website_news:2018271207

អាជ្ញាធរកោះតៃវ៉ាន់ បើកប្រតិបត្តិការតាមរកភ្ញៀវទេសចរជាជនជាតិវៀតណាមចំនួន១៥២នាក់

http://www.freshnewsasia.com/ 2018-12-26

(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់នាថ្ងៃពុធនេះបានប្រកាសឲ្យដឹងពី ការរុករកជនជាតិវៀតណាមចំនួន១៥២នាក់ ដែលបានមកដល់ដែនដីកោះនេះដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ ខណៈសារព័ត៌មានក្នុងស្រុករបស់តៃវ៉ាន់បានរាយការណ៍ថា ពួកគេទាំងនោះអាចមកកាន់តៃវ៉ាន់ ដើម្បីធ្វើការងារដោយខុសច្បាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

អ្នកទេសចរវៀតណាមខាងលើ ទទួលបានទិដ្ឋាការនៅក្រោមកម្មវិធីផ្តួចផ្តើមមួយ ដែលត្រូវបានបង្កើតឡើងកាលពីបីឆ្នាំមុន ដើម្បីទាក់ទាញអ្នកចូលចិត្តធ្វើដំណើរកម្សាន្ត ពីតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ឲ្យមកកាន់កោះតៃវ៉ាន់។ តាមការបញ្ជាក់ពីទីភ្នាក់ងារអន្តោប្រវេសន៍តៃវ៉ាន់ ជនជាតិវៀតណាមសរុប១៥៣នាក់ បានមកដល់ក្រុងកៅស៊ុង (Kaohsiung) កាលពីអំឡុងចុងសប្តាហ៍មុន ប៉ុន្តែ១៥២នាក់ក្នុងចំណោមនោះបានបាត់ខ្លួន។

គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតៃវ៉ាន់ ក្រុមជនជាតិវៀតណាមទាំងនោះ ប្រហែលជាមកតៃវ៉ាន់ ដើម្បីធ្វើការដោយខុសច្បាប់ ហើយពួកគេប្រឈមនឹងការត្រូវបញ្ជូនទៅកាន់ប្រទេសកំណើតវិញ រួមជាមួយបម្រាមលែងឲ្យឈានជើងចូលតៃវ៉ាន់ទៀតសម្រាប់រយៈពេលពី០៣ទៅ០៥ឆ្នាំ។ កន្លងទៅក៏ធ្លាប់មានករណីបាត់ខ្លួនភ្ញៀវទេសចរ១៥០នាក់ នៅក្រោមកម្មវិធីខាងលើផងដែរ ប៉ុន្តែមិនច្បាស់ថាប៉ុន្មាននាក់ត្រូវបានរកឃើញនោះឡើយ៕

website_news/2018271207.txt · Last modified: 2018/12/27 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki