website_news:2018280301

បញ្ជូនមេខ្យល់នាំពលករ ៩៦នាក់ ឲ្យទៅធ្វើការទូកនេសាទនៅប្រទេសថៃ និងជាស្រ្តីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញ

http://cambodiapolice.com/ 11:29 am 28 មីនា 2018

ភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនស្រ្តីមេខ្យល់នាំពលករទៅធ្វើការទូកនេសាទនៅប្រទេសថៃ និងជាស្រ្តីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ វ៉ាន់ ធារី ភេទស្រី អាយុ ៤៥ឆ្នាំ អាស័យ ដ្ឋានមិនពិតប្រាកដ ដែលបានធ្វើសកម្មភាពឃោសនា ជ្រើសរើស បោកបញ្ឆោត ដល់ប្រជាពលរដ្ឋតាំងពីអំឡុងឆ្នាំ២០១៤ ដល់ ២០១៧ ឲ្យទៅធ្វើជាពលករទូកនេសាទនៅប្រទេសថៃ និងជាស្រ្តីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី នឹងទទួលបានប្រាក់ឈ្នួលចាប់ពី ៤០០ដុល្លារទៅ៥០០ដុល្លារអាមេរិក ក្នុងមួយខែ ចំណែកសោហ៊ុយគ្រប់បែបយ៉ាង មេខ្យលរូបនេះជាអ្នកចំណាយទាំងអស់ ។

សមត្ថកិច្ចបញ្ជាក់ថា “មេខ្យល់ វ៉ាន់ ធារី បានអូសទាញប្រជាពលរដ្ឋពីខេត្តកំពង់ចាម ក្រចេះ កំពង់ធំ ស្ទឹងត្រែង និងខេត្តតាកែវ បានចំនួន ៩៦នាក់ ហើយមេខ្យល់រូបនេះបានរៀបចំបែបបទធ្វើលិខិតឆ្លងដែន ហើយបានក្លែងអត្តសញ្ញាណជនរងគ្រោះមួយចំនួន និងមួយចំនួនទៀតគ្មានលិខិតឆ្លងដែន អ្នកទាំងអស់នោះត្រូវបានយកទៅប្រគល់ឲ្យ មេខ្យល់ផ្សេងទៀតចំនួន ៧នាក់ ហើយទទួលបានប្រាក់កំរ៉ៃក្នុងម្នាក់ៗពី ១០០ទៅ២០០ដុល្លារអាមេរិក ពីមេខ្យល់ទាំង ៧នាក់នេះ ជនរងគ្រោះទាំង៩៦នាក់ ត្រូវបានគេនាំចេញទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី” ។ សមត្ថកិច្ច បន្តថា នៅប្រទេសគោលដៅ ជនរងគ្រោះត្រូវបានគេដកហូតលិខិតឆ្លងដែន និងបិទសិទ្ធសេរីភាព បង្ខំឲ្យធ្វើការលើទូកនេសាទ ជាស្រ្តីជំនួយការមេផ្ទះ ហើយត្រូវបានថៅកែ និងម្ចាស់ផ្ទះជេរប្រមាថគំរាមកំហែងបង្ខំឲ្យធ្វើការស្ទើរគ្មានម៉ោងឈប់សម្រាក មិនទទួលបានប្រាក់ឈ្នួលគ្រប់ចំនួន និងត្រូវបានសមត្ថកិច្ចប្រទេសម៉ាឡេស៊ី ប្រទេសថៃ សហការជាមួយស្ថានទូត កម្ពុជាប្រចាំនៅប្រទេសថៃ និងប្រទេសម៉ាឡស៊ី ជួយសង្រ្គោះ និងបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់កាលពីថ្ងៃទី១២,១៤ ខែមីនា ឆ្នាំ២០១៧, ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧, ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ និងថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៧ សរុបបានចំនួន ២៧នាក់

website_news/2018280301.txt · Last modified: 2018/03/28 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki