website_news:2018260902

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ

http://cambodiapolice.com/policekh/ 1:49 pm 25 កញ្ញា 2018

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន មានបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការ ជួញដូរនិងការពារអនីតិជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានលោក អេរិច មេលឌ្រីម នាយកផ្នែកស៊ើបអង្កេតនៃអង្គការមេត្រីអន្តរជាតិ (AIMSWAT) , លោក រ៉ូប៊ឺត ស្តេតុន នាយកបណ្តុះបណ្តាលប៉ូលីសអន្តរជាតិ ប្រតិបត្តិការយុទ្ធវិធីនិងប្រឆាំង ភេរវកម្ម ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងស្ថានភាពបទល្មើសនៃការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទស្ត្រី និងកុមារនៅកម្ពុជា បុរសស្ត្រីពេញវ័យមួយចំនួន ត្រូវបានគេនាំទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ពិសេសប្រទេសថៃ ហើយមួយចំនួនត្រូវបានគេលក់ឲ្យម្ចាស់ទូកនេសាទសមុទ្រ ស្ត្រីពេញវ័យមួយចំនួនទៀត ត្រូវបានគេលួងលោមបោកបញ្ឆោតយកទៅរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិចិនផ្ទុយពីឆន្ទៈ ។ ឯកឧត្តមឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានមានប្រសាសន៍បន្តទៀតថា អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បានប្តូររូបភាពពីចំហរមកជាការលួចលាក់ ហើយជ្រកក្រោមរូបភាពស្របច្បាប់ដូចជា ៖ ហាងម៉ាស្សាកោសជប់ ខារ៉ាអូខេ ហាងលក់កាហ្វេ ហាងអ៊ុតសក់ ផ្ទះសំណាក់ និងសណ្ឋាគារ ហើយបាន ប្តូរពីទីប្រជុំជនទៅតំបន់ជាយរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងបណ្តាខេត្តជាប់ព្រំដែនដែលមានជីវភាពរីកចម្រើន ។ ចំពោះស្ត្រីពេញវ័យមួយចំនួនត្រូវបានមេខ្យល់នាំពីជនបទមកទីក្រុង ដើម្បីរកការងារធ្វើ រួចលួងលោមយកទៅជួញដូរនិងធ្វើអាជីវកម្មលើផ្លូវភេទ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានបន្តទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ ឯកឧត្តមជឿជាក់ថា សិក្ខាកាមពិតជាទទួលបានចំណេះដឹងបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការបង្ក្រាបចាប់ជនសង្ស័យបញ្ជូនទៅតុលាការ និងជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា ។ ការហ្វឹកហាត់នេះ ផ្តើមចេញពីគ្រូឧទ្ទេសនាមដែលមានបទពិសោធន៍ ក្នុងការអនុវត្តបំពេញភារកិច្ចនៅសហរដ្ឋអាមេរិក និងមានគ្រូជំនួយជាស្ត្រីចំនួន២រូប មកពីនាយកដ្ឋាន០១រូប និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល០១រូប ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចូលរួម ចំនួន២០រូប មកពីនាយកដ្ឋាន០៥រូប , ស្នងការដ្ឋានរាជធានីភ្នំពេញ០៥រូប , ស្នងការដ្ឋានខេត្តត្បូងឃ្មុំ១រូប , ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ០១រូប , ស្នងការដ្ឋានខេត្តព្រះសីហនុ០២រូប , ស្នងការដ្ឋានខេត្តកំពង់ធំ២ រូប, ស្នងការដ្ឋានខេត្តសៀមរាប០២រូប និងស្នងការដ្ឋានខេត្តបាត់ដំបង ០២រូប ៕

website_news/2018260902.txt · Last modified: 2018/09/26 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki