website_news:2018280206

តុលាការខេត្តសៀមរាបចោទប្រកាន់បុរសជនជាតិអង់គ្លេសពីររូបពីបទប្រព្រឹត្តអំពើអាស

https://www.rfa.org/khmer/ ដោយ ហេង សកល 2018-02-27

តុលាការខេត្តសៀមរាបបានសម្រេចចោទប្រកាន់បុរសជនជាតិអង់គ្លេសពីររូប ម្នាក់អាយុ៦៣ និងម្នាក់ទៀតអាយុ៦៩ឆ្នាំ ពីបទប្រព្រឹត្តអំពើអាសលើកុមារាអាយុចន្លោះពី១៣ ទៅ១៥ឆ្នាំ។ សេចក្ដីថ្លែងការណ៍របស់អង្គការអែបផល (APLE) បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែកុម្ភៈ នេះថា សមត្ថកិច្ចបានចាប់ខ្លួនបុរសទាំងពីររូបនេះ ក្រោយពីសហគមន៍បានរាយការណ៍ថា មានករណីប្រព្រឹត្តអំពើអនាចារ ទៅកុមារាមួយចំនួននៅក្នុងភូមិមួយ ឋិតក្នុងខេត្តសៀមរាប។ ជនសង្ស័យម្នាក់បានសារភាពថា លោកពិតជាបានប្រព្រឹត្តអំពើអាស ព្រមទាំងបានឱ្យប្រាក់មួយចំនួនដល់កុមាររងគ្រោះទាំងនោះផងដែរ។ ជនសង្ស័យម្នាក់ទៀតធ្លាប់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពី២០ឆ្នាំមុនពីបទប្រព្រឹត្តអំពើពេស្យាចារទៅលើកុមារាអាយុក្រោម១៥ឆ្នាំ។ លោកបានផ្ដល់ប្រាក់ឱ្យកុមារចន្លោះពី២០០បាត ទៅ៣០០បាត ស្មើនឹងប្រមាណ ៦ដុល្លារ ទៅ១០ដុល្លារអាមេរិកសម្រាប់ការរួមភេទម្តងៗ។

អង្គការអែបផល (APLE) និងអង្គការសង្គមស៊ីវិលផ្សេងទៀត កំពុងយកចិត្តទុកដាក់ថែរក្សាកុមាររងគ្រោះទាំងនោះ ដើម្បីស្តានីតិសម្បទាឡើងវិញ។ បច្ចុប្បន្នជនសង្ស័យទាំងពីររូបកំពុងឃុំខ្លួនក្នុងពន្ធនាគារខេត្តសៀមរាប និងរង់ចាំការកាត់ទោសនៅពេលខាងមុខនេះ ក្រោយតុលាការបានចោទប្រកាន់កាលពីថ្ងៃទី២៧ ខែកុម្ភៈ៕

website_news/2018280206.txt · Last modified: 2018/02/28 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki