website_news:2018261001

សង្គមស៊ីវិលព្រួយបារម្ភពីគម្រោងបញ្ជូនពលករខ្មែរ៥ពាន់នាក់ទៅប្រទេសគុយវ៉ែត

https://www.rfa.org/khmer/news/ 2018-10-25

សង្គមស៊ីវិល សម្ដែងការព្រួយបារម្ភថា ពលករខ្មែររាប់ពាន់នាក់ ដែលរបបក្រុងភ្នំពេញគ្រោងបញ្ជូនទៅប្រទេសគុយវ៉ែត (Kuwait) អាចជួបប្រទះនឹងការរំលោភសិទ្ធិការងារ និងសិទ្ធិមនុស្សដោយសារតែប្រទេសនេះ មិនទាន់មានលក្ខខណ្ឌការងារល្អប្រសើរនៅឡើយ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងថា កម្ពុជា នឹងរៀបចំ កម្លាំងពលកម្មរបស់ខ្លួន ដែលបានជ្រើសរើសគ្រប់លក្ខខណ្ឌចំនួន ៥ពាន់នាក់ ជាលើកដំបូងទៅ បម្រើការងារនៅប្រទេសគុយវ៉ែត ហើយកម្លាំងពលកម្មនេះ ជាកម្លាំងពលកម្មគ្រប់ ផ្នែកទាំងផ្នែក សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។ លោក អ៊ិត សំហេង បញ្ជាក់ដែរ ចំពោះលក្ខខណ្ឌជ្រើសរើសពលករទៅបម្រើការងារ ត្រូវមានការបណ្ដុះបណ្ដាលជាមុន ដើម្បីឱ្យស្គាល់ពីស្ថានភាពប្រទេស ស្គាល់ពីវប្បធម៌ និងជំនាញការងារ ពិសេសលក្ខខណ្ឌក្នុងការរស់នៅទីនោះ។

ព័ត៌មាននៃការបញ្ជូនពលករខ្មែរនេះ ធ្វើឡើងបន្ទាប់ពីលោក អ៊ិត សំហេង ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៃរដ្ឋគូវ៉ែត លោកស្រី ហែន សុបៃ អាល់សុបៃ (Hend Subaih B ALSUBAIH) កាលពីថ្ងៃទី២៤ ខែតុលា នេះ។ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា សម្ដែងក្តីបារម្ភថា ពលករខ្មែរ អាចប្រឈមបញ្ហាមួយចំនួនដោយសារប្រទេសគុយវែត ស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ឆ្ងាយ និងមានលក្ខណៈប្រពៃណីវប្បធម៌សាសនាខុសគ្នាខ្លាំងពីកម្ពុជា។ ជាពិសេសប្រទេសតំបន់នោះ ភាគច្រើន មានរបៀប ដឹកនាំតាមបែបសង្គមនិយម ឬរាជនិយមផ្ដាច់ការ និងមិនមានអង្គការសិទ្ធិមនុស្សនោះទេ។ ម្យ៉ាងវិញទៀត លោកមិនទាន់ទុកចិត្តថា ប្រទេសនេះ អាចគោរពលក្ខខណ្ឌការងារ បានល្អ និងប្រាក់ខែសមរម្យនោះទេ ព្រោះកម្ពុជា ធ្លាប់មានបទពិសោធន៍អាក្រក់ម្ដងហើយរឿងបញ្ជូនពលករទៅប្រទេសបង់ក្លាដេស និងប្រទេសនេប៉ាល់ ដែលមិនបានផ្ដល់ប្រាក់ខែតាមការ សន្យា និងបង្ខំអោយធ្វើការលើសកំណត់ជាដើម៖ «រឿងចំណាកស្រុកគឺជាជម្រើសរបស់ពលរដ្ឋ មិនមែនរឿងអាក្រក់ទេ តែរឿងអាក្រក់ គឺថា តើការបញ្ជូននោះ មានប្រព័ន្ធការពារល្អប៉ុណ្ណា ហើយប្រទេសដែលបញ្ជូនទៅជាប្រទេសគោរពសិទ្ធិមនុស្ស គោរពសិទ្ធិការងារឬអត់? ជាពិសេសនៅតំបន់មជ្ឈិមបូព៌ានេះគឺពិបាកមែនទែន អ៊ីចឹងជាយោបល់ខ្ញុំ គឺខ្ញុំមិនលើកទឹកចិត្ត អោយរដ្ឋាភិបាលបញ្ជូនពលករទៅធ្វើការម្តុំនោះទេ រដ្ឋាភិបាល គួរតែបង្កើតជម្រើសការងារនៅក្នុងស្រុក តែបើសិនមិនមានជម្រើសការងារ ក្នុងស្រុកទេ គួរតែបញ្ជូនពលករទៅប្រទេសណា ដែលមានលក្ខខណ្ឌការងារល្អ និងមានការគោរពសិទ្ធិមនុស្សជាដើម ដូចជាប្រទេសជប៉ុន ប្រទេសកូរ៉េជាដើម។ លោក ឌី ថេហូយ៉ា យល់ថា ដើម្បីធានាឲ្យមានយន្តការការពារពលករខ្មែរបានត្រឹមត្រូវ និងជៀសវាង រឿងហេតុរំលោភសិទ្ធិពលករ និងការកេងប្រវ័ញកម្លាំងពលករជាដើមនោះ គឺរបបទីក្រុងភ្នំពេញ គួរតែផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិល ចូលរួមពិនិត្យតាមដានក្នុងដំណើរការជ្រើសរើសពលករ ដំណើរការបញ្ជូន និងទៅដល់ប្រទេសទទួល ហើយរដ្ឋគួរតែមានលេខទូរស័ព្ទជួយសង្គ្រោះពលករ ពេលមានបញ្ហាជាដើម។

កម្ពុជាមានពលករចំណាកស្រុកជាង ១លាន ១៥សែននាក់ កំពុងធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសចំនួន៥ ក្នុងនោះមាន ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរី ហើយពួកគេបានផ្ញើថវិកាមកជូនក្រុមគ្រួសារវិញប្រមាណជិត ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

website_news/2018261001.txt · Last modified: 2018/10/26 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki