website_news:2018280302

ពលការិនីខ្មែរអ៊ិស្លាមម្នាក់ទៀតហើយ ដែលចាញ់បោកក្រុមហ៊ុនខុសច្បាប់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរដ្ឋាភិបាលកម្ពុជាជួយមកមាតុភូមិវិញ

http://nokorwatnews.com/ ២៨/០៣/២០១៨

ភ្នំពេញ ៖ ពលការិនីខ្មែរអ៊ិស្លាមម្នាក់ ដែលចាញ់បោកគេទៅធ្វើការងារតាមផ្ទះ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឈ្មោះ ម៉ាន គីរ៉ស់ អាយុ២៨ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមរយៈអ្នកជិតខាងឃុបឃិតជាមួយក្រុមហ៊ុន វៀតណាមអនាមិកត្រូវបាន រដ្ឋាភិបាលកម្ពុជាជួយឲ្យបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព កាលពី យប់ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។

តាមការរៀបរាប់ពីពលការិនីរងគ្រោះ ឈ្មោះ ម៉ាន គីរ៉ស់ ឲ្យដឹងថា រូបនាងបានជឿតាមការលួងលោមពី មេខ្យល់ប្ដីប្រពន្ធមួយគូ ដែលត្រូវជាបងប្អូនផងនោះឲ្យទៅ ធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាម រយៈក្រុមហ៊ុននៅវៀតណាមមួយដែលមិន ចាំឈ្មោះ ។នាងបន្តថា ធ្វើការបាន១ឆ្នាំជាងម្ចាស់ផ្ទះចាប់ផ្ដើមរករឿងនាងមិនផ្ដល់ប្រាក់ខែនោះទេ ។ នាងក៏សួរជាច្រើនលើក ច្រើនសា ហើយមើលទៅលើស្ថានភាពមិនស្រួល នាងក៏សុំមកក្រុមហ៊ុនវិញ ប៉ុន្តែបែរជាម្ចាស់ផ្ទះហែកចោលលិខិតឆ្លងដែន និងដកឯកសារផ្សេងៗរបស់នាងទៀត ។ ក្រុមហ៊ុនអនាមិកខាងលើដែលមិន មានប្រភពច្បាស់លាស់នៅប្រទេសវៀតណាមបានបោកប្រាស់នាងបន្តទៀត គឺបាននាំទៅធ្វើការនៅផ្ទះផ្សេងទៀត ដោយទៅធ្វើការងារតាមផ្ទះ ពីព្រឹករួចហើយវិល ល្ងាចរយៈពេល៤ខែ ដោយមិនមានកម្រៃអ្វីសោះ នាងក៏សម្រេចស្វែងរកជំនួយតាមរយៈស្ថានទូតថៃ និងស្ថានទូតវៀតណាម ប៉ុន្តែគេមិនអើពើ នាងក៏សម្រេចចិត្ដទៅស្ថានទូតគុយវ៉ែត ជាសំណាងល្អ ស្ថានទូតគុយវ៉ែត ក៏បានយកដំណឹងនេះទៅកាន់ឯកអគ្គរាជទូតខ្មែរនៅប្រទេសអេហ្ស៊ីបដែលមានលោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូត ។ ពេលទទួលបានដំណឹងនេះភ្លាមលោក អគ្គរាជទូតខ្មែរយើង ក៏បានទាក់ទងមក សិស្សនិស្សិតខ្មែរអ៊ិស្លាមយើង ដែលកំពុងរៀននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយស្រាវ ជ្រាវរកពលការិនីនេះឲ្យមកជួប ហើយ បំពេញឯកសារខ្លះដើម្បីទាក់ទងមកក្រសួងការងារ ដើម្បីបញ្ជូនស្ត្រីរងគ្រោះមកដល់ កម្ពុជាវិញ ។ ជាជោគជ័យមួយដែលស្ត្រី រងគ្រោះបានមកដល់កម្ពុជាវិញ នៅវេលា ជិតម៉ោង១០យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយសុវត្ថិភាពបំផុត ហើយនាងត្រូវបានក្រុមការងារ លោកឧកញ៉ា អូស្មាន ហាស្សាន់ នាំទៅសម្រាក និងរៀបចំ បញ្ជូនទៅស្រុកកំណើតវិញនាពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះរូបនេះបាន ចាញ់បោកមេខ្យល់ តាមរយៈប្ដីប្រពន្ធ មួយគូលួងលោមឲ្យទៅធ្វើការងារតាមផ្ទះ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រាក់ខែច្រើនយកមកផ្គត់ផ្គង់ជីវភាពធូរធារ ។ ដូច្នេះនេះជាការទៅធ្វើការដោយប្រថុយប្រថានខុសច្បាប់ ។ បើទោះបីជាយ៉ាងនេះក្ដី ស្រ្តីរងគ្រោះមិនបានបង្ហាញអារម្មណ៍ចង់ប្ដឹងផ្ដល់អ្នកណានោះទេ ហើយក៏ថ្លែងអំណរគុណដល់ លោកឧកញ៉ា អូស្មាន ហាស្សាន់ និង សហការីទាំងអស់ ដែលបានខ្នះខ្នែងជួយ នាងឲ្យបានមកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព ។ នាងក៏ផ្ដាំផ្ញើដល់ពលការិនី និងពល រដ្ឋទាំងអស់ បើចង់ធ្វើការនៅ ក្រៅប្រទេស សូមទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ និងមានលក្ខណៈការងារល្អ ត្រឹមត្រូវ ខ្លាចជួបវាសនាមិនល្អដូចជានាង ។ នេះជាលើកទី៣ហើយ ដែលលោកឧកញ៉ា អូស្មាន ហាស្សាន់ បានជួយសង្គ្រោះនារីរងគ្រោះទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព ៕ សំរិត

website_news/2018280302.txt · Last modified: 2018/03/28 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki