website_news:2018260903

គ្រួសារមួយ ថ្លែងពីទុក្ខសោក ក្រោយកូនស្រីរៀបការប្ដីចិន

https://www.postkhmer.com/ ដោយ គង់ មេត្ដា | Publication date 25 September 2018 | 14:02 ICT

ភ្នំពេញៈ ធី ជាឈ្មោះដែលត្រូវបានបង្កើតឡើងដើម្បីការពារអត្តសញ្ញាណខណៈគ្រួសារគាត់បានឆ្លងកាត់នូវដំណើររឿងសោកសៅពីការជំពាក់វាក់វិននឹងបំណុលគេ រហូតឈានដល់ដាច់ចិត្តឱ្យកូនស្រីវ័យក្មេងរៀបការប្ដីចិនដោយនឹកស្មានថាអាចបានប្រាក់មកលោះបំណុល តែមិនបានដូចបំណងបែរជាទៅជួបគ្រោះមួយជាន់ទៀតគួរឱ្យសោកស្ដាយ។

អ្នកស្រី ធី មានអាយុ ៣០ ឆ្នាំគាត់មានកូន ៣ នាក់។ ខុសពីសព្វមួយដងកាលពីដើមឆ្នាំនេះអ្នកស្រី ធី បានភ្ញាក់ពីព្រលឹមម៉ោង ៥ ព្រឹកពីព្រោះគាត់ និងក្រុមគ្រួសារត្រូវរត់គេចពីភូមិកំណើតដោយសារតែគ្មានលទ្ធភាពសងប្រាក់កម្ចីដែលគាត់ជំពាក់មីក្រូហិរញ្ញវត្ថុ។ អ្នកស្រីបានធ្វើដំណើរតាមរថយន្តតាក់ស៊ីពីស្រុកចំការលើខេត្តកំពង់ចាមទៅកាន់ខេត្តរតនគិរីដើម្បីធ្វើការជាអ្នកដកដំឡូងមីជាមួយស្វាមី និងកូនស្រីច្បងកាលពីខែកុម្ភៈឆ្នាំនេះ។ អ្នកស្រី ធី បានរំឭកអំពីដំណើររឿងនៃការធ្លាក់ខ្លួនជំពាក់លុយមីក្រូហិរញ្ញវត្ថុហើយមិនមានលទ្ធភាពសងបំណុលវិញថា៖ «ខ្ញុំជំពាក់លុយមីក្រូហិរញ្ញវត្ថុច្រើនដោយខ្ញុំមិនមានលុយសងបំណុលទេ។ ពីដំបូងខ្ញុំជំពាក់ប្រហែល ២០០០ ដុល្លារ ប៉ុន្តែដោយសារតែខ្ញុំមិនអាចសងវិញបាន ដូច្នេះខ្ញុំបានខ្ចីពីអ្នកចងការប្រាក់ក្រៅផ្លូវការដែលមានប្រហែល១០ កន្លែងដើម្បីយកទៅបង់រំលស់[ថ្លៃជំពាក់លុយមីក្រូហិរញ្ញវត្ថុ] ខ្លះប៉ុន្តែការប្រាក់ចេះតែកើនឡើង»។ អ្នកស្រីរៀបរាប់ថា៖ «យើងបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ ពីព្រោះពេលនោះយើងមិនមានដីផ្ទាល់ខ្លួនសម្រាប់រស់នៅ។ ពេលនោះស្រាប់តែមានគេលក់ដី ដូច្នេះខ្ញុំក៏ទៅខ្ចីប្រាក់ហើយយើងក៏បានទិញដីនោះសង់ខ្ទមរស់នៅ»។ ប្រភពចំណូលរបស់អ្នកស្រី ធី និងស្វាមីគឺបានមកពីការស៊ីឈ្នួលដកដំឡូងមីគឺមានប្រមាណ ៥ ដុល្លារក្នុង ១ ថ្ងៃ។ ប៉ុន្តែវាមិនមែនជាចំណូលដែលមានស្ថិរភាពនោះទេ។ អ្នកស្រីបានបន្តថា៖ «នៅពេលពួកយើងរស់នៅទីនោះយើងធ្វើជាកម្មករដកដំឡូងមីដែលយើងអាចរកកម្រៃបានប្រមាណ ៥ ដុល្លារក្នុង ១ ថ្ងៃ។ បើសរុបយើងទាំង ៣ នាក់អាចរកប្រាក់បាន ៣ ម៉ឺនរៀល ប៉ុន្តែអង្ករថ្លៃណាស់ទីនោះជាតំបន់ដាច់ស្រយាល ហើយម្ហូបអាហារក៏ថ្លៃដែរពួកយើងអាចមានលទ្ធភាពត្រឹមទិញពងមាន់ទទួលទានប៉ុណ្ណោះ»។

ប៉ុន្តែជាអកុសលបន្ទាប់ពីផ្លាស់ទៅរស់នៅកន្លែងថ្មីដើម្បីគេចចេញពីការសងបំណុលបាន ១ ខែកន្លះ ស្រាប់តែម្តាយមីងអ្នកស្រី ធី បានប្រាប់ថា ផ្ទះរបស់គាត់កំពុងត្រូវបានមីក្រូហិរញ្ញវត្ថុដាក់លក់កាលពីខែមេសា បន្ទាប់ពីចូលឆ្នាំខ្មែរ។ អ្នកស្រីបានបញ្ជាក់ថា៖ «នៅពេលល្ងាច បន្ទាប់ពីញ៉ាំបាយរួចម្តាយមីងខ្ញុំបានប្រាប់ថា ផ្ទះរបស់ខ្ញុំត្រូវបានដាក់ស្លាកលក់គឺពួកគេនឹងលក់ផ្ទះខ្ញុំប្រសិនបើខ្ញុំគ្មានលទ្ធភាពសងប្រាក់ពួកគេទេ។ កូនស្រីរបស់ខ្ញុំឃើញខ្ញុំយំនាងក៏បានសួរខ្ញុំថា តើគាត់អាចទៅកន្លែងណាដើម្បីរកលុយសងបំណុលគេបាន? អ៊ីចឹងកូនខ្ញុំសុំខ្ញុំទៅប្រទេសចិនគឺទៅរៀបការជាមួយជនជាតិចិនប្រហែលជាមានលុយអាចសងបំណុលគេបាន។ នៅពេលនោះកូនខ្ញុំទើបមានអាយុ ១៤ ឆ្នាំប៉ុណ្ណោះ ដូច្នេះត្រូវរង់ចាំច្រើនឆ្នាំទៀតដើម្បីឱ្យគាត់គ្រប់អាយុ ប៉ុន្តែកូនខ្ញុំចង់ទៅភ្លាមៗ»។ លោកស្រី ធី និងកូនស្រីបានពិភាក្សាគ្នាអំពីរឿងនេះអស់រយៈពេល ២ ថ្ងៃរហូតដល់ទៅនិយាយជាមួយសាច់ញាតិរបស់មេខ្យល់។ សាច់ញាតិនោះបានជួយទាក់ទងស្ត្រីដែលជាជនសង្ស័យម្នាក់ឈ្មោះ ផន សុខណេង មានអាយុ ២១ ឆ្នាំដែលបច្ចុប្បន្នកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ចាម ក្រោយចាប់ខ្លួននៅថ្ងៃ ១៣ កញ្ញាឆ្នាំនេះ។ នេះបើតាមរបាយការណ៍ក្នុងគេហទំព័រនគរបាលជាតិ។ ស្ត្រីឈ្មោះ ណេង កាលពីមិនទាន់ត្រូវបានចាប់ខ្លួនបានផ្ញើដំណឹងថា អ្នកស្រី ធី ថានឹងអាចទទួលបានប្រាក់ ២ ៥០០ ដុល្លារពេលកូនអ្នកស្រីបានរៀបការជាមួយបុរសចិនដោយជោគជ័យ។ នៅថ្ងៃបន្ទាប់ឈ្មោះ ណេង បានផ្ញើប្រាក់ជូនអ្នកស្រី ធី ៥០ ដុលារដើម្បីជាសោហ៊ុយឱ្យអ្នកស្រី ធី និងកូនព្រមទាំងសាច់ញាតិធ្វើដំណើរមកភ្នំពេញដើម្បីធ្វើលិខិតឆ្លងដែន។

អ្នកស្រីថ្លែងថា៖ «បន្ទាប់មកខ្ញុំបាននិយាយថ្លៃជាមួយពួកគេហើយពួកគេបានប្រាប់យើងថា ពួកគេអាចដំឡើងឲ្យបានថ្លៃរហូតដល់ ២៦០០ ដុល្លារ។ កូនស្រីខ្ញុំបានប្រាប់ខ្ញុំមិនឱ្យចរចាតម្លៃជាមួយពួកគេទេដោយសង្ឃឹមថាអាចសន្សំប្រាក់ខ្លះទុកសងគេ ហើយយើងបានពិភាក្សាគ្នាអស់ ២ ថ្ងៃ»។ នៅពេលគ្រួសារអ្នកស្រី ធី និងសាច់ញាតិមកដល់ភ្នំពេញ អ្នកស្រី ធី បានប្រាប់ថាស្ត្រីឈ្មោះ ណេង បានផ្ដល់ដំណឹងថានឹងមានស្ត្រីរូបស្អាតម្នាក់មកទទួលឱ្យទៅស្នាក់នៅផ្ទះសំណាក់។ អ្នកស្រី ធី បន្ថែមថា៖ «នៅពេលយើងមកដល់ផ្ទះសំណាក់ភ្លាម [ស្ត្រីស្អាត] នោះបានឱ្យកូនស្រីរបស់ខ្ញុំក្រោកឈរដើម្បីថតរូប…ហើយពិនិត្យមើលឯកសារដូចជាសំបុត្រកំណើតកូនស្រីរបស់ខ្ញុំ និងអាសយដ្ឋាន ហើយបានប្រាប់ពួកយើងថាប្រហែលមិនអាចធ្វើបានទេ។ ប៉ុន្តែបានប្រាប់យើងថា កុំឱ្យចាកចេញពីផ្ទះសំណាក់គឺរង់ចាំរហូតដល់ជួបស្ត្រីឈ្មោះ ណេង។ អ្នកស្រី ធី ថ្លែងថាបន្ទាប់ពីស្នាក់នៅផ្ទះសំណាក់ ១ យប់ពួកគាត់ក៏ត្រឡប់ទៅខេត្តរតនគិរីវិញដោយទទួលបានលុយ ៥០ ដុលា្លរចែកគ្នាជាមួយសាច់ញាតិ ហើយជនសង្ស័យឈ្មោះ ណេង បានប្រាប់គាត់ថាកុំឲ្យបារម្ភពីកូនស្រី។ អ្នកស្រីបន្តថា៖ «ពេលនោះខ្ញុំមិនបានយកកូនស្រីរបស់ខ្ញុំមកវិញទេគឺនាងបាននៅផ្ទះសំណាក់ជាមួយស្រី្តឈ្មោះ ណេង ហើយគេប្រាប់ខ្ញុំថាកុំឲ្យបារម្ភពីកូនស្រី។ គាត់ថានឹងជួយកូនស្រីខ្ញុំឱ្យបានរៀបការជាមួយប្តីចិនអ្នកមាន។ ១ សប្តាហ៍ក្រោយមកកូនស្រីខ្ញុំបានប្រាប់ខ្ញុំថា នាងបានធ្វើលិខិតឆ្លងដែនរួចហើយ តែថានាងមិនទាន់អាចចេញទៅចិនបានភ្លាមទេ គឺត្រូវរង់ចាំស្ត្រី ២-៣ នាក់ផ្សេងទៀតទៅជាមួយដែរ។ ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ដែលខ្ញុំមិនបាននិយាយពាក្យលាទៅកាន់កូនខ្ញុំ។ ខ្ញុំសោកស្តាយដែលខ្ញុំមិនបានជូនដំណើរកូនចុងក្រោយ»។

បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានធ្វើរួចរាល់ក្រោយមកទៀតអ្នកស្រី ធី បានទទួលដំណឹងពីកូនស្រីកាលពីខែឧសភាថា នាងទៅដល់ប្រទេសចិនហើយ។ អ្នកស្រីថា៖ «ពេលនាងទៅដល់ចិនបាន ១ សប្តាហ៍នាងបានទូរស័ព្ទមកខ្ញុំតាមរយៈលេខថៅកែរបស់នាងថានាងបានមកដល់ប្រទេសចិនហើយគឺកំពុងរង់ចាំកូនកំលោះមកជួប»។ នាងប្រាប់ខ្ញុំថា៖ «ខ្ញុំនឹងប្រាប់ថៅកែឲ្យផ្ញើលុយមក ហើយ ២-៣ ថ្ងៃក្រោយមកស្ត្រីឈ្មោះ ណេង បានផ្ញើលុយឲ្យខ្ញុំចំនួន ២១០០ ដុល្លារ»។ បន្ទាប់ពីទទួលបានលុយ ១ សប្តាហ៍អ្នកស្រី ធី បានទទួលដំណឹងថា កូនស្រីត្រូវបានគេផ្គូផ្គងជាមួយប្តីចិន ហើយនាងសុខសប្បាយទេគឺដឹងតាមរយៈឈ្មោះ ណេង។ ប៉ុន្តែតាមព័ត៌មានដែលអ្នកស្រី ធី ដឹងពីកូនស្រីគឺថានាងមិនបានសុខទេនៅពេលនាងខលប្រាប់តាម (wechat) កាលពីខែមិថុនាដោយថា ក្នុង ១ ថ្ងៃគេឲ្យញុំអាហារតែម្ដងប៉ុណ្ណោះជាមួយនឹងការធ្វើកិច្ចការសព្វសារពើគឺជូតសម្អាតផ្ទះ ៤ ជាន់ ទៅជូតសម្អាតមន្ទីរពេទ្យជាកន្លែងដែលម្តាយក្មេកធ្វើការរួមនឹងធ្វើការងារច្រើនមុខទៀត។ អ្នកស្រីបញ្ជាក់ថា៖ «ពេលវាបានទូរស័ព្ទមកខ្ញុំកូនស្រីបានប្រាប់ខ្ញុំថា វាពិបាករស់នៅណាស់រួចក៏យំ។ ប្ដីរបស់នាងបានគេងជាមួយនាងទាំងថ្ងៃទាំងយប់សូម្បីពេលនាងមករដូវ។ ពីដំបូងខ្ញុំបានប្រាប់កូនឱ្យអត់ធ្មត់ពីព្រោះខ្ញុំគិតថាបើប្រើទូរស័ព្ទច្រើនពេកប្តីរបស់នាងអាចរឹបអូសទូរស័ព្ទឈប់ឲ្យប្រើ»។

យ៉ាងណាក្ដីអ្នកស្រីថា៖ «ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទៅប៉ូលិសភ្លាមៗទេបន្ទាប់ពីកូនស្រីរបស់ខ្ញុំបានប្រាប់ពីការលំបាកណាស់។ ក្រោយមកខ្ញុំព្យាយាមទាក់ទង ប៉ុន្តែប្តីនាងបានរឹបអូសទូរស័ព្ទ។ បន្ទាប់មកខ្ញុំព្យាយាមខលទៅថៅកែនាង ប៉ុន្តែទាក់ទងមិនបាន»។ បន្ទាប់មកអ្នកស្រី ធី បានទទួលការហៅទូរស័ព្ទពីស្ត្រីខ្មែរម្នាក់នៅទីនោះដោយបានប្រាប់ថា កូនស្រីអ្នកស្រីបានរត់ចេញពីផ្ទះប្ដីនាងហើយ ហើយបានផ្ញើរូបនាងឱ្យមើលឃើញមានស្នាមជាំនឹងមុខធ្វើឱ្យអ្នកស្រីរន្ធត់។ អ្នកស្រី ធី ថា៖ «ខ្ញុំមិនដែលវាយដំកូនខ្ញុំទេ។ នៅពេលខ្ញុំបានឃើញស្នាមរបួសក្នុងរូបភាពខ្ញុំស្ទើរតែសន្លប់»។ លុះដល់កាលពីខែសីហាអ្នកស្រី ធី បានទទួលទូរស័ព្ទពីស្ត្រីខ្មែរម្នាក់គំរាមទារប្រាក់អ្នកស្រី ២ ម៉ឺនដុលា្លរដោយប្រាប់ថា កូនអ្នកស្រីបានរត់គេចពីផ្ទះប្តី ហើយមិនព្រមទទួលយកប្តីថ្មី។ អ្នកស្រី ធី ថា៖ «ស្ត្រីខ្មែរបានទូរស័ព្ទប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំមិនប្រគល់លុយឱ្យ គេនឹងលក់កូនខ្ញុំទៅឱ្យផ្ទះបន»។ ជាមួយគ្នានេះអ្នកស្រី ធី បានរៀបរាប់ដែរថាក្នុងភូមិរបស់គាត់មានស្ត្រីជាច្រើនបានរៀបការជាមួយបុរសជនជាតិចិនតាមរយៈមេខ្យល់។ អ្នកស្រីថា៖ «ខ្ញុំងាយជឿគេណាស់ដោយសង្ឃឹមថាគេអាចស្វែងរកស្វាមីមានទ្រព្យឲ្យកូនខ្ញុំបានដោយមិនបានគិតថា ពួកគេលក់កូនស្រីខ្ញុំទេ។ បើខ្ញុំដឹងខ្ញុំនឹងមិនអនុញ្ញាតឱ្យវាទៅទេ»។

ទាក់នឹងករណីស្រដៀងគ្នានេះដែរកាលពីថ្ងៃទី ២១ ខែកញ្ញាឆ្នាំនេះ ជនសង្ស័យប្រុសស្រី ២ នាក់ត្រូវបានតុលាការខេត្តក្រចេះសម្រេចឃុំខ្លួន បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលក់ក្មួយស្រីបង្កើតឱ្យបុរសជនជាតិចិនប្រព្រឹត្តកាលពីឆ្នាំ ២០១៦។ នេះបើតាមលោកស្រី នៅ រតនា ស្នងការរងនគរបាលខេត្តក្រចេះ។ លោកស្រី នៅ រតនា បានបញ្ជាក់ថាជនសង្ស័យបានជួញដូរមនុស្សឆ្លងដែន និងក្លែងឯកសារ ដើម្បីយកស្ត្រីរងគ្រោះអាយុ ២១ ឆ្នាំជាក្មួយបង្កើតរបស់ខ្លួននៅឃុំកំពង់ដំរី ស្រុកឆ្លូងទៅលក់ឲ្យបុរសចិនតាមរយៈបណ្តាញ ពួកគេតាំងពី ២ ឆ្នាំមុន។លោកស្រីបន្តថាបុរសសង្ស័យឈ្មោះ ពៅ សារ៉ាត់ អាយុ ៤៦ ឆ្នាំ និងស្ត្រីឈ្មោះ ពៅ ចិន្តា អាយុ ៥៥ ឆ្នាំ។ ពួកគេជាបងប្អូនបង្កើតនឹងម្ដាយនារីរងគ្រោះ។ លោកស្រី រតនា ថា៖ «នាងរងគ្រោះត្រូវជនសង្ស័យយកទៅលក់ឲ្យបុរសជនជាតិចិន ២ ដងរហូតមានផ្ទៃពោះ ៨ ខែ និងត្រូវបញ្ជូនមកស្រុកកំណើតវិញកាលពីពាក់កណ្តាលឆ្នាំនេះ»។ លោកស្រីបន្ថែមថា ខណៈនៅប្រទេសចិន នារីរងគ្រោះត្រូវបានបង្ខំឲ្យយកប្តីចិន និងរងការវាយធ្វើបាបពីប្តីហើយនៅពេលនាងរត់គេចត្រូវពួកគេចាប់បានយកលក់បន្តទៅឲ្យបុរសចិនម្នាក់ទៀត។ ដោយអត់ទ្រាំនឹងការវាយធ្វើបាបពីប្តីចិនទី ២ មិនបាន នាងបានរត់ទៅរកគេជួយហើយក៏ត្រូវបានអាជ្ញាធរចិនចាប់បញ្ជូនមកស្រុកខ្មែរវិញ។ លោកស្រីបញ្ជាក់ថា៖ «អ្វីដែលគួរឲ្យអាសូរនោះគឺចុងក្រោយនារីរងគ្រោះគ្មានសល់អ្វីក្រៅពីមានកូនក្នុងពោះដែលជិតគ្រប់ខែដោយគ្មានអ្នកទទួលខុសត្រូវឡើយ…»។

ជុំវិញករណីនេះបើតាមរបាយការណ៍៦ ខែឆ្នាំមុនគឺមានស្ត្រី ២២ នាក់ត្រូវបានបញ្ជូនមកពីប្រទេសចិនវិញ។អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ។

ប៉ុន្តែតាមសេចក្ដីរាយការណ៍របស់ភ្នំពេញប៉ុស្តិ៍គិតត្រឹមខែសីហានៅឆ្នាំនេះថាមានស្ត្រីចំនួន ៧ នាក់ហើយត្រូវបានគេបញ្ជូនត្រឡប់មកពីប្រទេសចិនវិញ៕ NS រាយការណ៍បន្ថែមដោយ សុទ្ធ គឹមសឿន

website_news/2018260903.txt · Last modified: 2018/09/26 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki