website_news:2018280201

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសផ្តល់ព័ត៌មានពីពលករបរទេស

http://cambodiapolice.com/ ម៉ោង 6:53 pm 27 កុម្ភះ 2018

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស សហការជាមួយអាជ្ញាធរផ្តល់ព័ត៌មានពីពលករបរទេស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចំណូលថវិកាជាតិ។

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានជនបរទេសធ្វើការនៅកម្ពុជា ដោយមិនស្របច្បាប់ទៀតនោះឡើយ ហើយបើនៅតែបន្តទៀត នឹងនាំឱ្យបាត់បង់ដល់ចំណូលថវិកាជាតិ និងបាត់បង់ឱកាសការងាររបស់ប្រជាពលរដ្ឋកម្ពុជា ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា ក្នុងចំណោមជនបរទេសអន្តោប្រវេសន៍ ដែលមកស្នាក់នៅ និងធ្វើការនៅកម្ពុជាជាង១៦ម៉ឺននាក់ គឺមានតែប្រមាណ៥ម៉ឺន៧ពាន់នាក់ប៉ុណ្ណោះ ដែលមានប័ណ្ណការងារស្របច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចក្រឡាហោម បានបន្តថា ក្នុង១ឆ្នាំៗ កម្ពុជាបាត់ចំណូលជាង២០លានដុល្លារ ពីការគេចវេសបង់ពន្ធរបស់ពលករបរទេស ដែលមកធ្វើការងារនៅក្នុងប្រទេសកម្ពុជា ។ សម្តេចបន្តទៀតថា ជនបរទេសអន្តោប្រវេសន៍ និងពលករបរទេស ដែលមកស្នាក់នៅ និងបម្រើការនៅក្នុងប្រទេសកម្ពុជា ត្រូវតែអនុវត្តទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់ បើពុំដូច្នោះទេ នឹងត្រូវពិន័យជាប្រាក់ទ្វេគុណ ឬបណ្តេញចេញពីប្រទេសកម្ពុជាតែម្តង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្កើនសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនានា ដែលជាបញ្ហាគន្លឹះសំខាន់ៗមួយចំនួន ដើម្បីឈានទៅគ្រប់គ្រងជនបរទេសខុសច្បាប់ក្នុងប្រទេសកម្ពុជា ក្នុងនោះបន្តត្រួតពិនិត្យ និងស្វែងរកអ្នកកាន់ឯកសាររដ្ឋបាលមិនប្រក្រតី ព្រមទាំងត្រួតពិនិត្យហត្ថពលករបរទេស ដើម្បីឱ្យអនុវត្តច្បាប់របស់កម្ពុជា ដោយបានទៅធ្វើប័ណ្ណការងារនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ចំពោះការងារគ្រប់គ្រងច្រកទ្វារ បច្ចុប្បន្នអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបង្កើន និងតម្លើងប្រព័ន្ធគ្រប់គ្រងព្រំដែន ដែលហៅថា Cambodia Border Management System និងបំពាក់នៅគ្រប់ច្រកទ្វារអន្តរជាតិទាំង ២៤ប៉ុស្តិ៍ ដែលប្រព័ន្ធនេះមានមុខងារដូចនឹងប្រព័ន្ធ PISCES ហើយប្រព័ន្ធនេះជាប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ដែលអាចរក្សាបានព័ត៌មានសម្ងាត់ រក្សាបាននូវសន្តិសុខ និងផលប្រយោជន៍ជាតិ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសអន្តោប្រវេសន៍សរុបចំនួន៤៦.៧៧៦គ្រួសារ ស្មើនឹងមនុស្សចំនួន១៧៦.៨១២នាក់ ក្នុងនោះស្រីមានចំនួន ៧៩.៧២៨នាក់ ក្នុងនោះជនបរទេសបែបអន្តោប្រវេសន៍កាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន២០.២១៨គ្រួសារ ស្មើនឹងមនុស្ស៧៣.៣៩៧នាក់ ស្រី៣៥.៨៨៨នាក់ មាន០៥សញ្ជាតិ លើ៧ប្រភេទឯកសាររួមមាន ៖ សៀវភៅស្នាក់នៅចំនួន១៨.៥៨០ក្បាល សៀវភៅគ្រួសារ ចំនួន២.១៧៧ក្បាល សំបុត្រកំណើត ចំនួន១១.៣៣៦ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន២៤១ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦.៧២២ប័ណ្ណ លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ចំនួន៦៣២ក្បាល និងប័ណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុចំនួន៤១ប័ណ្ណ ។

របាយការណ៍ដដែលបានបង្ហាញថា នៅឆ្នាំ២០១៧ ជនបរទេសប្រព្រឹត្តបទល្មើសក្នុងប្រទេសកម្ពុជា ចំនួន ៣៧៦លើក មានមនុស្ស ១៧៧១នាក់ មាន៣៧ សញ្ជាតិ ។ ក្នុងនោះ ក៏មានជនបរទេសរងគ្រោះ ចំនួន ២០៥នាក់ ដោយស្លាប់ ១១៩នាក់ និងរបួស ៨៦នាក់ មាន៣០សញ្ជាតិ ។ របាយការណ៍ ដែលបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៧ ក៏បានបង្ហាញថា ជនបរទេស ដែលបានប្រព្រឹត្តបទល្មើស កំពុងជាប់ឃុំក្នុងពន្ធនាគារ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ មានចំនួនសរុប ១១៣០នាក់ ( ស្ត្រី ២៦៥ នាក់ ) មានចំនួន៤៦សញ្ជាតិ ក្នុងនោះជាប្រភេទជនដែលត្រូវចោទ ចំនួន២០៤នាក់ (ស្រី ៤៣នាក់) ជនជាប់ចោទ មានចំនួន ១០៨នាក់ (ស្រី ៣០នាក់) ពិរុទ្ធជនមានចំនួន៣៩១នាក់(ស្រី១៣៤នាក់) និងទណ្ឌិតមានចំនួន ១៦២នាក់ (ស្រី ៥៨នាក់) ៕

website_news/2018280201.txt · Last modified: 2018/02/28 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki