website_news:2018270803

អាជ្ញាធរថៃប្រគល់ពលរដ្ឋកម្ពុជាចំនួន៥នាក់ឱ្យត្រឡប់មកស្រុកកំណើតវិញ

http://www.rasmeinews.com/ August 26, 2018, 4:06 PM

ដោយៈបាយ័ន/ឧត្តរមានជ័យៈ អាជ្ញាធរប្រទេសថៃបានបញ្ចូនប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ ឱ្យវិលត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីពួកគេទាំង៥នាក់បានឆ្លងដែនដោយខុសច្បាប់ទៅកាប់ឈើក្រញូង ហើយត្រូវបានទាហានថៃចាប់ខ្លួនហើយបញ្ជូនទៅជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត។ ពិធីប្រគល់និងទទួលជនកម្ពុជាទាំង៥នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំ បាននិយាយថា អ្នកទាំង៥នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងែ២៥ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ដោយចូលតាមច្រកប៉ោយប៉ែត ឆ្លងដែនកាប់ឈើក្រញូងខុសច្បាប់ហើយត្រូវបានអាជ្ញាធរថៃយកទៅដាក់ពន្ធនាគារនៅខេត្តនគរាជចំនួន៣នាក់ និង២នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ពីបទឆ្លងដែនកាប់ឈើក្រញូងហើយជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ដោយចូលតាមច្រកអូរស្វាយ។ សមត្ថកិច្ចបានបន្តថាក្រោយពីឃាត់ខ្លួនរួចមកជនកម្ពុជាទាំង៥នាក់ត្រូវបានយកទៅដាក់ពន្ធនាគារតាំងពីពេលនោះមករហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះទើបត្រូវបានអាជ្ញាធរថៃដោះលែងឱ្យត្រឡប់ទៅស្រុកកំណើតវិញ។

ជនទាំង៥នាក់ដែលត្រូវបានអាជ្ញាធរថៃដោះលែងគឺមានទី១ ឈ្មោះ ប្រាក់ កញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របូរី ខេត្តក្រចេះ។ ទី២ ឈ្មោះ អ៊ុន ថន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទួល ឃុំលឿន ស្រុកឈូក ខេត្តកំពត ទី៣ ឈ្មោះ សុខ នី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របូរី ខេត្តក្រចេះ ទី៤ ឈ្មោះ សេង ធួត ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី៥ ឈ្មោះ ចិត្រ យ៉ាមយន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រោយពីទទួលពីអាជ្ញាធរថៃរួចមកជនទាំង៥នាក់ត្រូវបានភាគីកម្ពុជាបានធ្វើការអប់រំនិងណែនាំមិនអោយធ្វើការឆ្លងដែនខុសច្បាប់ដូចលើកមុនៗឡើយ ៕S/

website_news/2018270803.txt · Last modified: 2018/08/27 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki