website_news:2018280202

សម្ដេចក្រឡាហោម ស ខេង អំពាវនាវឲ្យនិយោជកទាំងអស់ កុំទទួលយកបុគ្គលិកជាជនជាតិបរទេស ដែលគ្មានប័ណ្ណការងារចូលធ្វើការ

http://www.freshnewsasia.com/ 2018-02-27

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអំពាវនាវនិយោជក (ថៅកែរោងចក្រ) ទាំងអស់ កុំទទួលយកបុគ្គលិកជាជនជាតិបរទេស ដែលគ្មានប័ណ្ណការងារឲ្យចូលបម្រើការ ហើយប្រសិនក្រសួងរកឃើញថា មានបុគ្គលជាជនជាតិបរទេសនោះ និយោជកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការទទួលបុគ្គលិកជនបរទេស ដែលគ្មានប័ណ្ណការងារឲ្យចូលធ្វើការនេះ នឹងធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូល ប្រមាណ២០លានដុល្លារក្នុងមួយឆ្នាំ, លំបាកក្នុងការគ្រប់គ្រងសន្ដិសុខ និងប៉ះពាល់ដល់ការងាររបស់ជនជាតិខ្មែរ។ សម្ដេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «តាមច្បាប់អ្នកដែលយកជនបរទេសឲ្យចូលធ្វើការត្រូវតែស្របតាមច្បាប់ បានន័យថា ត្រូវតែមានប័ណ្ណការងារ អត់ប័ណ្ណការងារធ្វើមិចកើត ហើយប្រសិនបើថ្ងៃក្រោយយើងរកឃើញថា កន្លែងណាបញ្ហានិយោជកទទួលខុសត្រូវតែម្ដង ផាកពិន័យតាមណុងតែម្ដង […] យើងអំពាវនាវទៅនិយោជកឲ្យគាត់សហការ ពេលទទួលបុគ្គលិក កម្មករបរទេស គឺត្រូវតែមានការជាប់ជាមួយ ហើយជាពិសេសប័ណ្ណការងារ»។

ដើម្បីអនុវត្តការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាព សម្ដេចក្រឡាហោម ស ខេង បានជំរុញឲ្យអង្គភាពពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងការងារ ចុះផ្សព្វផ្សាយ អប់រំណែនាំ ដល់និយោជកទាំងអស់អំពីបញ្ហានេះ ប៉ុន្ដែការចុះអប់រំណែនាំនេះ ត្រូវតែធ្វើឡើងស្របតាមលក្ខខណ្ឌច្បាប់ និងក្រមសីលធម៌។ សម្ដេចក្រឡហោម បានគូសបញ្ជាក់ថា ក្នុងករណីចាំបាច់ដែលនិយោជកមិនព្រមអនុវត្ត និងសង្ស័យថាកន្លែងណាមានកម្មករធ្វើការអត់ច្បាប់ ឬបង្កើនល្បែងស៊ីសង ត្រូវតែបញ្ជូនក្រុមប្រតិបត្តិការទៅតែម្ដងដើម្បីបង្ក្រាបបទល្មើសនេះ។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញថា ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានក្រសួងការងារ និងក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យសហគ្រាស គ្រឹះស្ថាននានាចំនួន ៣,៩៦៩គោលដៅ មានពលករបរទេស សរុបចំនួន៣២,៥១២នាក់ មាន៩៣សញ្ជាតិ ក្នុងនោះបានផាកពិន័យជនបរទេសប្រកបមុខរបរ និងបម្រើការងារគ្មានប័ណ្ណការងារ ចំនួន១,៣៨៩នាក់៕

website_news/2018280202.txt · Last modified: 2018/02/28 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki