website_news:2018261101

ឃាតកប្រុសស្រីជនជាតិវៀតណាម២នាក់ ដែលវាយធ្វើទារុណកម្មលើនារីបំរើសេវាផ្លូវភេទរហូតដល់ស្លាប់ ត្រូវតុលាការចេញដីការបង្គាប់ឲ្យឃុំខ្លួន

http://freshnewsasia.com/ 2018-11-23

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង វណ្ណា បានចេញដីការបង្គាប់ឱ្យឃុំខ្លួន ក្រុមឃាតកប្រុសស្រី២នាក់ នៅពន្ធនាគារព្រៃស រង់ចាំកាត់ទោសនៅពេលក្រោយ តាមកំណត់ច្បាប់ ករណីពួកគេបានធ្វើទារុណកម្មនារីរកស៊ីផ្លូវភេទម្នាក់ រហូតដល់ស្លាប់ រួចដឹកសពជនរងគ្រោះ យកទៅបោះចោលនៅឈាបនដ្ឋានវត្តទឹកថ្លា។ ការសម្រេចរបស់លោកចៅក្រម បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការលោក ងិន ពេជ្រ បានបញ្ចប់ការស៊ើបសួរលើក្រុមជនដៃដល់ ទី១៖ឈ្មោះ ង្វៀង យ៉ាំងចូវ និងទី២៖ ង្វៀង ធីយុង ហៅ ចិន ស៊ីណេត ពីបទ «ហឹង្សារដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ» ដែលបទល្មើសនេះ ត្រូវផ្តន្ទាទោសតាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបង្ហាញមុខជនសង្ស័យជា ឃាតកប្រុសស្រី២នាក់ ដែលធ្វើទារុណកម្មនារីរកស៊ីផ្លូវភេទម្នាក់ រហូតដល់ស្លាប់ រួចពួកគេទាំង២នាក់នេះ ក៏បានដឹកសពជនរងគ្រោះយកទៅបោះចោលនៅឈាបនដ្ឋានវត្តទឹកថ្លា កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា ជនសង្ស័យជាឃាតកដៃឆៅទាំង២នាក់ ទី១៖ឈ្មោះ ង្វៀង យុំាងចូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកមើលការខុសត្រូវស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងទី២៖ឈ្មោះ ង្វៀង ធីយុង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់ ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯនារីរងគ្រោះឈ្មោះ ង្វៀង ធីយុង អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ (តំបន់ត្រឡោកបែក) ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ សម្រាប់មូលហេតុនោះ ត្រូវបានលោកអធិការប្រាប់ថា បណ្តាលមកពីចាប់បង្ខំនារីរងគ្រោះឲ្យទទួលភ្ញៀវរួមភេទខ្លាំងពេក តែនារីរងគ្រោះមិនព្រមក៏វាយសម្លាប់តែម្តង។ លោក ហួរ ម៉េងវ៉ាង បានបន្តទៀតថា កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានជនមិនស្គាល់មុខ បានដឹកនារីរងគ្រោះអាយុប្រហែលជាង២០ឆ្នាំ ជាជនជាតិវៀតណាម ដាក់តាមរ៉ឺម៉ក់ យកទៅទុកចោកនៅឈាបនដ្ឋានវត្តទឹកថ្លា ហើយបានប្រាប់លោកតាអាចារ្យ ឲ្យទៅហៅបងប្អូនជនរងគ្រោះ។ ក្រោយមកជនសង្ស័យទាំងនោះ ក៏នាំគ្នាគេចខ្លួនបាត់តែម្តង។

លុះដល់រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមិនឃើញមានសាច់ញាតិបងប្អូនណាមកដល់ ទើបលោកតាអាចារ្យរាយការណ៍ ប្រាប់ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកកន្លែងតម្កល់សាកសព។ ភ្លាមៗនោះ ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅពិនិត្យ និងទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយពេលសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះមកដល់បានពិនិត្យឃើញថា សាកសពនារីរងគ្រោះខាងលើនេះ ត្រូវគេវាយ និងធ្វើទារុណកម្មបណ្តាលឲ្យរងរបួសជាំពេញខ្លួន រហូតដល់ស្លាប់តែម្តង។ ក្រោយមកកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីស្វែងរកតាមចាប់ជនសង្ស័យ ដែលជាឃាតកដៃឆៅខាងលើ។ រហូតដល់យប់ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ យកមកធ្វើការសាកសួរ នៅអធិការខណ្ឌសែនសុខ ដោយសង្ស័យពាក់ព័ន្ធ ក្នុងការវាយធ្វើទារុណកម្មលើនារីរកស៊ីផ្លូវភេទម្នាក់ រហូតដល់ស្លាប់។ ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់ខាងលើរួចមក នៅព្រឹកថ្ងៃទី១៩ ខែវិឆ្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក ដើម្បីឆែកឆេរទីតាំងផ្ទះបនស្រីមួយកន្លែង ដែលជ្រកក្រោមសញ្ញាយីហោ ម៉ាស្សាកោសជប់ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាទីតាំងវាយធ្វើទារុណកម្មលើនារីរូបនោះ។ ចំណែកឯមេបន ដែលជាមេក្លោងប្រចាំនៅផ្ទះនេះ បានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយធ្វើការបង្ហាញមុខជនសង្ស័យ ជាឃាតកដៃឆៅរួចមក សមត្ថកិច្ចបញ្ចូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ទោសតាមនីតិវិធីច្បាប់៕

website_news/2018261101.txt · Last modified: 2018/11/26 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki