website_news:2018270404

ជម្លោះជុំវិញពលករបំរើតាមផ្ទះហ្វីលីពីននៅគុយវ៉ែត នាំដល់ការបណ្តេញនិងចាប់មន្ត្រីទូត

http://www.rasmeinews.com/ April 27, 2018, 4:48 AM

ជម្លោះរវាងគុយវ៉ែតនិងហ្វីលីពីនអំពីរបាយការណ៍ស្តីការរំលោភពលករហ្វីលីពីន បានប្រែជាអាក្រក់ឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ មេសា ដោយហ្វីលីពីនបានសម្តែងការមិនសប្បាយចិត្តខ្លាំងចំពោះការដែលគុយវ៉ែតបណ្តេញឯកអគ្គរដ្ឋទូតរបស់ខ្លួន។ ជម្លោះនេះបានកើតមានបីខែមកហើយ បង្កឡើងដោយរបាយការណ៍ថា ជនហ្វីលីពីនជាច្រើនត្រូវបង្ខំធ្វើអត្តឃាតដោយសារតែការរំលោភពីនិយោជក (ថៅកែ) គុយវ៉េត។ ប្រទេសទាំងពីរបាន និងកំពុងធ្វើកិច្ចព្រមព្រៀងមួយដើម្បីការពារពលករកម្មករចំណាកស្រុក បន្ទាប់ពីហ្វីលីពីនហាមមិនអោយពលករខ្លួនបន្តទៅធ្វើការនៅគុយវ៉ែត។ តែកាលពីថ្ងៃពុធ គុយវ៉ែតបានបញ្ជាអោយឯកអគ្គរដ្ឋទូតហ្វីលីពីនចាកចេញក្នុងរង្វង់មួយសប្តាហ៍និងក៏បានកោះហៅតំណាងកុងស៊ុលរបស់ខ្លួន ក្រោយពីបុគ្គលិកស្ថានទូតបានព្យាយាមជួយសង្គ្រោះពលករបំរើការតាមផ្ទះនៅគុយវ៉ែតកាលពីចុងសប្តាហ៍។

ជម្លោះទំនងជាដល់ចំណុចកំពូល បន្ទាប់ពីសប្តាហ៍មុនវីដេអូបង្ហាញបុគ្គលិកទូតហ្វីលីពីនជួយសង្គ្រោះពលករហ្វីលីពីនដែលត្រូវបានគេចោទថាត្រូវថៅកែរំលោភ។ គុយវ៉ែត ថ្កោលទោសអំពើនេះដោយចាត់ទុកវាជាការរំលោភច្បាប់របស់ខ្លួនហើយក៏ប្រាប់អោយឯកអគ្គរដ្ឋទូតចាកចេញ។ ហ្វីលីពីនបានធ្វើការសុំទោស តែបានបញ្ជាក់ថា ស្ថានទូតចាត់វិធានការតាមការអំពាវនាវសុំជំនួយពីជនជាតិហ្វីលីពីនដែលមានបញ្ហា។

សូមរំលឹកថា កាលពីថ្ងៃសៅរ៍មុន ក្រសួងការបរទេសហ្វីលីពីនបានចេញវីដេអូពីរបង្ហាញក្រុមមកពីស្ថានទូតនៅគុយវ៉ែតជួយសង្គ្រោះពលករបំរើការតាមផ្ទះដោយវីដេអូមួយ បង្ហាញស្ត្រីម្នាក់រត់ចេញពីប្លុកអាគារនិងត្រូវគេជួយចូលក្នុងរថយន្ត។ ជនជាតិហ្វីលីពីន៤នាក់ដែលស្ថានទូតជួលមកជួយធ្វើការក៏ត្រូវប៉ូលិសគុយវ៉ែតចាប់ខ្លួន និងដីកាចាប់ខ្លួនក៏ត្រូវបានចេញសំរាប់បុគ្គលិកទូត៣នាក់។ ហ្វីលីពីននិយាយថា ខ្លួនប្រឆាំងជំទាស់អំពីការឃុំខ្លួនជនជាតិខ្លួន៤នាក់ ដែលបំរើការនៅស្ថានទូតរបស់ខ្លួននៅគុយវ៉ែត និងការចេញដីកាចាប់ខ្លួនបុគ្គលិកទូតបីនាក់ទៀត។ ឯកអគ្គរដ្ឋទូតបានជួប រដ្ឋមន្ត្រីការបរទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ដើម្បីដោះស្រាយជម្លោះនិងបានយល់ព្រមលើវិធានការរារាំងកុំអោយមានឧបទ្ទវហេតុដូចនេះកើតមានជាថ្មីទៀត។

ក្រសួងការបរទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍បានកោះហៅឯកអគ្គរដ្ឋទូតគុយវ៉ែតមកទាមទារផ្តល់ការពន្យល់បកស្រាយថាហេតុអីបានជាគុយវ៉ែតចាត់វិធានការដូច្នេះ តែត្រូវបានគេប្រាប់ថាតំណាងគុយវ៉ែតបានចាកចេញពីហ្វីលីពីនតាំងពីថ្ងៃពុធមកម្ល៉េះ។ ក្រសួងការបរទេសហ្វីលីពីនបានបញ្ជូនកំណត់ហេតុការទូតមួយទៅស្ថានទូតគុយវ៉ែតដោយបង្ហាញការភ្ញាក់ផ្អើលនិងការមិនសប្បាយចិត្តជាខ្លាំងអំពីការប្រកាសថាឯកអគ្គរដ្ឋទូតRenato Pedro Villaជាបុគ្គលមិនត្រូវបានស្វាគមន៍”។ ពលករបំរើការតាមផ្ទះតំណាងអោយជាង៦៥ភាគរយនៃជនជាតិហ្វីលីពីនជាង២៦០.០០០នាក់ដែលធ្វើការនៅគុយវ៉ែត។

កាលពីខែកុម្ភៈ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ បានអំពាវនាវអោយពលករហ្វីលីពីននៅគុយវ៉ែតវិលមកស្រុកវិញ ក្រោយការរកឃើញសាកសពរបស់ពលករបំរើការតាមផ្ទះម្នាក់ស្ថិតនៅក្នុងទូក្លាស្សេក្នុងផ្ទះដែលគេបោះបង់ចោលមួយ។ ពលករកម្មករហ្វីលីពីន នៅប្រទេសឈូងសមុទ្រជាច្រើនត្រូវបានជួលក្រោមប្រព័ន្ធស្ពនស័រមួយដែលអនុញ្ញាតអោយថៅកែរក្សាទុកលិខិតឆ្លងដែនរបស់គេនិងត្រួតត្រាពេញលេញលើការស្នាក់នៅរបស់ពួកគេ។ អង្គការសិទ្ធិមនុស្សមួយចំនួនបានត្អូញត្អែរជាយូរមកហើយថា បណ្តារដ្ឋឈូងសមុទ្រមិនមានលក្ខខណ្ឌការងារត្រឹមត្រូវទេសំរាប់កម្មករនិងពលករបំរើការតាមផ្ទះកំរៃទាប៕ ដោយ៖វាសនា

website_news/2018270404.txt · Last modified: 2018/04/27 16:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki