website_news:2018261102

ពលរដ្ឋខ្មែរមួយគ្រួសារចាញ់បោកមេខ្យល់រឿងរត់ការឯកសារធ្វើការនៅប្រទេសថៃ

https://www.rfa.org/khmer/news/human-rights/Cambodian-workers ដោយ យន់ សាមៀន 2018-11-24

ពលរដ្ឋខ្មែរមួយគ្រួសារពីរនាក់ប្តីប្រពន្ធឲ្យដឹងថា ពួកគេត្រូវមេខ្យល់ហៅឲ្យមកធ្វើការងារនៅប្រទេសថៃ និងជួយរត់ការរកការងារឲ្យធ្វើ ប៉ុន្តែក្រោយពេលពួកគេមកដល់ប្រទេសថៃ និងបានប្រគល់លិខិតឆ្លងដែនព្រមទាំងលុយថ្លៃរត់ការងារអស់ជាងពីររយដុល្លាររួចមក មេខ្យល់រូបនោះមិនបានធ្វើតាមការសន្យានោះទេ។ សង្គមស៊ីវិលដែលធ្វើការងារទាក់ទងពលករចំណាកស្រុកលើកឡើងថា បញ្ហានេះកើតឡើងច្រើនករណីណាស់នៅប្រទេសថៃ និងពិបាកក្នុងការជួយដាក់ពាក្យបណ្ដឹង ព្រោះភាគច្រើនជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណជនខិលខូចច្បាស់លាស់។ជាងពីរខែមកហើយដែលពលរដ្ឋខ្មែរមួយគ្រួសារ ត្រូវបង្ខំចិត្តលួចធ្វើការងារនៅប្រទេសថៃទាំងខុសច្បាប់ក្រោយចាញ់បោលមេខ្យល់។ ពលរដ្ឋទាំងពីរនាក់ប្តីប្រពន្ធព្រួយបារម្ភថា ពួកគេនឹងប្រឈមត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនខ្លួន ដាក់ពន្ធនាគារនៅប្រទេសថៃ ឬត្រូវបញ្ជូនទៅខ្មែរវិញ ខណៈសមត្ថកិច្ចថៃកំពុងបើកយុទ្ធនាការចាប់បញ្ជូនខ្លួនពលករខ្មែរខុសច្បាប់។

លោក នាគ ហូ ឲ្យអាស៊ីសេរីដឹងថ្ងៃទី២៥ ខែវិច្ឆិកា ថា លោកមកថៃ ដោយសារពិបាករកការងារធ្វើនៅក្នុងប្រទេសកម្ពុជា៖ «គាត់ហៅមកថា យ៉ាងយូរតែម្ភៃទេ បើមិនបានការងារឲ្យកាត់កគាត់ ខ្ញុំក៏ដេកចាំៗអត់បានមួយថ្ងៃហើយមួយថ្ងៃទៀត»។ លោកបន្តថា អស់រយៈពេលបីខែហើយ ក្រោយពីលោកបានបាញ់បោកមេខ្យល់ ហើយមិនទាន់អាចយកលិខិតស្នាមមកបានដើម្បីធ្វើការងារស្របច្បាប់នៅឡើយ៖ «រកស៊ីអត់ទៀងទាត់ជាពលករអ៊ីចឹងអត់កើតទេ ខ្ញុំចេះទៅធ្វើការជាមួយគេអត់មានលិខិតឆ្លងដែន (Passport) អីក្នុងខ្លួនចេះតែទៅឲ្យរួចថ្លៃម្ហូបថ្លៃបន្ទប់»។ អាស៊ីសេរីមិនទាន់មានមធ្យោបាយសុំការបំភ្លឺករណីនេះពីមន្ត្រីស្ថានខ្មែរប្រចាំប្រទេសថៃបាន នៅឡើយទេ ចំណែកអ្នកនាំពាក្យក្រសួងការងារ ក៏មិនអាចសុំការពន្យល់បានដែរ នៅថ្ងៃទី២៥ វិច្ឆិកា។ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សសង់ត្រាល់ (CENTRAL) លោក ឌីថេ ហូយ៉ា មានប្រសាសន៍ថា ការផ្សព្វផ្សាយរបស់ស្ថាប័នមានសមត្ថកិច្ចទាក់ទងសុវត្ថិភាពការងារនៅក្រៅប្រទេសនៅមានកម្រិតនោះ ទើបបណ្ដាលឲ្យមានករណីពលករចាញ់បោកមេខ្យល់ក៏នៅតែមានច្រើន។ លោកបន្តថា សង្គមស៊ីវិលពិបាក ជួយអន្តរាគមន៍ ឬការជួយដាក់ពាក្យបណ្ដឹងណាស់ព្រោះពលរដ្ឋដែលចាញ់បោកមេខ្យល់មិនបានស្គាល់អត្តសញ្ញាណរបស់មេខ្យល់ ច្បាស់លាស់៖ «មុននឹងលោក (ពលករ) ចំណាយលុយទៅលើបុគ្គលណាម្នាក់សុំសិក្សាមើលថាតើគេធ្វើការងារនៅក្រុមហ៊ុនណា ប៉ុន្តែគ្រាន់តែប្រមូលលុយហើយសន្យាថាធ្វើបានសូមមេត្តាកុំចំណាយលុយលើបុគ្គលនោះ»។

កន្លងមក លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ធ្លាប់បានលើកឡើងថា ក្រសួងការងារ និងអ្នកពាក់ព័ន្ធគ្រោងរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នដល់ពលករខ្មែរធ្វើការងារនៅប្រទេសថៃ។ លោកអះអាងថា កន្លែងដែលគ្រោងនឹងបង្កើតនេះវាមិនមែនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាកន្លែងប្រឹក្សាយោបល់សម្រាប់ពលករក្នុងអំឡុងពេលដែលពួកគេផ្លាស់ប្ដូរការងារ ឬរង់ចាំដំណោះស្រាយវិវាទការងារជាមួយថៅកែ។ លោក ឌីថេ ហូយ៉ា ស្នើទៅរបបក្រុងភ្នំពេញផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយទៅដល់ពលរដ្ឋខ្មែរដែលមានបំណងចង់មកធ្វើការងារនៅក្រៅប្រទេស ដើម្បីជៀសវាងការទទួលបាននូវព័ត៌មានមិនបានច្បាស់លាស់ ជាហេតុនាំឲ្យពួកគេបន្តការចាញ់បោកមេខ្យល់បន្តទៀត៕

website_news/2018261102.txt · Last modified: 2018/11/26 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki