website_news:2018270901

សមមុខណាស់! បោគេយកទៅលក់ ស្មានពុំដល់ថា ព្រោះចិត្តលោភលន់ ចុងក្រោយត្រូវគេលក់វិញ!

http://www.cen.com.kh/archives/ September 26, 2018

ករណីជួញដូរមនុស្សដែលលំបាកជឿ តែមានពិតបានកើតឡើងនៅប្រទេសចិនកាលពី៥ឆ្នាំមុន ។ វាកាន់តែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលព័ត៌មានលំអិតនៃរឿងនេះត្រូវបានទម្លាយចេញតាមរលកទូរទស្សន៍ ។ ស្ថានីយ៍ទូរទស្សន៍រដ្ឋចិន ទើបបញ្ចាំងផ្សាយពីករណីជួញដូរមនុស្សដ៏កម្រមានបែបនេះ តែវាបានកើតឡើងនៅឆ្នាំ ២០១៣ អមជាមួយដំណើររឿងបត់បែន ស្មានពុំដល់ ។ ព្រោះថា ក្រោយការទស្សនានោះ សំណួរដ៏សាមញ្ញមួយបានផ្ទុះនូវចម្លើយផ្សេងៗគ្នា ៖ តើអ្នកណាជាជនរងគ្រោះក្នុងករណីជួញដូរមនុស្សនេះ?

៥ ឆ្នាំមុនសិស្សវិទ្យាល័យម្នាក់ឈ្មោះ Liu Tue បានឡើងមកលេងនៅទីក្រុង តាមផ្លូវវិលត្រឡប់ទៅផ្ទះវិញ នាងត្រូវគេលួចបាត់កាបូបលុយ ។ ឆ្លៀតឱកាសឃើញបែបនេះ ជនជួញដូរមនុស្សឈ្មោះ Liu Mai បានធ្វើពុតជាឈឺឆ្អាល សួរនាំ ហើយថែមទាំងប្រាប់ Liu Tue ថា ផ្ទះរបស់នាងនៅជិតផ្ទះរបស់ Liu Tue ដែរ ។ បន្ទាប់មកក៏ធ្វើពុតជា “មនុស្សល្អ” ទិញសំបុត្ររថយន្ត ២ ដើម្បីវិលទៅស្រុកទាំងអស់គ្នា ។ ទៅដល់ស្ថានីយ៍មួយ Liu Mai បានបបួល Liu Tue ឲ្យចូលផ្ទះរបស់ពូខ្លួនលេងសិន ។ Liu Tue គិតថា នៅមួយកំណាត់ផ្លូវឆ្លងភ្នំទៀតទើបដល់ផ្ទះ ហើយក្នុងហោប៉ៅពុំមានលុយមួយយាន់ផង ក៏ងក់ក្បាលយល់ព្រមទៅតាម Liu Mai ។ ប៉ុន្តែពេលដេកក្នុងបន្ទប់មួយដែល Liu Mai រៀបចំជាស្រេច ដោយចៃដន្យ Liu Tue បានស្តាប់ឮ Liu Mai កំពុងតថ្លៃលក់ខ្លួននាងឲ្យបុរសម្នាក់ ហើយចុងក្រោយពួកគេព្រមព្រៀងតម្លៃខ្លួននាងគឺ ៤០០០យាន់ (ប្រមាណ ៦០០ USD) ហើយសន្យាគ្នាថា ចាំយប់នឹងបញ្ជូននាងទៅឲ្យ ។

Liu Tue ធ្វើពុតជាដេកលក់មិនដឹងអ្វី ពេល Liu Mai ចូលមកបន្ទប់ នាងក៏ធ្វើពើនិយាយពីនេះពីនោះ រួចធ្វើជាធ្លោយមាត់ប្រាប់ថា នាងមានមិត្តភក្តិ ៣នាក់ទៀត ចង់រកការងារធ្វើដើម្បីជួយដល់គ្រួសារ ។ Liu Mai កើតចិត្តលោភលន់ ចងលក់ម្តងទាំង៤នាក់ បានប្រាក់ច្រើនជាងក៏ឲ្យ Liu Tue ទៅផ្ទះ ហើយដេកនៅផ្ទះសំណាក់រង់ចាំ Liu Tue នាំមិត្តភក្តិមកឲ្យខ្លួន ។ Liu Tue ឆ្លៀតឱកាសនេះ គេចផុតពីកណ្តាប់ដៃ Liu Mai តែនាងកើតចិត្តចង់ “សងសឹក” តែបើទៅប្តឹងប៉ូលិសនោះនាងពុំមានភស្តុតាង ។

នៅតាមផ្លូវគេចចេញទៅ ចៃដន្យ Liu Tue បានជួបនឹងបុរសម្នាក់ពុំទាន់មានប្រពន្ធ ។ ក្រោយការសន្ទនាមួយសន្ទុះនាងក៏វិលមកជួប Liu Mai វិញ ហើយបបួល Liu Mai មកកាន់ផ្ទះបុរសនោះ ព្រោះនាងបានព្រមព្រៀងលក់ Liu Mai ធ្វើជាប្រពន្ធបុរសនោះក្នុងតម្លៃ ៥០០យាន់ (ប្រមាណ ១៨០ USD) ។ Liu Tue វិលមកដល់ផ្ទះបានយំសោករំលឹករឿងរ៉ាវប្រាប់ឪពុកម្តាយ ។ ឪពុកម្តាយរបស់នាងបានទៅរាយការណ៍ប្រាប់ប៉ូលិស ។ ប៉ុន្តែពេលប៉ូលិសទៅដល់ផ្ទះបុរសនោះ ពុំឃើញស្រមោលរបស់ Liu Mai ។

តាមពិតទៅបុរសនេះក៏ជាជនជួញដូរមនុស្សដែរ ។ ហេតុនេះក្រោយពេលចាប់រំលោភ Liu Mai រួចវាបានលក់នាងទៅឲ្យបុរសម្នាក់ទៀតក្នុងភូមិ ។ ចុងក្រោយតុលាការកាត់ទោសឲ្យ Liu Mai ជាប់គុកមួយជីវិត ដោយសារមុននោះ នាងនេះបានលក់ក្មេង ៥-៦នាក់ទៀត ។ ពូរបស់នាង Liu Mai ជាប់គុក ១០ឆ្នាំ បុរសចាប់ Liu Mai រំលោភជាប់គុក ១៨ឆ្នាំ អ្នកទិញ Mai ជាប់គុក ១០ឆ្នាំ បុរសចាប់ Liu Tue ក៏ជាប់គុក ៣ឆ្នាំដែរ ។

ប៉ុន្តែម្តាយឪពុករបស់ Liu Tue ពុំយល់ស្របនឹងការវិនិច្ឆ័យរបស់តុលាការ ក៏ពឹងពាក់មេធាវីសើរើក្តីឡើងវិញ ។ ព្រោះតែ Liu Tue ពុំទាន់គ្រប់អាយុ ១៨ឆ្នាំ (នៅខ្វះប៉ុន្មានថ្ងៃ) ហើយទង្វើរបស់នាងផ្តើមពីគំនិតសងសឹកប៉ុណ្ណោះ ពុំមែនដើម្បីលុយ ហើយដោយសារនាងរាយការណ៍ទើបជួយឲ្យប៉ូលិសចាប់បានជនជួញដូរមនុស្សដល់ទៅ ៤នាក់ តុលាការបានកាត់ឲ្យនាងរួចពីទោសទ័ណ្ឌ ៕ ចន្ទ្រា

website_news/2018270901.txt · Last modified: 2018/09/27 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki