website_news:2018280901

ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រាប់ឲ្យនគរបាលប្រឆាំងការជួញដូរយកចំណេះ ជំនាញ និងបទពិសោធន៍ ពីវគ្គបណ្តុះបណ្តាលទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធ និងត្រូវចេះធ្វើការជាក្រុម

http://cambodiapolice.com/policekh/ 12:15 pm 28 កញ្ញា 2018

ភ្នំពេញ ៖ ប្រធាននាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានប្រាប់ឲ្យនគរបាលប្រឆាំងការជួញដូរយកចំណេះ ជំនាញ និងបទពិសោធន៍ ពីវគ្គបណ្តុះបណ្តាល ទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធ ជាពិសេសត្រូវចេះសហការគ្នាជាក្រុម ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនៅពេលនេះពិតជាបានផ្តល់នូវចំណេះដឹង បទពិសោធន៍ថ្មីៗតាមរយៈ នៃការហ្វឹកហាត់ផ្ទាល់សំដៅរកភាពរីកចម្រើន និងសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ពិសេសការបង្ក្រាបបទល្មើសចាប់ជនសង្ស័យបញ្ជូនទៅតុលាការ និងជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បន្តថា មន្ត្រីនគរបាលជំនាញដែលបាននឹងកំពុងបំពេញភារកិច្ចរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋចាំបាច់ត្រូវតែមានការស្វែងយល់បន្ថែមនូវវិធីសាស្ត្រការពារខ្លួនពេលប្រតិបត្តិការបង្ក្រាបបទល្មើស និងការប្រើប្រាស់អាវុធ ជាក់ស្តែងពេលចាប់ជនសង្ស័យ និងសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលាប្រកបដោយសុវត្ថិភាព និងចេះសហការគ្នាជាក្រុម ។ ឯកឧត្តមប្រធាននាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តទៀតថា ឆ្លងតាមកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា ជាមួយអង្គការមេត្រីកម្ពុជា (AIMSWAT) កន្លងមកយើងពិនិត្យឃើញថា បទល្មើសជួញដូរមនុស្ស ពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទលើអនីតិជនមានការប្រែប្រួលពីលក្ខណៈចំហមកជ្រកក្រោមរូបភាព ហាងម៉ាស្សា កោសជប់ ហាងកាត់សក់ និងខារ៉ាអូខេ ។ល។ ចំពោះជនរងគ្រោះជាអនីតិជន ដែលជ្រកក្រោមរូបភាពទាំងនេះ ត្រូវបាននាយកដ្ឋានសហការជាមួយអង្គការមេត្រីកម្ពុជា (AIMSWAT) ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបានជាបន្តបន្ទាប់ ជាពិសេសយើងសង្កេតឃើញថា ក្នុងរយៈពេល៣ទៅ៤ឆ្នាំចុងក្រោយនេះ យើងទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ថ្វីត្បិតតែយើងមិនទាន់បានចំណាត់ថ្នាក់លេខ១ ក៏ប៉ុន្តែអ្វីដែលយើងទទួលបានចំណាត់ថ្នាក់នេះ គឺបង្ហាញអំពីការប្រឹងប្រែងឆន្ទៈរបស់យើង ក៏ដូចជាកិច្ចសហប្រតិតបត្តិការជាមួយមិត្តភកិ្តអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល បើសិនជាគ្មានការប្រឹងប្រែងរបស់យើងទាំងអស់គ្នាទេ ក៏មិនមានចំណាត់ថ្នាក់ទី២នេះដែរ នេះអ្វីដែលយើងបានមើលឃើញទាំងអស់គ្នា ។

ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាននាយដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អេរិច មេលឌ្រីម នាយកផ្នែកស៊ើបអង្កេតនៃអង្គការមេត្រីអន្តរជាតិ (AIMSWAT) , លោក រ៉ូប៊ឺត ស្តេតុន នាយកបណ្តុះបណ្តាលប៉ូលីសអន្តរជាតិ ប្រតិបត្តិការយុទ្ធវិធីនិងប្រឆាំងភេរវកម្ម ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលជាតិកម្ពុជា តាមរយៈមេត្រីកម្ពុជា (AIMSWAT) ៕

website_news/2018280901.txt · Last modified: 2018/09/28 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki