website_news:2018271204

គ្រាន់តែជប៉ុនបើកទ្វារភ្លាម វៀតណាមសម្រុកបញ្ជូនពលករទៅទីនោះភ្លាម!

https://cambonomist.com/news/ 27-12-2018 ដោយ ខេមបូណូមីស

ឆ្នាំ២០១៨នេះ របាយការណ៍បង្ហាញថា ប្រទេសវៀតណាមបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ១សែន ៤ម៉ឺននាក់ ដោយក្នុងនោះជប៉ុនគឺជាប្រទេសគោលដៅនាំមុខគេលំដាប់ទីមួយ នៃការនាំចេញពលករវៀតណាម។ នៅឆ្នាំនេះ ពលករវៀតណាមជាង ៦ម៉ឺន ៧ពាន់នាក់ បានចេញទៅធ្វើការនៅក្នុងប្រទេសជប៉ុន។ នេះបើតាមតួលេខពីនាយកដ្ឋានគ្រប់គ្រងពលករក្រៅប្រទេស នៃក្រសួងការងាររបស់វៀតណាម ដែលចុះផ្សាយយោងដោយសារព័ត៌មាន VN Express។

កោះតៃវ៉ាន់ ឈរនៅលេខរៀងទីពីរ បន្ទាប់ពីជប៉ុន ពោលគឺមានពលករវៀតណាមចេញទៅធ្វើការនៅទីនោះ ៦ម៉ឺន ៥ពាន់នាក់។ កូរ៉េឈរនៅលេខទីបី ដោយមានចំនួនពលករវៀតណាម ៦០០០នាក់ ក្នុងឆ្នាំ២០១៨នេះ។ ទីផ្សារការងារសំខាន់ៗដទៃទៀត រួមមាន អារ៉ាប៊ី សាអូឌីត, រ៉ូមេនី, ម៉ាឡេស៊ី និង គូវ៉េត។

ការកើនឡើងនៃចំនួនពលករដែលបញ្ជូនទៅធ្វើការនៅក្រៅប្រទេស ធ្វើឲ្យវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេស១០ នៅលើពិភពលោក ដែលទទួលបានប្រាក់បញ្ញើពីក្រៅប្រទេសច្រើនជាងគេបំផុត កាលពីឆ្នាំទៅមិញ ដោយប្រាក់បញ្ញើពីក្រៅប្រទេសដែលវៀតណាមទទួលបាន គឺ ១៣,៨ពាន់លានដុល្លារអាមេរិក។ ការដែលវៀតណាមសម្រុកបញ្ជូនពលកររបស់ខ្លួនទៅប្រទេសជប៉ុន ត្រូវបានគេមើលឃើញថា បន្ទាប់ពីប្រទេសជប៉ុនដាក់ចេញនូវគោលនយោបាយបើកចំហទ្វារទទួលពលករពីក្រៅប្រទេស ដោយសារតែចំនួនប្រជាជនជប៉ុនកាន់តែថយចុះ និងមានមនុស្សចាស់ជរាច្រើនឡើងៗ។

យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) រៀងរាល់ឆ្នាំ ជនជាតិវៀតណាមប្រហែល ១សែននាក់ ចាកចេញពីប្រទេស ទៅរស់នៅក្នុងប្រទេសជឿនលឿនជុំវិញពិភពលោក។

នៅជប៉ុននិងកូរ៉េ ពលករវៀតណាមម្នាក់អាចរកបានចំណូលពី ១ពាន់ ទៅ ១ពាន់ ២រយដុល្លារអាមេរិក ក្នុងមួយខែ គឺ ៤ដងច្រើនជាងប្រាក់ខែជាមធ្យមនៅប្រទេសវៀតណាម ដែលស្មើនឹងប្រមាណ ២៩០ដុល្លារក្នុងមួយខែ៕

website_news/2018271204.txt · Last modified: 2018/12/27 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki