website_news:2018280902

ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិនៅកម្ពុជាអរគុណក្រសួងមហាផ្ទៃ ដែលបានបង្រ្កាបជនជាតិចិន ប្រព្រឹត្តិបទល្មើសបានទាន់ពេលវេលា

http://cambodiapolice.com/policekh/ 1:12 pm 28 កញ្ញា 2018

ភ្នំពេញ ៖ ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលចប់អាណត្តិនៅកម្ពុជា បានថ្លែងអំណរអគុណចំពោះសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានបង្រ្កាបរាល់ជនជាតិចិនដែលបានប្រព្រឹត្តិបទល្មើសបានទាន់ពេលវេលា ក្រោយពីជនជាតិចិនទាំងនោះ បានបង្កភាពអនាធិបតេយ្យ និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាកត្តាធ្វើឲ្យមានការព្រួយបារម្ភដល់ពលរដ្ឋខ្មែរនោះ ។ ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបពិភាក្សា និងជម្រាបលា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តម ស្យុង ប៉ បានលើកឡើងថា អាជ្ញាធរកម្ពុជាបានជួយលើការងារសន្តិសុខដូចជាការបង្រ្កាបបទល្មើសផ្សេងៗរួមមានបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើបេស្យាចារ្យផ្សេងៗនៅក្នុងទឹកដី ប្រទេសកម្ពុជា ហើយរាល់ទង្វើរបស់ជនជាតិចិនទាំងនោះបានធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ពលរដ្ឋកម្ពុជាទាំងមូល ។ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តថា “មានជនល្មើសជាជនជាតិចិនមួយចំនួនបានឆ្លៀតឱកាសធ្វើសកម្មភាពបទល្មើសផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងទឹកចិត្តរបស់ពលរដ្ឋខ្មែរ ។ តែយ៉ាងណាក្តីឯកឧត្តមបានអរគុណចំពោះក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ជួយបង្រ្កាបនូវជនល្មើសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ”។ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា កម្ពុជាគឺជាមិត្តដ៏ល្អជាមួយចិនលើគ្រប់វិស័យ ហើយការធានានូវសន្តិសុខរឹងមាំនេះ គឺជាកិច្ចការមានសារៈសំខាន់បំផុតដែលភាគីទាំងពីរត្រូវបន្តមិនអាចអត់បាននោះឡើយ ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក៏បានសម្តែងការគាំទ្រដល់ការលើកឡើងរបស់ ឯកឧត្តម ស្យុង ប៉ ទាក់ទងនឹងការប្រព្រឹត្តរបស់ជនជាតិចិនមួយចំនួនតួច និងសន្យាថានឹងខិតខំសហការគ្នាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបង្រ្កាបជនល្មើសទាំងនោះ ។ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរអគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន ដែលជំនួយទាំងនោះ គឺផ្នែកបានជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលនេះ ៕

website_news/2018280902.txt · Last modified: 2018/09/28 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki