website_news:2018270301

អាជ្ញាធរអត់ចាត់ការលើហាងម៉ាស្សាកោសជប់ដែលកំពុងដុះដូចផ្សិតលួចលាក់បង្កប់សេវាផ្លូវភេទ

http://www.rasmeinews.com/ March 26, 2018, 7:45 PM

ដោយៈសាវរក្ស/ភ្នំពេញៈកំណើនហាងម៉ាស្សាកោសជប់តម្លៃ១០.០០០រៀលបានដុះរីកឡើងដូចផ្សិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ស្ទឹងមានជ័យ២ស្ទឹងមានជ័យ៣ខណ្ឌមានជ័យកំពុងតែត្រូវចិត្តពីសំណាក់ក្រុមអ្នកដើរលេងយប់និងមានបង្កប់សេវាផ្លូវភេទថែមទៀតផង ។ មិនដឹងថា តើហាងម៉ាស្សាកោស ជប់ណាមួយ មានបង្កប់នូវសេវាបម្រើផ្លូវភេទ ឬអត់នោះឡើយ។ ប៉ុន្តែអ្វីដែលជាបញ្ហា ដែលបានកើតឡើងក្នុងពេលកន្លងមកជាបន្តបន្ទាប់នោះគឺហាងទាំងនោះតែងតែបន្លំលួចលុយភ្ញៀវជាញឹកញាប់ហើយមានភ្ញៀវជាច្រើននាក់មកហើយ ដែលបានរងគ្រោះព្រោះការលួចលុយ ពេលចូលទៅដល់ទីនោះ។

គេសង្កេតឃើញថា ចាប់ពីវេលាម៉ោង៧យប់ឡើងទៅ មានពន្លឺភ្លើងនៃស្លាកយីហោ”កោសជប់ម៉ាស្សា តម្លៃ១០.០០០រៀល”បានភ្លឺព្រោងព្រាតចាប់ពីគល់ស្ពានអាកាសស្ទឹងមានជ័យរហូតដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ។ដោយឡែកក្រុមអ្នកដើរលេងយប់ និងអ្នកស្វែងរកសេវាកោសជប់និងម៉ាស្សាក៏មានជាហូរហែនៅតាមហាងម៉ាស្សាកោសជប់ទាំងនោះនិងមានអ្នកខ្លះក៏បានស្វែងរកសេវាផ្លូវភេទនៅទីនោះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា អ្នករកស៊ីបើកហាង ម៉ាស្សាកោសជប់តម្លៃ១០.០០០រៀលទាំងនោះ ក៏មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះដែរ ។តែក៏មានមួយ ចំនួនធំផងដែរដែលរកស៊ីតាមទុច្ចរិត ពួកគេបានរៀបចំសេណារីយោ ត្រូវដងត្រូវផ្លែគ្នារវាងថៅកែហាង ជាមួយស្ត្រីដែលជាបុគ្គលិកបម្រើការងារនៅក្នុងនោះក្នុង ការលួចលុយភ្ញៀវ ឬក៏បន្លំយកលុយសែនដូរយកលុយពិតប្រាកដរបស់ភ្ញៀវជាហូរហែ។

ដូច្នេះអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានគួរតែមានចំណាត់ការទៅលើក្រុមអ្នករកស៊ីបែបទុច្ចរិតនោះផងដើម្បីសុវត្ថិភាពរបស់អ្នកដែលចូលទៅកាសជប់ម៉ាស្សានៅទីនោះហើយដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាខាងលើកើតឡើងនោះ។ អាជ្ញាធរគួរតែហៅម្ចាស់ហាងទាំងនោះឲ្យធ្វើកិច្ចសន្យារកស៊ីឲ្យបានត្រឹមត្រូវ និងទទួលខុសត្រូវនៅពេលមានរឿងខាងលើកើតឡើង។មិនតែប៉ុណ្ណោះប្រសិនបើមានរឿងលួចលុយភ្ញៀវកើតឡើង ឬមានការបម្រើសេវាផ្លូវភេទនៅក្នុងនោះ គួរតែធ្វើការចាប់ខ្លួនពួកគេ ចាត់ការទៅតាមផ្លូវច្បាប់ ដោយគ្មានការ យោគយល់ឬលើកលែងឡើយ។

ដោយឡែកអ្នកដែលចូលចិត្ត ចូលទៅកាន់កន្លែងទាំងនេះ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទ្រព្យសម្បត្តិ របស់ខ្លួនដូចជាម៉ូតូជាដើម ព្រោះនៅក្នុងហាងទាំងនោះគ្មានសន្តិសុខយាមទេ ហើយកុំពឹងក្រុមនារីកោសជប់ ស្រួលមិនស្រួលអាចស៊ីដាច់ម៉ូតូបាត់ទៀត។ មួយទៀតកាបូបលុយឬគ្រឿងអលង្ការផ្សេងៗ ព្រោះក្រុមអ្នករកស៊ីកោសជប់ម៉ាស្សាទាំងនោះគឺជាក្រុមដៃស្អិតតែងតែយកលុយក្លែងក្លាយទៅប្តូរយកលុយភ្ញៀវ ដល់ពេលដឹងថាបាត់ មិនដែលយកបានមកវិញទេ មានតែការខូចតែឈ្មោះនិងខ្មាសគេប៉ុណ្ណោះ ដូច្នេះកុំប្រហែសឱ្យសោះ។

តាមការបង្ហើបពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលើទាំងនេះបានធ្វើរកស៊ីបែបនេះជាយូរមក ហើយៗខាងអាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធមិនបានហៅមកព្រមាន និងធ្វើ កិច្ចសន្យា ឱ្យបញ្ឈប់ការបន្លំលុយភ្ញៀវម្តងណាទេ ទុកអោយម្ចាស់ហាងទាំងនោះនៅតែបន្ដការបន្លំលុយភ្ញៀវដដែល ទោះបីជាមានភ្ញៀវមកប្តឹងសមត្ថកិច្ចជាញឹកញាប់ក៏ដោយ តែបានមកវិញបានត្រឹមតែភាពអាម៉ាស់ប៉ុណ្ណោះ៕S/

website_news/2018270301.txt · Last modified: 2018/03/27 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki