website_news:2018280502

សាលាដំបូងខេត្តកំពង់ចាម ឃុំខ្លួនស្ត្រីម្នាក់ ជួញដូរមនុស្សឆ្លងដែនទៅប្រទេសចិន

http://www.cen.com.kh/archives/ May 28, 2018

កំពង់ចាម ៖ ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សឆ្លងដែនទៅប្រទេសចិន ត្រូវបានលោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន យោងទៅតាមមាត្រា១១នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលបានប្រព្រឹត្តក្នុងការនាំល្បូងលួងលោមក្មេងស្រីម្នាក់ យកទៅប្រទេសចិន នៅភូមិក្រដាស់(ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។

សូមរំលឹកផងដែរថាៈ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ ប្តឹងឈ្មោះ ឈៀង លី ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិក្រដាស់(ក) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបាននាំជនរងគ្រោះឆ្លងដែនដោយខុសច្បាប់ យកចេញទៅប្រទេសចិនដើម្បីលក់ឱ្យបុរសជនជាតិចិនធ្វើជាប្រពន្ធ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចចិន ជួយសង្គ្រោះ និង បញ្ជូនមកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងរបស់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តកំពង់ចាមបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និង ចងក្រងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមច្បាប់។ លុះដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កម្លាំងរបស់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចុះបង្ក្រាបតាមដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈៀង លី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមច្បាប់។

យោងតាមដីកាបង្គាប់របស់លោកស្រី លី ម៉ារីណា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ប្រធានពន្ធនាគារខេត្តកំពង់ចាម បានទទួលយកជនជាប់ចោទពីសមត្ថកិច្ច ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ៕ ដោយ៖បញ្ញាស័ក្តិ

website_news/2018280502.txt · Last modified: 2018/05/28 16:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki