website_news:2018270202

សាកសពពលរដ្ឋខ្មែរ៣នាក់ បញ្ជូនពីថៃមកខ្មែរក្នុងថ្ងៃតែមួយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ម៉ោង ១៧:១៧ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ សពពលរដ្ឋខ្មែរ៣នាក់ត្រូវបានភាគីថៃបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោប៉ែត នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីស្លាប់លើទឹកដីថៃដោយគ្រោះថ្នាក់ចរាចរ និងករណីដេកស្លាប់សង្ស័យខ្យល់គរ និងមហារីកគ្រាប់ឈាម ។ ករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ រថយន្តបុកបន្តកន្ទុយគ្នា៣គ្រឿង ។

ជនរងគ្រោះឈ្មោះ ម៉ុង សំណាង ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិតាសីឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ តាមសាច់ញាតិសពនិយាយថា ជនរងគ្រោះមុនកើតហេតុ បានចូលទៅព្យាបាលជំងឺនៅខេត្តស្រះកែវ លុះជាសះស្បើយក៏នៅសម្រាកលេងជាមួយកូនដែលស្នាក់នៅលក់ដូរក្នុងខេត្តកើតហេតុ ។ សាច់ញាតិបន្តថា នៅថ្ងៃកើតហេតុ ដោយជនរងគ្រោះធ្វើដំណើររួមជាមួយកូនស្រី និងចៅព្រមទាំងស្ត្រីជាថៅកែថៃរបស់កូនគាត់បើករថយន្តដឹកទំនិញមកឲ្យគេនៅព្រំដែន (ផ្សាររុងក្លឿ) មិនទាន់ដល់គោលដៅផងក៏ជួបឧប្បត្តិហេតុខាងលើ ដោយរថយន្តគេបុករថយន្តជនរងគ្រោះជិះពីក្រោយបន្តកន្ទុយគ្នា៣គ្រឿង បណ្ដាលឲ្យជនរងគ្រោះ និងស្ត្រីជាថៅកែថៃស្លាប់សរុប២នាក់ ខណៈកូនស្រី និងចៅស្រី របស់ជនរងគ្រោះ (ខ្មែរ) រងរបួសធ្ងន់កំពុងព្យាបាលក្នុងមន្ទីរពេទ្យ នៃខេត្តកើតហេតុនៅឡើយ ។

ដោយឡែកសព២ផ្សេងទៀត ម្នាក់ជាពលករធ្វើការសំណង់នៅខេត្តប្រាជីនបូរី ប្រទេសថៃ ដេកស្លាប់សង្ស័យខ្យល់គរកាលពីម៉ោង០៤ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំនេះ ។ ជនរងគ្រោះឈ្មោះ មឿន នី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិខាន់ស ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប និងម្នាក់ទៀតជាអ្នកក្រុងប៉ោយប៉ែតចូលទៅមើលជំងឺនៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ បានស្លាប់ដោយជំងឺមហារីកគ្រាប់ឈាមកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ជនរងគ្រោះឈ្មោះ ម៉េង ចាន់នី ភេទប្រុស អាយុ៦០ឆ្នាំ ។ សពពលរដ្ឋខ្មែរទាំង៣ សព២នាក់ត្រូវសាច់ញាតិជួលរថយន្តដឹកបន្តទៅស្រុកកំណើត និងសពម្នាក់ទៀតជាអ្នកក្រុងប៉ោយប៉ែត ត្រូវបានភាគីថៃ ជួយបញ្ជូនដល់លំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

website_news/2018270202.txt · Last modified: 2018/02/27 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki