website_news:2018271103

វៀតណាម និងចក្រភពអង់គ្លេសចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

http://information.gov.kh/ ចេញផ្សាយ ថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ 2018

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ – រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ អនុស្សារណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម លោកឧត្តមសេនីយ៍ទោ To Lam និងលេខាធិការរបស់ចក្រភពអង់គ្លេស លោក Sajid Javid ក្នុងអំឡុងពេលនៃកិច្ចចរចាដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងាររបស់លោក Lam ទៅកាន់ចក្រភពអង់គ្លេស។ នៅក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូនៃក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម លោក Javid បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មចាត់តាំង និងឆ្លងដែន ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងឧក្រិដ្ឋជនដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។

លោក Lam បានអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ដល់កិច្ចអភិវឌ្ឍន៍ទំនាក់ទំនងរបស់ខ្លួនជាមួយចក្រភពអង់គ្លេស និងចាត់ទុកជាកត្តាអាទិភាពមួយនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងកិច្ចអភិវឌ្ឍន៍។

កាលពីខែកញ្ញា ឆ្នាំ ២០១០ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ត ដែលក្នុងនោះវិស័យការទូត សន្តិសុខ និងការពារជាតិ គឺជាសសរស្តម្ភសំខាន់ៗទាំង ៣ ។ លោកបាននិយាយបន្ថែមថា វៀតណាមពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ជាពិសេសផ្នែកការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខភាព វប្បធម៌ អប់រំ បរិស្ថាន និងការឆ្លើយតបចំពោះបម្រែបម្រួលអាកាសធាតុ៕

website_news/2018271103.txt · Last modified: 2018/11/27 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki