website_news:2018280503

ស្ថានតំណាងកម្ពុជាបានជួយពលរដ្ឋខ្មែរ២៨នាក់ធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស

https://wmc.org.kh/ ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨ ជុំ ជោគជាតា

ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិបានឱ្យដឹងថា ស្ថានតំណាងកម្ពុជានៅប្រទេសចំនួន ៤ បានជួយសង្រ្គោះពលរដ្ឋខ្មែរចំនួន ២៨នាក់ ត្រឡប់មកកម្ពុជាវិញ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានសហការជាមួយអាជ្ញាធរថៃ រៀបចំមាតុភូមិនិវត្តន៍របស់អនីតិជនខ្មែរចំនួន ៦នាក់ មានអាយុចន្លោះពី១០ឆ្នាំ ដល់ ១៦ឆ្នាំ ដែលទទួលរងគ្រោះដោយការជួញដូរមនុស្ស ត្រឡប់មកកម្ពុជាវិញតាមច្រកអន្ដរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

ដោយឡែក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របសពលរដ្ឋខ្មែរចំនួន ១២នាក់ មកពីខេត្តកំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និងព្រះវិហារ ដែលក្នុងនោះពលករមានចំនួន ៥នាក់ និងពលការិនី ៦នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និង ១នាក ជាកុមារ។ ពលរដ្ឋទាំង ១២នាក់នោះ បានមកដល់កម្ពុជាវិញជាបន្ដបន្ទាប់ចន្លោះពីថ្ងៃទី០៥ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨ ។

ស្របជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបូរី បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ ១នាក អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ធំ ដែលបានទៅបម្រើការងារជាជំនួយការមេផ្ទះនៅ ប្រទេសសឹង្ហបូរី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តែមិនអាចទ្រាំការងារលំបាកនៅទីនោះបាន។ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅអាហារបរិភោគ និងជួយទាមទារលិខិតឆ្លងដែន រួមទាំងសំបុត្រយន្ដហោះពីភ្នាក់ងារនាំពលករ ហើយពលការិនីរូបនេះបានមកដល់កម្ពុជាវិញ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៨។

ចំណែកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់ស្វយ័តជនជាតិក្វាំងស៊ី ទីក្រុងណាននីង ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិន រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៩នាក់ ក្នុងនោះស្រ្ដី ៨នាក់ មកពីខេត្តកណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ និងព្រៃវែង ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរពីកម្ពុជាទៅរៀបការនិងស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសចិន។ក្រៅពីនេះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់ស្វយ័តជនជាតិក្វាំងស៊ីក៏បានជួយសង្រ្គោះបុរស១នាក់ មកពីខេត្តកំពង់ស្ពឺដែលចូលទៅធ្វើការក្នុងប្រទេសចិនដោយខុសច្បាប់ផងដែរ។ ពលរដ្ឋខ្មែរចំនួន ៩នាក់ខាងលើ បានត្រឡប់មកកម្ពុជាវិញនៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨៕

website_news/2018280503.txt · Last modified: 2018/05/29 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki