website_news:2018271203

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បញ្ជាក់ពីប្រតិបត្តិការបញ្ឈប់ការរៀបការជនជាតិបរទេស ជាមួយខ្មែរ នៅខេត្តកំពង់ចាម និងបង្ក្រាបជនជាតិចិន លួចទូរស័ព្ទ៣០០គ្រឿង ក្នុងកាស៊ីណូនៅខេត្តឧត្ដរមានជ័យ

http://www.freshnewsasia.com/ 2018-12-26

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ហាញរបាយការណ៍ បញ្ជាក់ពីប្រតិបត្តិការបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍របស់ជនជាតិបរទេស ជាមួយជនជាតិខ្មែរ នៅខេត្តកំពង់ចាម និងប្រតិបត្តិការបង្ក្រាបជនជាតិចិន ដែលបន្លំលួចទូរស័ព្ទ៣០០គ្រឿង ក្នុងកាស៊ីណូនៅខេត្តឧត្តរមានជ័យ។

របាយការណ៍ដដែលបញ្ជាក់ថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានធ្វើកិច្ចសន្យាបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ខុសច្បាប់ (ពុំមានលិខិតអនុញ្ញាតិពីក្រសួងមហាផ្ទៃ)។

លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងខេត្តកំពង់ចាម ទទួលផែនអន្ដោប្រវេសន៍បានឲ្យដឹងថា ការបញ្ឈប់អាពាហ៍ពិពាហ៍នេះ រវាងឈ្មោះ VEN VATHANNAK ANTHONY ភេទប្រុស ជនជាតិអាមេរកាំង (ខ្មែរ-អាមេរិកាំង) និងឈ្មោះ ងួន សុខនី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។ ករណីនេះសមត្ថកិច្ច បានពន្យល់ណែនាំ អំពីនីតិវិធីនៃការរៀបអាពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ដល់សាម៊ីខ្លួនបានយល់។ ក្រោយពីបានពន្យល់ណែនាំចប់ សាម៉ីខ្លួន ក៏ដូចជាតំណាងអាណាព្យាបាល បានយល់ពីនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ ជាមួយជនបរទេស និងបានយល់ព្រមលុបចោលនូវរាល់ទម្រង់អាពាហ៍ពិពាហ៍ទាំងអស់។

ដោយឡែក សម្រាប់ប្រតិបត្តិការនៅខេត្តឧត្តរមានជ័យ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលអន្ដោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនជាតិចិនចំនួន០២នាក់ ទី១៖ឈ្មោះ សៀជី សៀង អាយុ២៤ឆ្នាំ និងទី២៖ឈ្មោះ លី ជាសៀង អាយុ២៧ឆ្នាំ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅចំណុចកាស៊ីណូអូរស្មាច់ ដោយជនជាតិចិនទាំង២នាក់ខាងលើ មកពីខេត្តព្រះសីហនុ ហើយបានបន្លំខ្លួនចូលក្នុងកាស៊ីណូ លួចទូរស័ព្ទដៃ អស់ប្រមាណ៣០០គ្រឿង។ ក្រោយពេលឃាត់ខ្លួន និងឆែកឆេរ បានរកឃើញទូរស័ព្ទដៃប្រមាណ១០០គ្រឿង ហើយជនសង្ស័យមិនមានលិខិតឆ្លងដែននៅនឹងខ្លួនទេ។ បច្ចុប្បន្នកំពុងឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំនីតិវិធីបន្តទៀត៕

website_news/2018271203.txt · Last modified: 2018/12/27 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki