ជាក់ សញ្ជាតិ និងប័ណ្ណពលករ កម្ពុជាប្រមាណ៧ម៉ឺននាក់ក្នុង១ខែ។លោក ហេង សួរ ក៏បានអំពាវនាវដល់ពលករខ្មែរ ដែលនៅមិនទាន់មានភាពស្រប ច្បាប់ត្រូវរួសរាន់ ទៅធ្វើឯកសារស្របច្បាប់ឱ្យ បានទាន់ពេលវេលានៅតាមមជ្ឈមណ្ឌលធ្វើឯកសារលិខិតធ្វើដំណើរ និង ប័ណ្ណពលករ តាមក្រុមចល័តនានាចៀសវាងការកេងប្រវ័ញ្ចយកផលប្រយោជន៍ ពិន័យ និងជាប់ទោស ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ ប្រមាណ១.០៥០.០០០នាក់ ក្នុងនោះនៅសល់ពលករប្រមាណ១២ម៉ឺននាក់ទៀត នៅមិនទាន់ស្របច្បាប់។ នេះបើយោង តាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)៕

website_news/2018260401.txt · Last modified: 2018/04/26 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki